ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ វិកលចរិតម្នាក់ដើរស្រាតតាមផ្លូវ និងបញ្ចេញក្បាច់គុន ត្រូវសមត្ថកិច្ចឃាត់បញ្ជូនទៅមន្ទីរសង្គមកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ ជាមនុស្សវិកលចរិតដើរស្រាតតាមផ្លូវ និងកាន់ទុយោជ័រមួយបញ្ចេញក្បាច់គុន ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញរាយការណ៍ប្រាប់កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម ចុះមកឃាត់ខ្លួនរួចបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង២៥នាទីយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៍មានពីមន្ត្រីនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម បានឲ្យដឹងថា បុរសដែលដើរស្រាតតាមផ្លូវខាងលើនេះ គឺជាមនុស្សវិកលចរិត មានអាយុប្រហែលជាង៣០ឆ្នាំ គ្មានផ្ទះសម្បែង និងសាច់ញាតិនៅឯណានោះទេ ដោយមុនពេលកើតហេតុ គ្រាន់តែកម្លាំងប៉ុស្តិ៍បានទទួលបានដំណឹងពីប្រជាពលរដ្ឋថា ឃើញមនុស្សដើរស្រាតតាមផ្លូវ មកដល់ស្តុបមុខវត្តចាក់អង្រែក្រោម ទើបកម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម បានចុះមកមើលជាក់ស្តែង ឃើញសភាពមើលទៅសង្ស័យថាគាត់ស្ថិតនៅក្រោមឥទ្ធិពលគ្រឿងញៀន ដល់កម្រិត ក្លាយជាមនុស្សវិកលចរិតបាត់បង់ម្ចាស់ការ លែងដឹងអី រហូតដល់ដើរស្រាតតាមផ្លូវបែបនេះ ។

មន្ត្រីដដែលបន្តថា ដោយខ្លាចកើតមានបញ្ហាគ្រោះថ្នាក់ដោយប្រការណាមួយដល់អ្នកដំណើរ ទើបកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម ក៏បានជិះតាមឃ្លាំមើលពីក្រោយ រហូតដល់កណ្ដាលយប់ គាត់ដើរចូលក្នុងទឹកដីក្រុងតាខ្មៅបាត់ទៅ ដោយមិនមានរឿងអ្វីកើតឡើង ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានទំនាក់ទំនងទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ឲ្យចុះមកទទួលយកដើម្បីធ្វើការអប់រំបន្ត ៕ ភារ៉ា ដង្កោ


ចែករំលែក៖