ខេត្តកណ្តាល៖ យ៉ាងហោចណាស់ស្ត្រីម្នាក់បានស្លាប់ រីឯបុរសជាប្តីរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តទួរីសបើកទៅបុកគូថរថយន្តធុនធំ នៅលើកំណាត់ផ្លូវជាតិលេខ៥ កាលវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៧-២៨ ស្ថិតក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល ។
ក្រោយពីមានហេតុការណ៍កើតឡើងរថយន្តធុនធំដែល ត្រូវបានជនរងគ្រោះបើកបុកនោះបានបើកគេចបាត់ពីកន្លែងកើតហេតុ ពុំត្រូវបានគេស្គាល់ម៉ាកនោះទេ ។ ចំណែកឯជនរងគ្រោះរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកពញាឮ ហៅរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុក រីឯសាកសពស្ត្រីរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ បច្ចុប្បន្នរថយន្តជនរងគ្រោះត្រូវបានស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការតាមច្បាប់ ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ស្ត្រីរងគ្រោះស្លាប់បាត់បង់ជីវិតនោះឈ្មោះ មុំ ណាត អាយុ៤៩ឆ្នាំ រីឯបុរសជាប្តីរងរបួសធ្ងន់ឈ្មោះ យ៉ែម គឹមហួន អាយុ៥៦ឆ្នាំ ជាអ្នកបើកបររថយន្តទួរីស ពណ៌បៃតងចាស់ ពាក់ស្លាកលេខ កំពង់ស្ពឺ2A-2006 ។ ជនរងគ្រោះមានទីលំនៅភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ។
តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះ២នាក់ប្តីប្រពន្ធបានបើករថយន្តទួរីសដឹកបន្លែ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ។ លុះបើកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកគូថរថយន្តធុនធំដែលបើកនៅខាងមុខ ពេញមួយទំហឹង បណ្តាលឲ្យកាប៊ីនមុខនៃរថយន្តរួញចូលគ្នាធ្វើឲ្យស្ត្រីជាប្រពន្ធស្លាប់បាត់បង់ជីវិត រីឯបុរសជាប្តីរងរបួសធ្ងន់ ៕ស្អាងជ័យ