ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ជិះម៉ូតូលឿនពេក ជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយបណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់ បានជិះម៉ូតូម៉ាកហុងដាឌ្រីម​២០១៧យ៉ាងលឿន ជ្រុលទៅបុកនឹងរថយន្តកុងតឺន័រពីក្រោយ បណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមនៅនឹងកន្លែងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង កែងផ្លូវដួងងៀប ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានិភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ សេង មិថុនា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ(ជាងប្លាទិន)នៅម្ដុំផ្សារអូរឫស្សី មានស្រុកកំណើតនៅភូមិតាប៉ាវ ឃុំតំបែ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា ដំបូងគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីម ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1E-6887 ធ្វើដំណើរតែម្នាក់ឯង តាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុមិនបន្ថយល្បឿននិងមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយ បណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯម៉ូតូអូសជាង១០ម៉ែត្ររងរការខូចខាត ។ ដោយឡែករថយន្តកុងតឺន័របានបើកគេចខ្លួនបាត់ស្រមោលសង្ស័យមិនដឹងថា មានម៉ូតូបុកពីក្រោយនោះ​ឡើយ​ ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានក៏ដូចជាសមត្ថកិច្ចជំនាញចរាចរណ៍បានចុះដល់កន្លែងកើតហេតុ រួចវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ៣ និងធ្វើកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ ភារ៉ា ដង្កោ


ចែករំលែក៖