ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត៣គ្រឿង​បុកបន្តគ្នា​បណ្តាលឲ្យមានអ្នករងរបួសធ្ងន់នៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ព្រឹកព្រលឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង6.00នាទីព្រឹក នៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៨៧~១៨៨ មានគ្រោះថ្នាក់ចរាចរណ៍បុកប៉ះគ្នារវាងរថយន្ត៣គ្រឿង យោងតាមរបាយការណ៍អង្កេតពីសមត្ថកិច្ចបញ្ជាក់ថាដើមហេតុបង្កឡើងដោយរថយន្តធំ០១គ្រឿងម៉ាក HYUNDAI ពាក់ស្លាក លេខភ្នំពេញ 3B-8737 ទិសដៅខេត្តព្រះសីហនុ-ភ្នំពេញ បើកបរដោយឈ្មោះ ជា កេះសន្នី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិស្រះ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ពេលមកដល់ចំណុចខាងលើ បានធ្លាក់ក្រលុកហើយរេចង្កូតមកខាងឆ្វេងដៃចូលទៅបុករថយន្តធំ០១គ្រឿង HYUNDAI ពណ៌ស ពាក់ស្លាក លេខ កណ្តាល 3A-1113 ទិសដៅដៅផ្ទុយគ្នា (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) ហើយរថយន្ត HYUNDAI ស្លាក លេខ កណ្តាល 3A-1113 មិនទាន់អស់ល្បឿន បានរេចង្កូតមកខាងឆ្វេងដៃ ចូលទៅបុករថយន្តតូច ០១គ្រឿងទៀតម៉ាក STAREX ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខ ភ្នំពេញ 2BA-6331 ដែលមានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ HOU LIENGMENG ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យឈ្មោះ ជា កេះសន្នី អ្នកបើកបររថយន្ត HYUNDAI 3B-8737របួសធ្ងន់។

ក្រោយកើតហេតុ ជនរងគ្រោះ បានបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជនក្បែរនោះ រីឯវត្ថុតាងរថយន្តទាំង ០៣គ្រឿង យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ដោយឡែកអ្នកបើកបររថយន្ត HYUNDAI កណ្តាល 3A-1113 បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖