ខេត្តកំពង់ចាម ៖ អាងហែលទឹកសិប្បនិម្មិតនេះ ដែលមានទំហំទទឹង២២ម៉ែត្រ និងបណ្តោយ៦០ម៉ែត្រ កម្ពស់៣ម៉ែត្រ បានដាច់ខ្សែរសាត់តាមទឹកទៅទើរគល់ស្ពានកោះប៉ែន ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម កាលពីវេលាម៉ោងជិត៩យប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ។
ប្រភពព័ត៌មានឲ្យដឹងថា បន្ទាប់ពីមានហេតុការណ៍ដាច់ខ្សែអាងហែលទឹកសិប្បនិម្មិតនេះ អាជ្ញាធរខេត្តដឹកនាំដោយលោក អ៊ុន ចាន់ដា និងលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានជួយអន្តរាគមន៍ឲ្យក្រុមការងាររកឧបករណ៍ដើម្បីទាញអាងទឹកសិប្បនិម្មិតនេះ កុំឲ្យប៉ះនិងស្ពាន ព្រោះខ្លាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ។
នៅកន្លែងកើតហេតុគេរកមិនឃើញមាននរណាម្នាក់បានរងគ្រោះថ្នាក់ពីការដាច់ខ្សែអាងហែលទឹកសិប្បនិម្មិតនេះទេ ។
ប្រជាពលរដ្ឋភាគច្រើនបានដាក់កំហុសទទួលខុសត្រូវទៅលើម្ចាស់វិនិយោគ ដែល បានសាងសង់ឡើងសម្រាប់កម្សាន្តអារម្មណ៍ ប៉ុន្តែមិនបានយកចិត្តទុកដាក់ធ្វេសប្រហែស ទៅលើឧបករណ៍របស់ខ្លួន បណ្តាលឲ្យ ដាច់ខ្សែកើតឡើងដូច្នេះ នេះសំណាងហើយដែលមិនមានមនុស្សណាម្នាក់បានរងរបួសឬស្លាប់ ៕ វណ្ណៈ