ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​អតីត​បុគ្គលិក​អង្គការ ICF​ម្នាក់​ ករណី​គាស់​ស្នាក់​ការ​អង្គ​ការ​យក​ទ្រព្យសម្បត្តិ

ចែករំលែក៖

ខេត្តសៀមរាប ​៖​ កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប បាន​ធ្វើការ​ឃាត់ខ្លួន​អតីត​បុគ្គលិក​អង្គការ ICF ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស គាស់​ទម្លុះទម្លាយ យក​ទ្រព្យ​សម្បត្តិ​នៅក្នុង​អង្គការ​ ហេតុការណ៍​ចុះ​ឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​០៣ ​ខែកញ្ញា​ ឆ្នាំ​២០១៩ ចំណុច​បន្ទប់​ជួល​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ។

លោក​ឧត្ដមសេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត ស្នងការ​រង ទទួល​ផែន​កណ្ដាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល​ក្រុង​សៀមរាប បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មានឈ្មោះ​ហែម សីហា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ពាក់ព័ន្ធ​នឹង​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស ( គាស់​ទម្លុះទម្លាយ)។

លោក​បន្តថា ករណីនេះ​កើតឡើង​កាលពី​ថ្ងៃ១៧ ខែ​កក្កដា ឆ្នាំ​២០១៩ ម៉ោង​០៦​និង​៣០​នាទី ព្រឹក ស្ថិតនៅ​ចំណុច ក្នុង​បរិវេណ​អង្គការ ICF ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្ត​សៀមរាប មាន​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ ទោស​(​គាស់​ទម្លុះទម្លាយ​) ​វាយ​បំបែក​កញ្ចក់​លួច​យក​ម៉ាស៊ីន​ថត​ចំនួន​០៤​គ្រឿង ម៉ាក CANON ពណ៌​ខ្មៅ , កែវពង្រីក​សម្រាប់​ប្រើ​ជាមួយ​ម៉ាស៊ីន​ថត ចំនួន​០៨​គ្រាប់​, ថ្ម​ម៉ាស៊ីន​ថត​០៤​គ្រាប់​, យន្តហោះ​បញ្ជា​ខ្នាត​តូច ប្រើ​សម្រាប់​ថតរូប​ពីលើ​អាកាស​ចំនួន​០១​គ្រឿង ពណ៌​ខ្មៅ​, កាបូប​សម្រាប់​ដាក់ ម៉ាស៊ីន​ថត​ចំនួន​០១ ពណ៌​ខ្មៅ របស់​ដើម​បណ្តឹង​ឈ្មោះ ឆែម វុទ្ធី ភេទ ប្រុស អាយុ៣៣ឆ្នាំ មុខរបរ​ជា​បុគ្គលិក​តំណាង​ឲ្យ​អង្គការ​ICF មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​គ្រួស សង្កាត់ ស្វាយដង្គំ ក្រុង​សៀមរាប ខេត្ត​សៀមរាប បង្កឡើង​ដោយ​ជនសង្ស័យ មិន​ស្គាល់​អត្តសញ្ញាណ ។
បន្ទាប់មក ក៏មាន​បុគ្គលិក​អង្គការ​ខាងលើ មានការ​សង្ស័យ​ទៅលើ​ជនសង្ស័យ​រូបនេះ មាន​ម៉ាស៊ីន​ថត​ម៉ាក CANON ស្រដៀង​ទៅនឹង​ម៉ាស៊ីន​ថត​ដែល​បាត់ ក៏បាន​សុំ​ឲ្យ​សមត្ថកិច្ច ធ្វើការ​កោះហៅ​ជន​សង្ស័យ​រូបនេះ​យកមក​សួរនាំ ។

ដោយ​មានការ​សំណូមពរ​ពី​ខាង​អង្គការ ICF នៅ​ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៩ នគរបាល​ជំនាញ​ក្រុង​ក៏បាន​កោះហៅ​ជនសង្ស័យ​ខាងលើ​ដែលជា​អតីត​បុគ្គលិក​អង្គការ​ខាងលើ (​ផ្នែក​ថតរូប​) យកមក​ធ្វើការ​សួរនាំ​ក្រោយពី​ការសួរនាំ​ជនសង្ស័យ​បាន​សារភាព ថា​ខ្លួន​ពិតជា​បាន​ចូលក្នុង​អង្គការ​ហើយ​ធ្វើ​សកម្មភាព​វាយ ជញ្ជាំង​កញ្ចក់ បន្ទប់​ក្នុង អង្គការ​ខាងលើ​បណ្ដាល​ឲ្យ​បែក​ហើយ​លួច​យក សម្ភារៈ​ខាង​លើ​ពិតប្រាកដ​មែន ដោយឡែក​សម្ភារៈ​ដែល​លួច​បាន ជនសង្ស័យ​បានលក់​ដូរ​តាមរយៈ​ការ​បង្ហោះ​ក្នុង​វឹប​សាយ Khmer24 នៅ​ក្នុង​អំឡុង​ខែ​កក្កដា ឆ្នាំ​២០១៩ ដោយ​ដាក់​លេខ​ទូរស័ព្ទ​របស់​គេ ០៨៦ ២៥០ ៤៨១ ដោយ​ជនសង្ស័យ​លក់​ម៉ាស៊ីន​ថត​ចំនួន​០៣​គ្រឿង ម៉ាក CANON បាន​ចំនួន​១៣០០​ដុល្លារ​.​យន្តហោះ​បញ្ជា​(​ដ្រូ​ន​)​ចំនួន​០១​គ្រឿង បាន​ប្រាក់​៥០០​ដុល្លារ​.​ជើង​ទ្រ​លំនឹង​ម៉ាស៊ីន​ថត​ចំនួន​០១​គ្រឿង​បាន​ប្រាក់​ចំនួន​១៨០​ដុល្លារ​.​កែវពង្រីក​សម្រាប់​ភ្ជាប់​ទៅ​នឹង​ម៉ាស៊ីន​ថត​០៣​គ្រឿង​បាន​ប្រាក់​ចំនួន​១៦៥០​ដុល្លារ ហើយ​ជនសង្ស័យ​ក៏​បាត់​លេខ​អ្នក​កុម្ម៉ង់​ទិញ​ផងដែរ ហើយ​សម្ភារៈ​ដែល​នៅ​សល់​ជនសង្ស័យ​ក៏បាន​ទុក​ក្នុង​បន្ទប់​ជួល​។

បន្ទាប់មក ​សមត្ថកិច្ច​ ក៏បាន​នាំ​ជនសង្ស័យ​ទៅ​ឆែកឆេរ​បន្ទប់​ជួល ​ហើយ​ដកហូត​បាន​វត្ថុតាង​មួយ​ចំនួន ។ បច្ចុប្បន្ន ​កម្លាំង​នគរបាល​ជំនាញ​ក្រុង​សៀមរាប កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ខាងលើ​ទៅ​តុលាការ ​ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕ ប៊ុនរិទ្ធី


ចែករំលែក៖