ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីចិន ប្រកាសមិនទទួលស្គាល់សាលក្រមតុលាការយុត្តិធម៌អន្តរជាតិ ស្តីពីសមុទ្រចិនខាងត្បូងឡើយ

ចែករំលែក៖

នៅក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសចិន របស់ប្រធានាធិបតីហ្វីលីពីន​ ក៏បានលើក​ពី​បញ្ហាសាលក្រមតុលាការយុត្តិធម៌ ទីក្រុងឡាអេ ប៉ុន្តែ ប្រធានាធិបតីចិនច្រាន​ចោលតែម្តង​ ។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង នោះ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានជួបពិភាក្សា​ជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ហើយលោក បាន​លើក​ពី​សាល​ក្រម​តុលាការយុត្តិធម៌អន្តរជាតិ ស្តីពីដែនសមុទ្រចិនខាងត្បូង តែត្រូវប្រធានាធិបតីចិន ស៊ី ជីនពីង ច្រានចោលភ្លាមៗ ។

សារព័ត៌មាន​ ABS-CBN ​បានដកស្រង់សម្តីរបស់លោក​ Salvador Panelo អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន ដោយបានបញ្ជាក់ថា «ប្រធានាធិបតី Rodrigo Duterte បានលើកយក​បញ្ហា​វិវាទ​សមុទ្រ​​ចិន​ខាង​ត្បូង ក៏ដូចជា ការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ស្តីពីវិវាទដែនសមុទ្រ ។ ប៉ុន្ដែភ្លាមៗនោះ ប្រធានាធិបតីចិន ស៊ី ជីនពីង បានច្រានចោល​ ដោយប្រកាសថា​ចិន មិន​ទទួល​ស្គាល់​សាលក្រមរបស់តុលាការយុត្តិធម៌នោះឡើយ​ ហើយសាលក្រមនោះក៏មិនអាចផ្លាស់ប្តូរ​គោលជំហររបស់ចិនបានដែរ​» ។

កាលពីឆ្នាំ​២០១៦ ​តុលាការយុត្តិធម៌អន្តរជាតិ បានកាត់ក្តីឲ្យហ្វីលីពីន ជាអ្នកឈ្នះនៅក្នុងវិវាទដែនសមុទ្រ ប៉ុន្តែចិនប្រកាសមិនទទួលស្គាល់នោះឡើយ ។ ប៉ុន្តែមេដឹកនាំទាំងពីរ បានព្រមព្រៀងគ្នាថា បើទោះជានៅមានវិវាទជាច្រើន តែមិនអនុញ្ញាតឲ្យវិវាទទាំងនោះ ធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាព ចិន និង ហ្វីលីពីន នោះឡើយ​ ។

ប្រធានាធិបតីហ្វីលីពីន លោក​ Rodrigo Duterte បានទៅបំពេញទស្សនកិច្ច អស់រយៈពេល​៥ថ្ងៃទៅកាន់ប្រទេសចិន​ ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗ ក្នុងទំនាក់ទំនង នៃប្រទេសទាំងពីរ​ ។ ជាមួយ​គ្នានេះដែរ មេដឹកនាំទាំងពីរ ក៏បានលើកឡើង អំពីគម្រោងសហការគ្នា ស្រាវជ្រាវ និងខួងយករ៉ែប្រេងកាត នៅសមុទ្រចិនខាងត្បូង​៕

 


ចែករំលែក៖