ខេត្តសៀមរាប៖ បុរសជនជាតិរុស្ស៊ី២នាក់ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបចាប់ខ្លួនពាក់ព័ន្ធករណីលួចទំនិញនៅក្នុងផ្សារទំនើបអង្គរ ការចាប់ខ្លននេះធ្វើឡើងនៅវេលាម៉ោង ១១និង៤០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅទីតាំងផ្សារទំនើបអង្គរ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសទាំង២នាក់នេះ ទី១-ឈ្មោះ ALEKSANDR ORBACHEBSKII ភេទប្រុស កើតថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៨៥ ជនជាតិ រុស្ស៊ី មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរ គ្មាន ស្នាក់នៅ ហូស្តែល DORM POINT ស្ថិតនៅភូមិ សាលាកំរើក សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ,ទី២-ឈ្មោះ ALEXANDER FOKIN ភេទ ប្រុស កើតថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ១៩៨៧ ជនជាតិ រុស្ស៊ី មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរ អ្នកបង្កើតគេហទំព័រតាមអ៊ិនធើណិត ស្នាក់នៅហូតែល DORM POINT ភូមិសាលាកំរើក សង្កាត់ សាលាកំរើក ក្រុង/ខេត្តសៀមរាប។
តាមការសាកសួរជនបរទេសទាំងពីរនាក់នេះបានសារភាពថា ពួកគេពិតជាធ្វើសកម្មភាពលួចឥវ៉ាន់ផ្សេងៗពីក្នុងផ្សារទំនើបនេះប្រាកដមែន ហើយនេះជាលើកទី៣ ក៏ត្រូវបានសន្តិសុខផ្សារឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់នេះត្រូវបានលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបសម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី ៕ ប៊ុនរិទ្ធី