ភ្នំពេញ៖ តារាសម្តែងកាចឆ្នាសឆ្នើម ហ្វី យ៉ាដា កំពុងតែកាក់កបខ្លាំងនឹងការងារសិល្បៈ ពិសេសការច្រៀង និងសម្តែងភាពយន្តជាច្រើនរឿងបន្តបន្ទាប់គ្នា ។ កាក់កបនឹងការងារពីរនេះ ស្ទើរមិនមានពេលសម្រាកផង តារាស្រីរូបនេះ ឈោងចាប់យកការងារជាពិធីការិនីក្នុងកម្មវិធី កុនខ្ញុំ របស់ទូរទស្សន៍ជាតិកម្ពុជាផងដែរ ។
ប្រឡូកក្នុងការងារសិល្បៈត្រឹមតែរយៈពេលខ្លី ប៉ុណ្ណោះ តារាសម្តែងស្រី ហ្វី យ៉ាដា អាចក្រសោបបានតំណែងសំខាន់ៗក្នុងភាពយន្តជាច្រើនបន្តបន្ទាប់រហូតផលិតករបានសរសើរពីសមត្ថភាពរបស់នាងមិនដាច់ពីមាត់ ស្របពេលដែលសម្រស់របស់នាងក៏កាន់តែស្រស់ស្អាតជាមុនខ្លាំង ។ ក្រៅពីការងារសម្តែង នាងក៏ជាតារាចម្រៀងដែលត្រូវបានគេកោតសរសើរខ្លាំងផងដែរថាមានទឹកដមសំនៀងពិរោះរណ្តំចិត្ត ។
តារាស្រីរូបនេះបញ្ជាក់ថា ពេលយប់នាងច្រៀងនៅភោជនីយដ្ឋានពីរផ្សេងដែលបែបចែកថ្ងៃគ្នាក្នុងមួយសប្តាហ៍ ហើយក៏ត្រូវចំណាយពេល នៅពេលថ្ងៃដើម្បីថតភាពយន្ត ហើយពេលនេះនឹងកំពុងសម្តែងក្នុងភាពយន្តភាគរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ក្នុងរឿង ល្បិចលួងល្បួងស្នេហ៍ និងភាពយន្តអប់រំមួយចំនួនទៀត ។
នាងបញ្ជាក់ថា ទោះនឿយហត់ស្ទើមិនមានពេលសម្រាកនាងក៏មិនរាថយ ហើយកាន់តែសប្បាយចិត្ត ក្រោយពីអ្វីដែលនាងប្រឹងប្រែងនិងសង្ឃឹម បានដូចចិត្ត ។ ក្រៅពីសម្តែង និងច្រៀង នាងទើបនឹងទទួលបានឱកាសថ្មីពីផលិតករកម្មវិធី កុនខ្ញុំ របស់ទូរទស្សន៍ជាតិកម្ពុជា ដែលនាងត្រូវចាប់ដៃគូជាមួយលោក សុខ សំណាង ។
តារាស្រីរូបនេះបញ្ជាក់ថា ការងារជាពិធីករ ច្រៀង និងសម្តែងគឺសុទ្ធសឹងតែជាអាជីពដែលនាងពេញចិត្ត និងដាក់ចិត្ត ប្រឹងប្រែងធ្វើដើម្បីបម្រើការកម្សាន្តរបស់អ្នកគាំទ្រ និងស្របទៅនឹងក្តីស្រម៉ៃដែលនាងចង់បាន ។ នាងរំពឹងថា ការងារសិល្បៈទាំងបីនេះ នឹងដើរទន្ទឹមគ្នាប្រកបដោយភាពជោគជ័យកាន់តែខ្លាំង ហើយនាងក៏នឹងត្រៀមបញ្ចេញស្នាដៃសិល្បៈថ្មីៗបន្តទៀតនៅពេលដ៏ខ្លីខាងមុខ៕ វឌ្ឍនា