ដើម្បីសម្រេចគោលនយោបាយចាកចេញពីអឺរ៉ុប Brexit រដ្ឋាភិបាលរបស់អង់គ្លេសដឹកនាំដោយលោក Boris Johnson ចាំបាច់ត្រូវតែបំបាត់សំឡេងក្រុមប្រឆាំង ទើបការចាកចេញដោយជោគជ័យ ។ ចំណុចទាំងនោះហើយទើប លោកស្នើឲ្យ ផ្អាកដំណើរការសភា ដើម្បីសម្រេចផែនការខាងលើ ។
នាយករដ្ឋមន្ត្រី Johnson បានផ្ញើលិខិតទៅកាន់ព្រះមហាក្សត្រី ដើម្បីស្នើអនុញ្ញាត្តិ លើគោលនយោបាយខាងលើ ។ ព្រះម្ចាស់ក្សត្រិយានីអង់គ្លេស Elizabeth II បានសម្រេចព្រះទ័យផ្អាកដំណើរការសភា តបតាមសំណើរបស់នាយករដ្ឋមន្ត្រីថ្មី គឺលោក Boris Johnson ដែលគ្រោងដំណើរការ នៅខែកញ្ញា ឆ្នាំ២០១៩ ក្នុងន័យរារាំងការជាប់គាំងលើដំណើរការ នាំអង់គ្លេសចេញពីសហភាពអឺរ៉ុប (Brexit) ។
សារព័ត៌មាន ABC.net.au បានផ្សាយ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នេះថា ក្រុមបាតុកររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នា នៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីថ្កោលទោស ចំពោះនាយករដ្ឋមន្ត្រី Boris Johnson ដែលបានផ្អាកដំណើរការរបស់សភា រយៈពេលជាច្រើនសប្តាហ៍ មុនពេលគម្រោងរបស់អង់គ្លេស ចាកចេញពីអឺរ៉ុប ខិតជិតមកដល់ ។
ក្រុមអ្នករិះគន់ បានលើកឡើងថា សកម្មភាពរបស់លោក Boris Johnson ជាផ្នែកមួយការពារមិនឲ្យសមាជិករបស់សភាសម្តែងមតិយោបល់ទៅលើគម្រោងចាកចេញរបស់អង់គ្លេសពីអឺរ៉ុប ដោយមិនចាំបាច់មានកិច្ចព្រមព្រៀង(no-deal) ដ៏ចម្រូងចម្រាសនោះ ។
នាយករដ្ឋមន្ត្រីអង់គ្លេស បានច្រានចោលការចោទប្រកាន់ថា សកម្មភាពនេះ ជាការរារាំងរបស់លោក ចំពោះសមាជិកសភា កុំឲ្យមានការវែកញែក ពិភាក្សាក្នុងគម្រោងចាកចេញពីអឺរ៉ុបរបស់អង់គ្លេស ដោយមិនបាច់មានកិច្ចព្រមព្រៀងជាមុនសិននោះ ។ លោក Johnson ថ្លែងថា «ទេ, នោះមិនមែន ជាការពិតនោះទេ» ។
លោក Johnson ថ្លែងទៀតថា សមាជិកសភា មានពេលវេលាគ្រប់គ្រាន់ ដើម្បីពិភាក្សាអំពីបញ្ហាចាកចេញពីអឺរ៉ុប ដែលបច្ចុប្បន្ននេះ គ្រោងធ្វើឡើងវិញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ។ ក្រុមបាតុករបានប្រមូលផ្តុំគ្នាតវ៉ា នៅក្នុងទីក្រុងឡុងដ៏ និងនៅ Westminster ដោយស្រែកថា «បញ្ឈប់ការធ្វើរដ្ឋប្រហារ» ។
លោក Jeremy Corbyn មេដឹកនាំប្រឆាំង នៅអង់គ្លេស បានថ្លែងថា លោកមានការហួសចិត្ត ចំពោះរដ្ឋាភិបាលរបស់លោក Johnson ដែលមិនចេះពិចារណា ខណៈខ្លួននិយាយអំពីអធិបតេយ្យភាព ។ ប៉ុន្តែបែរខ្លួនឯងជាអ្នកព្យួរសភា ដើម្បីបញ្ចៀសការត្រួតពិនិត្យ ដេញដោលរបស់សមាជិកសភានូវគម្រោងការរបស់ខ្លួន ចាកចេញពីអឺរ៉ុប ដោយមិនមានកិច្ចព្រមព្រៀង ។ នេះជាការនាំឲ្យខឹងសម្បា និងគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យរបស់យើង ៕