រដ្ឋាភិបាលយេមែនបានចោទប្រកាន់ទៅលើប្រទេសសាឌីអារ៉ាប៊ីថា បានវាយប្រហារទៅលើពន្ធនាគារមួយនៅក្នុងប្រទេសនេះបណ្តាលឲ្យមានអ្នកស្លាប់យ៉ាងតិច១០០នាក់ ។ អង្គការកកបាទក្រហម យេមែនបានឲ្យដឹងថា ការវាយប្រហារធ្វើឡើងនៅដើមខែកញ្ញា ។
ក្រុមសម្ពន្ធមិត្តដឹកនាំ ដោយប្រទេសអារ៉ាប់ បានវាយប្រហារតាមដែនអាកាសជាច្រើនលើក ដោយប្រើគ្រាប់មីស៊ីលផ្លោង បាញ់ទៅលើមន្ទីរឃុំឃាំងមួយកន្លែង នៅក្នុងប្រទេសយេមែន បានសម្លាប់មនុស្សជាច្រើននាក់ ។ ក្រុមនេះបានវាយប្រហារប្រឆាំងទៅលើក្រុមឧទ្ទាម ហូធី គាំទ្រដោយអ៊ីរ៉ង់ ដែលធ្វើសកម្មភាពកម្ចាត់រដ្ឋាភិបាលស្របច្បាប់របស់ប្រទេសយេមែន ដែលទទួលស្គាល់ដោយអន្តរជាតិ ។ រដ្ឋាភិបាលស្របច្បាប់យេមែន បច្ចុប្បន្ននេះ កំពុងនិរទ្ទេសខ្លួន នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសអ៊ូឌីត ។
មន្ត្រីក្រសួងសុខាភិបាល បានថ្លែងប្រាប់សារព័ត៌មាន AP ផ្សាយ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញនេះថា កម្លាំងសម្ពន្ធមិត្តដឹកនាំ ដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានវាយប្រហារ ដោយមីស៊ីលជាច្រើនគ្រាប់ទៅលើទីមជ្ឈមណ្ឌលឃុំឃាំងរបស់ក្រុមឧទ្ទាម ហូធី ស្ថិតនៅភាគអាគ្នេយ៍ នសខេត្ត Dhamar បានសម្លាប់មនុស្សយ៉ាងតិច១០០នាក់ និងរាប់សិបនាក់ផ្សេងទៀត រងរបួស ។
ប្រធានប្រតិភូកាកបាទក្រហម ក្នុងប្រទេសយេមែន លោក Franz Rauchenstein បានថ្លែងថា បន្ទាប់ពីលោកបានចុះពិនិត្យដល់ទីកន្លែ ងដែលរងការវាយប្រហារនោះ ឃើញថា ជនរងគ្រោះដែលបាត់បង់ជីវិត អាចកើនឡើងច្រើនជាងនេះ ។ លោកបានបន្ដថា ជនដែលឃុំឃាំងនៅទីនោះតិចនាក់ប៉ុណ្ណោះ នៅរស់រានមានជីវិត ។ សេចក្តីថ្លែងការណ៍របស់កាកបាទក្រហម បញ្ជាក់ថា មជ្ឈមណ្ឌលឃុំឃាំងនោះ បានដាក់មនុស្សប្រហែល១៧០នាក់ ។ ដោយឡែកមនុស្សប្រហែល៤០នាក់ កំពុងទទួលការព្យាបាល ដោយសាររងរបួសពីការវាយប្រហារ ខណៈអ្នកក្រៅពីនោះ គឺបានស្លាប់ ។
នេះជាការវាយប្រហារសម្លាប់មនុស្សយ៉ាងច្រើនបំផុត សម្រាប់ឆ្នាំ២០១៩ នៅក្នុងប្រទេសយេមែន ដែលវាយប្រហារដោយកងកម្លាំងសម្ពន្ធមិត្ តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត ។ កម្លាំងសម្ពន្ធមិត្តទទួលរងការរិះគន់ពីអន្តរជាតិដោយសារតែវាយប្រហារតាមអាកាសនោះ បណ្ដាលឲ្យគ្រាប់មីស៊ីលធ្លាក់ទៅលើសាលារៀន, មន្ទីរពេទ្យ និងពិធីរៀបមង្គលការជាដើម ដោយបានសម្លាប់ជនស៊ីវិល ក្នុងប្រទេសយេមែន រាប់ពាន់នាក់ នាពេលកន្លងមក៕