ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ត្រូវចាប់ខ្លួន និងថ្នាំញៀន១០កញ្ចប់ ត្រូវដកហូត

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀន២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវសមត្ថកិច្ចចាប់ និងថ្នាំញៀនចំនួន១០កញ្ចប់ ត្រូវបានដកហូត ។ ករណីនេះ ធ្វើឡើងនៅវេលាម៉ោង១៤និង២០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រៃបឹងឃុំ បែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានឈ្មោះ ឃន វាសនាហៅស្នា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ មានទីលំនៅភូមិគម្ពោតស្បូវ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងម្នាក់ទៀត ឈ្មោះ វន ថេន ហៅរ៉ាន់ ភេទប្រុសអាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិបែកចានឃុំ បែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល ។ ចំណែកជនសង្ស័យដែលរត់គេចខ្លួនមាន២នាក់ ទី១/ឈ្មោ ឃុត សារុណ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី២/ឈ្មោះ សេង ម៉ុនថៃ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃបឹង ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ដោយឡែកវត្ថុតាងដកហូតបានមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យថា សារធាតុញៀនចំនួន១០កញ្ចប់ ក្នុងនោះ ធំ០៧កញ្ចប់មធ្យម១និងតូច ២កញ្ចប់ ,ម៉ូតូ១គ្រឿង ,កូនកន្ត្រៃ២ , ទូរសព្ទ័ដៃ២គ្រឿង និងឧបករណ៍វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀតផងដែរ ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចានទទួលបានព័ត៌មានថា មានជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន នៅចំណុចភូមិឃុំកើតហេតុ ភ្លាមនោះកម្លាំងប៉ុស្តិ៍រដ្ឋបាលបែកចាន បានសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក ចុះទៅដល់កន្លែងកើតហេតុ ដោយឃើញមុខសញ្ញា២នាក់កំពុងអង្គុយជុំគ្នានៅតូបធ្វើម៉ូតូរបស់ជនសង្សយ័ឈ្មោះឃន វាសនា ពេលឃើញកម្លាំងសមត្ថកិច្ចឃើញ ជនសង្សយ័ទាំង២នាក់ បានរត់ចេញពីតូបធ្វើម៉ូតូ តែត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានទាំង២នាក់មកវិញ រួចសួរនាំជនសង្សយ័ឈ្មោះ ឃន វាសនា ខណៈនោះជនសង្ស័យសារភាពថា មុននេះបន្តិច ខ្លួនបានទៅទិញថ្នាំញៀនពីឈ្មោះ ឃុត សារុណ ភេទប្រុសនៅភូមិព្រៃបឹងឃុំបែកចាន ប៉ុន្តែថ្នាំញៀនដែលទិញបាននោះខ្លួនបាន ឲ្យទៅម្នាក់ទៀតបាត់ហើយ មិនស្គាល់ឈ្មោះ ទេ ។ ក្នុងពេលជាមួយគ្នានោះដែរ សមត្ថកិច្ច ក៏បន្តទៅធ្វើការឆែកឆេរផ្ទះជនសង្ស័យឈ្មោះ ឃុត សារុណ ស្រាប់តែរកឃើញថ្នាំញៀនចំនួន១០កញ្ចប់ នៅលើកន្ទេលក្នុងរោងបាយ រួមទាំងមានវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។ បន្ទាប់ពីធ្វើការពិនិត្យឆែកឆេររួច សមត្ថកិច្ច បាននាំខ្លួនជនសង្ស័ទាំង២នាក់រួមទាំងវត្ថុតាងយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

ដោយឡែកជនសង្ស័យ២នាក់ ដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងកសាងឯកសារ ស្រាវជ្រាវ ដើម្បីចាត់ការបន្តទៀត ៕ ស្អាងជ័យ


ចែករំលែក៖