ព័ត៌មានទាន់ហេតុការណ៍៖

ព្យុះកំណាច​ ហឺរីខិន Dorian សំដៅមករដ្ឋផ្លូរីដាអាមេរិក ​

ចែករំលែក៖

ព្យុះកំណាច Dorian ​បានសំដៅទៅកាន់រដ្ឋFlorida ​អាមេរិក​ធ្វើឲ្យលោកត្រាំត្រូវ​ផ្អាក់ដំណើរទស្សនកិច្ចទៅកាន់​តំបន់អឺរ៉ុប ក្នុងនោះមានប្រទេសប៉ូឡូញជាដើម ដើម្បីទប់ស្កាត់គ្រោះមហាន្តរាយដោយព្យុះកំណាចខាងលើ​ ។

លោក ត្រាំ បានប្រកាសបែបនេះនៅឯសេតវិមាន ដោយលោកបានបញ្ជាក់ថា អនុប្រធានា​ធិបតី​​អាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) នឹង ​ជាអ្នកធ្វើដំណើរទៅ​កាន់ប្រទេស​ប៉ូឡូញ​ជំនួសរូបលោក ។ នៅចុងសប្តាហ៍នេះលោក ដូណាល់ ត្រាំ បានគ្រោងនឹងទៅ​ទស្សនកិច្ចនៅប៉ូឡូញ ដើម្បីចូលរួមក្នុងពិធីរំលឹកខួបមួយ​ពាក់ព័ន្ធសង្រ្គាមលោកលើកទីពីរ ។

គួរជម្រាបថា បន្ទាប់ពីបានធ្វើដំណើរឆាបដែនដីអាមេរិកនៅតំបន់សមុទ្រការីបៀនគឺ ភើតូរីកូ (Puerto Rico) ព្យុះហឺរីខិនឈ្មោះថា ដូរៀន (Dorian) ត្រូវគេរំពឹងថា នឹងកើនឡើងឥទ្ធិពលដល់កម្រិត ទី៤ និងទី​៥ ជាកម្រិតខ្ពស់បំផុតសម្រាប់ព្យុះហឺរីខិន) នៅពេលដែលវាបោកបក់មកដល់ឆ្នេរភាគខាងកើត នៃរដ្ឋផ្លូរីដារបស់សហរដ្ឋអាមេរិក ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ។

អភិបាលរដ្ឋផ្លូរីដា ( Florida) លោក រ៉ូន ឌែសាន់ទីស (Ron DeSantis) បានចេញការប្រ​កាសអាសន្ន​លើតំបន់ចំនួន ២៦ នៃរដ្ឋភាគអាគ្នេយ៍សហរដ្ឋអាមេរិកមួយនេះ ទាក់ទងនឹង​ការមកដល់នៃព្យុះហឺរីខិន ដូរៀន (Hurricane Dorian) នៅឆ្នេរសមុទ្រភាគខាងកើតរបស់រដ្ឋ នៅចុងសប្តាហ៍នេះតែម្តង ។

ការប្រកាសអាសន្ននេះត្រូវបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីព្យុះត្រូពិក Dorian បានវិវឌ្ឍន៍ខ្លួនក្លាយជាព្យុះសង្ឃរា (Hurricane) កម្រិតទី ១ នៅពេលវាមក​ដល់ភាគខាងកើត នៃសមុទ្រការ៉ាប៊ីន ភាគខាងត្បូងសហរដ្ឋអាមេរិក ។ ដោយឡែក យោងតាមអាជ្ញាធរឧតុនិយមអាមេរិកបានឲ្យដឹងថា ព្យុះនេះអាចនឹងវិវឌ្ឍន៍ខ្លួនដល់ កម្លាំងខ្លាំងជាងនេះបន្ថែមទៀត នៅពេលដែលវាបានបក់បោកមកដល់តំបន់ដីគោកនៃរដ្ឋ Florida នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ។

គួរជម្រាបថា កាលពីដើមសប្តាហ៍នេះវែបសាយព័ត៌មានអាមេរិក អាក់ស៊ីយ៉ូស (Axios) បានរាយការណ៍ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់បានលើកឡើង​នូវគំនិត ចង់ប្រើប្រាស់គ្រាប់បែកនុយក្លេអ៊ែរ ទៅទម្លាក់លើព្យុះហឺរីខិន (Hurricane) ដើម្បីទប់ស្កាត់កុំឲ្យពួកវា បោកបក់មកដល់សហរដ្ឋអាមេរិក ។ ទោះយ៉ាងណា លោកប្រធានាធិបតីបានច្រានចោលការអះអាងខាងលើនេះ ខណៈអ្នកជំនាញបាន​ពន្យល់ថា វាជាដំណោះស្រាយដែលមិនអាចជឿទុកចិត្តបានទេ៕


ចែករំលែក៖