ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីគុកបានប៉ុន្មានខែ មេចលនាយុវជនហុងកុង ត្រូវចាប់ខ្លួនជាថ្មី ​

ចែករំលែក៖

នៅព្រឹកថ្ងៃទី​៣០ ខែសីហានេះ មេចលនាយុវជនកោះហុងកុង និងជាមេបាតុករឆត្រ លោក ចូសហ្វ័រ វ៉ុង (Joshua Wong) ត្រូវបានប៉ូលិសចាប់ខ្លួន​នៅថ្ងៃសុក្រនេះ មុនបាតុកម្មដែល​គ្រោងនឹងធ្វើឡើងជាថ្មី នៅចុងសប្ដាហ៍នេះ តែវាមិនមែន​ជាលើក​ទីមួយឡើយដែលមេ​បាតុករ វ័យក្មេងរូបនេះត្រូវបានប៉ូលិសហុងកុងចាប់ខ្លួន ។ យោងតាមគណបក្ស ដេម៉ូស៊ីស្តូ (Demosisto) ត្រូវបានប៉ូលិសចាប់បញ្ចូលក្នុង​រថយន្ដមួយ​គ្រឿង ខណៈកំពុងធ្វើដំ​ណើរទៅកាន់​ស្ថានីយរថភ្លើង South Horizons MTR ។

នៅក្នុង​សេចក្ដីថ្លែងការណ៍ដែលត្រូវបានបង្ហោះលើ Twitter គណបក្ស Demosisto បាន​បញ្ជាក់យ៉ាងដូច្នេះថា «អគ្គលេខាធិការគណបក្សរបស់យើង លោក Joshua Wong ត្រូវបានប៉ូលិសចាប់ខ្លួននៅម៉ោង ៧៖៣០នាទីព្រឹកមិញនេះ កំឡុងពេលដើរទៅ​កាន់ស្ថានី​យរថ​ភ្លើង South Horizons MTR ហើយត្រូវបានគេចាប់បង្ខំបញ្ចូលក្នុង​រថយន្ដមួយ​គ្រឿង» ។ ប៉ុន្តែខាងប៉ូលិសក្រុងហុងកុង មិនទាន់ធ្វើអត្ថាធិប្បាយ​ណាមួយឡើយទេ ។

គួរជម្រាបថា នេះមិនមែនជាលើកទីមួយឡើយ ដែលលោក Joshua Wong ត្រូវបានប៉ូលិស​ហុង​កុងចាប់ខ្លួន ដោយលោកទើបតែត្រូវបានដោះលែង ឲ្យមានសេរីភាពវិញកាល​ពីខែ​មិថុនា​កន្លងទៅនេះ ក្រោយជាប់ឃុំអស់រយៈពេលជាង ៥សប្ដាហ៍ ពីបទនិយាយប្រមាថ​ដល់តុលាការ ។ ម្យ៉ាងវិញទៀត គោលចម្បងរបស់មេបាតុករវ័យក្មេងរូបនេះគឺ «ប្រជាជនហុងកុង ត្រូវជាអ្នកកំណត់​ជោគវាសនា​​របស់ខ្លួនឯង មិនមែនមន្ត្រីគណបក្សកុម្មុយនីស្ដចិន ជាអ្នកសម្រេចជួស​នោះទេ» ។

ការចាប់ខ្លួននោះអាចបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងហើយបាតុកម្មនៅតែបន្តកើនឡើង បើទោះបី​ កម្លាំងសន្តិសុខរឹតបន្តឹងនឹងព្រមានប្រើប្រាស់កម្លាំងបង្ក្រាបបាតុករក្តី ៕


ចែករំលែក៖