ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះធុនតូច ដឹកអ្នកជំងឺធ្លាក់នៅតំបន់រម្មណីយដ្ឋានស្លាប់​៩នាក់

ចែករំលែក៖

យន្តហោះធុនតូច មួយគ្រឿងបានធ្លាក់នៅតំបន់រម្មណីយដ្ឋាន​ ជិតទីក្រុងម៉ានី​ល​​ប្រទេសហ្វីលីពីនបណ្តាលឲ្យមនុស្ស​៩នាក់ស្លាប់​ ។ សារព័ត៌មាន Daily Mail ​បានផ្សាយថា យន្តហោះធ្លាក់នៅក្នុង ភូមិ​ Pansol ខេត្ត​ Laguna ភាគខាងត្បូង​ទីក្រុងម៉ានីល ។

ប៉ូលិសហ្វីលីពីន​ បាន​ធ្វើបច្ចុប្បន្នភាពព័ត៌មានថា អ្នកដំណើរទាំង​៧នាក់​ និងអាកាសយានិក២នាក់​ នៅលើ​យន្តហោះឯកជន ចំណុះ១១កៅអី បានស្លាប់ទាំងអស់គ្នា ដោយសារតែយន្តហោះនោះ បានធ្លាក់ ​កាលពីរសៀល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅខេត្ត Laguna នាភាគខាងត្បូង នៃប្រទេសហ្វីលីពីន ។

យន្តហោះដឹកអ្នកជំងឺ​មួយគ្រឿង បានដឹកមនុស្ស​៧នាក់ អាកាសយានិកម្នាក់ និងសហអាកាសយានិក​ម្នាក់​ ហើយក៏ជួបហេតុការណ៍ដ៏អាក្រក់ បានធ្លាក់​​នៅតំបន់រមណីយដ្ឋាន​មួយកន្លែង ស្ថិត​ក្នុងភូមិ Pansol ទីក្រុង Calamba នាវេលាម៉ោង​៣រសៀល ម៉ោងនៅក្នុងតំបន់ ។ យន្ដហោះនោះ បានធ្លាក់ចូលអាង​មួយ នៅ​ក្នុងតំបន់រមណីយដ្ឋាន ហើយធ្វើឲ្យអ្នកនៅទីនោះ​២នាក់ ​បានរងរបួសបន្ថែមទៀត ។

ប៉ូលិស​ បានបញ្ជាក់ថា យន្តហោះ King Air 350 ស្លាកលេខ RPC 2296 ដឹក​អ្នកជំងឺម្នាក់ ចាកចេញ​ពីទីក្រុង Dipolog ខេត្ត Zamboanga del Norte នាភាគ​​ខាងត្បូង នៃប្រទេសហ្វីលីពីន ឆ្ពោះទៅកាន់ទីក្រុង​ម៉ានីល ដើម្បីសង្គ្រោះជីវិត ។ ប៉ុន្ដែនៅពេលយន្ដហោះមកដល់ចំណុចខាងលើក៏ជួបនឹងគ្រោះអាក្រក់បែបនេះតែម្ដង ។ ក្នុងចំណោមអ្នកដំណើរ​នៅលើយន្តហោះ មានប្រពន្ធ​របស់អ្នក​ជំងឺ, វេជ្ជបណ្ឌិតម្នាក់ និងបុគ្គលិកសុខាភិបាល​ រួមទាំងអាកាសយានិក២នាក់ ផងដែរ ហើយអ្នកទាំង៩នាក់នេះ បានស្លាប់ទាំងអស់ ។

អាជ្ញាធរអាកាសចរស៊ីវិល​​ហ្វីលីពីន​ បានថ្លែងថា យន្តហោះដឹកអ្នកជំងឺ​ខាងលើ បានបាត់ចេញពីប្រព័ន្ធរ៉ាដា ខណៈវាហោះចេញពីទីក្រុង Dipolog ឆ្ពោះទៅ​កាន់​​​ទីក្រុង​ម៉ានីល ។ ដោយឡែកមូលហេតុ នៃការ​ធ្លាក់យន្តហោះ​នេះ គឺសមត្ថ​កិច្ច​ជំនាញរបស់ហ្វីលីពីន កំពុងស៊ើបអង្កេត៕


ចែករំលែក៖