ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្នស្នើឲ្យប្រធានមន្ទីរសាធារណការខេត្តសៀមរាប ដែលទើបនឹងឡើងថ្មី ជួយជួសជុលផ្លូវផង កុំសម្ងំក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ពេក

ចែករំលែក៖

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋបានស្នើដល់លោក គី វីរិន្ទ ដែលទើបឡើងកាន់តំណែងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប មេត្តាជួយជួសជុលផ្លូវ នៅក្រវាត និងក្នុងក្រុងសៀមរាបផង កុំនៅតែសម្ងំតែក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ពេក ។

ប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវជាច្រើនខ្សែ នៅក្នុងក្រុង និងផ្លូវក្រវាត់ក្រុងសៀមរាបបានរងការខូចយ៉ាងធ្ងន់ធ្ងរ ព្រោះកន្លែងខ្លះដូចថ្លុកក្របី ខ្លះទៀតដូចសំបុកមាន់ តាំងពីអាណត្តិប្រធានមន្ទីរចាស់មកម្ល៉េះ រហូតមកដល់ប្រធានមន្ទីរថ្មីហើយនៅតែមិនទាន់មានការជួសជុលនៅឡើយ ។

ប្រជាពលរដ្ឋថា ក្រោយពេលមានការដោះដូរ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ពួកគាត់សង្ឃឹមថា ប្រធានមន្ទីរថ្មី នឹងប្រឹងប្រែងកសាង និងជួសជុល ប៉ុន្តែផ្ទុយទៅវិញ ផ្លូវនៅក្រុង និងក្រវាត់សៀមរាបកន្លែងខ្លះនៅតែខូចខាតដដែល! នៅថ្ងៃប្រកាសជាប្រធានមន្ទីរ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឲ្យប្រធានមន្ទីរថ្មី ត្រូវធ្វើខ្លួនជាអ្នកបម្រើរាស្ត្រ មិនត្រូវធ្វើជាចៅហ្វាយនាយរបស់រាស្ត្រទេ ។

លោក ស៊ុន ចាន់ថុល បានលើកឡើងថា ការផ្លាល់ប្តូរប្រធានមន្ទីរនាពេលនេះ ជាការលើកកម្ពស់ការអភិវឌ្ឍវិស័យសាធារណការក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងខេត្តសៀមរាប និងជំរុញឲ្យប្រធានមន្ទីរថ្មីរៀបចំផែនការការងារ១០០ថ្ងៃដើម្បីអនុវត្តន៍ ក៏ដូចជាបង្ហាញស្នាដៃ ការងារក្នុងតំណែង និងភារកិច្ចថ្មីដែលថ្នាក់លើប្រគល់ជូន ។ ជុំវិញបញ្ហាផ្លូវនេះ ប្រជាពលរដ្ឋ សង្ឃឹមថា ប្រធានមន្ទីរដែលទើបឡើងថ្មី ចុះពិនិត្យ និងជួសជុល ឡើងវិញជាក់ជាមិនខាន៕ ប៊ុនរិទ្ធី


ចែករំលែក៖