សង្គ្រាម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អាចនិយាយថា ត្រូវបានបញ្ចប់ ក្រោយពេលមេដឹកនាំ អូស្មាប៊ីនឡាឌីន ត្រូវទាហានអាមេរិកសម្លាប់នៅក្នុងទឹកដីប៉ាគីស្ថាន ។ នៅពេលនេះដែរ កម្លាំងតាលីប៉ង់ និងរដ្ឋាភិបាល បានពិភាក្សាគ្នាជាច្រើនលើកស្វែងរកសន្តិភាពដល់ប្រទេសនេះ ។
ចំពោះអាមេរិក គឺត្រូវដកទាហានទាំងអស់ចេញពីអាហ្វហ្គានីស្ថាន ប៉ុន្តែ លោក ដូណាល់ ត្រាំ ចង់រក្សាទុកកងទ័ពជិត៩,០០០នាក់ ឲ្យបន្តនៅអាហ្វហ្គានីស្ថាន នៅពេលសម្រេចបានកិច្ចព្រមព្រៀងជាមួយពួកតាលីបង់ ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី២៩ ខែសីហា បាននិយាយថា លោកនឹងរក្សាកងទ័ពចំនួន ៨,៦០០នាក់ ឲ្យបន្តឈរជើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោយពេលដែលកិច្ចព្រមព្រៀងជាមួយក្រុមឧទ្ទាមតាលីបង់ ត្រូវសម្រេចបាន ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានបារាំង AFP នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩ ។
កំឡុងការផ្តល់បទសម្ភាសន៍មួយជាមួយសារព័ត៌មានអាមេរិក Fox News លោក ត្រាំ បានលើកឡើងថា ចំនួនកងទ័ពអាមេរិក នៅអាហ្វហ្គានីស្ថាន នឹងត្រូវរក្សានៅកម្រិត៨,៦០០នាក់ នៅពេលដែលប្រទេសលោកសម្រេចបានកិច្ចព្រមព្រៀងជាមួយតាលីបង់ ពោលគឺសហរដ្ឋអាមេរិក នឹងនៅតែមានវត្តមានកងទ័ពជាអចិន្រ្តៃយ៍នៅទីនោះ ។ បច្ចុប្បន្ន អាមេរិកមានទ័ពប្រហែល១៤,០០០នាក់ នៅអាហ្វហ្គានីស្ថាន ។
គួរជម្រាបថា ក្នុងសប្តាហ៍នេះ ក្រុមតាលីបង់បានអះអាងថា ខ្លួនជិតសម្រេចបានកិច្ចព្រមព្រៀង ចុងក្រោយជាមួយសហរដ្ឋអាមេរិកហើយ ដើម្បីឈានដល់ការបិទបញ្ចប់សង្រ្គាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលបានបន្តមកអស់រយៈពេល១៨ឆ្នាំមកនេះ ខណៈភាគីបានជួបចរចាគ្នាជាបន្តបន្ទាប់នៅប្រទេសកាតា ក្នុងគោលបំណងស្វែងរកកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន ជាថ្នូរនឹងការធានាកុំឲ្យប្រទេសមួយនេះធ្លាក់ក្នុងកណ្ដាប់ដៃ ក្រុមជ្រុលនិយម៕