ខេត្តកំពង់ចាម ៖ រហូតដល់ថ្ងៃទី៤ កញ្ញានេះ មានរយៈពេល៣ថ្ងៃហើយ បន្ទាប់ពីចោរបាន ចូលគាស់ទ្វារបង្អួចលួចយករថយន្តមួយគ្រឿងម៉ាកកាមរីបាឡែនទៅបាត់ បន្សល់ទុកក្តីសោកសៅដល់ម្ចាស់រថយន្តដែលជាជនរងគ្រោះតែប៉ុណ្ណោះ ខណៈកម្លាំងសមត្ថកិច្ចស្រុកកំពង់សៀម ស្រាវជ្រាវរកអត្តសញ្ញាណរបស់ជនសង្ស័យនៅទាន់មាន តម្រុយខ្លះៗនៅឡើយទេ ។
ការបាត់បង់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅពេលនេះ អាចជាកំហុសក្នុងការធ្វេសប្រហែសរបស់ម្ចាស់ទ្រព្យក៏ថាបាន ដែល បានបាត់បង់ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងការពារដោយច្បាប់។ ទោះយ៉ាងណា អាជ្ញាធរ មានសមត្ថកិច្ច កំពុងដុតដៃដុតជើងស្រាវ ជ្រាវតាមរកអោយឃើញអត្តសញ្ញាណចោរលួចទាំងនោះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ អោយប្រជាពលរដ្ឋដេកបានស្ងប់ចិត្ត។
ជនរងគ្រោះជាម្ចាស់ទ្រព្យដែលបាត់បង់ឈ្មោះ ចន ធន់ ភេទប្រុស អាយុ៤៦ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
បន្ទាប់ពីកើតហេតុ នៅថ្ងៃទី២ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៤ព្រឹក ជនរងគ្រោះបាន មកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរ បាល ស្រុកកំពង់សៀមអោយជួយអន្តរាគមន៍រករថយន្តរបស់ខ្លួន ដោយប្ដឹងពីជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគាស់ចម្រឹងបង្អួចទ្វារផ្នែកខាងក្រោយហាងលក់កាហ្វេគុយទាវរបស់ខ្លួន ចូលលួចយករថយន្តចំនួន១គ្រឿង ម៉ាកCamry (បាឡែន) ស៊េរី២០០៣ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC 6793 លេខម៉ាស៊ីន 2AZ7552575 លេខតួ4T1BE30K63U753943 និង លុយក្នុងកេសតុ ប្រហែល៥០ ម៉ឺនរៀល ដែលបានទុកក្នុងហាង ។
ពាក្យបណ្ដឹងជនរងគ្រោះបានរៀបរាប់ទៀតថា ក្រោយចប់ការងារដូចសព្វដងបានចតរថ យន្តទុកក្នុងហាង និងទុកកូនសោឡាន ព្យួរចោលនៅជាប់ជញ្ជាំងក្នុងហាង ហើយបិទទ្វារចាក់សោ ត្រឹមត្រូវ ខណៈដែលជនរងគ្រោះនាំគ្នាទៅដេកនៅផ្ទះជាប់ហាងខាងកើតលង់លក់រហូតដល់វេលាម៉ោង៣និង១៥នាទីទៀបភ្លឺ ទើបម្ចាស់ផ្ទះងើបពីដំណេករៀបចំ បើក ហាងលក់ចាក់សោបើកទ្វារច្រកខាងកើតទាញបើកមិនចេញដោយមានគេដាក់គន្លឹះពីខាងក្នុងទាញមិនចេញ ក៏ដើរមកច្រកទ្វារខាងមុខ ស្រាប់តែឃើញទ្វារមុខហាងចំហចោលហើយបាត់រថយន្តខាងលើតែម្ដង។
បើទោះយ៉ាងណា ក្នុងនាមក្នុងនាមកម្លាំង សមត្ថកិច្ចត្រូវខិតខំប្រឹងប្រែងការពារ សន្តិភាព សណ្តាប់ធ្នាប់ សង្គម និងប្រទេសជាតិដើម្បីសន្តិសុខសុវត្ថិភាពដល់បងប្អូនប្រជាជនរស់នៅក្នុងមូលដ្ឋានអោយសុខស្រួលស្របតាមគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ពោលគឺគ្មាន៩យ៉ាង៕ វណ្ណៈ