មកទល់ពេលនេះ ចំនួនអ្នកស្លាប់ដោយខ្យល់ព្យុះ Faxai នៅជប៉ុន បានកើនឡើងជាបន្តបន្ទាប់ បណ្តាលឲ្យមានអ្នករងរបួសនិងស្លាប់ មានចំនួន៤៣នាក់ហើយ។ ខ្យល់ព្យុះទី១៥ប្រចាំរដូវកាល និងជាខ្យល់ព្យុះទី៩វាយប្រហារនៅតំបន់ Chiba ប្រទេសជប៉ុន ហើយជាលទ្ធផលបណ្តាលឲ្យបាត់បង់ជីវិត និងរបួសមនុស្សជាច្រើននាក់ ។ ការអាក់ខានដំណើរចរាចរណ៍ដឹកជញ្ជូនក្នុងតំបន់ ការដឹកជញ្ជូនតាមអាកាស និងដាច់ចរន្តអគ្គិសនីក៏បានកើតមានដោយសារតែឥទ្ធិពលរបស់ Faxai នៅពេលនេះដែរ ។
ប្រភពព័ត៌មានបានផ្សាយថា ខ្យល់ព្យុះកម្លាំងខ្លាំង ឈ្មោះថា Faxai ដែលបានបក់បោកចូលទៅក្បែរទីក្រុងតូក្យូ របស់ជប៉ុន កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នោះ បានបណ្តាលឲ្យស្លាប់មនុស្សកើន៣នាក់ និងប្រហែល៤០នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាល ។
ប្រភពបញ្ជាក់ថា នៅវេលាម៉ោង៥ព្រឹក (ម៉ោងនៅក្នុងតំបន់) ថ្ងៃទី៩ ខែកញ្ញា ខ្យល់ព្យុះកម្លាំងខ្លាំង ១៨០គីឡូម៉ែត្រក្នុងមួយម៉ោងបក់បោកនៅជិតទីក្រុង Chiba ភាគខាងកើតទីក្រុងតូក្យូ ប្រទេសជប៉ុន ។ វាបានបណ្តាលឲ្យខូចខាតទ្រង់ទ្រាយធំ ក្នុងនោះប្រព័ន្ធដឹកជញ្ជូនទាំងផ្លូវដែក ផ្លូវអាកាស ត្រូវបានអាក់ខាននៅទូទាំងតំបន់តែម្តង ខណៈដែលខ្យល់ព្យុះនេះ ក៏បាននាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់គួចយ៉ាងសាហាវបំផុត។
មន្ត្រីជប៉ុនក្នុងតំបន់បញ្ជាក់ថា ស្ត្រីអាយុ៥០ឆ្នាំម្នាក់ ចៃដន្យអាក្រក់ត្រូវខ្យល់បក់គួចទៅផ្ទប់នឹងជញ្ជាំងមួយកន្លែងស្ថិតនៅតំបន់ Setagaya Ward បណ្តាលឲ្យស្លាប់ ។ បុរសម្នាក់អាយុ៨០ឆ្នាំត្រូវដើមឈើបាក់រលំសង្កត់ស្លាប់ និងស្ត្រីម្នាក់ទៀតអាយុ២០ឆ្នាំបានស្លាប់ ក្រោយរងរបួសធ្ងន់ដោយសាររបងព័ទ្ធជុំវិញកន្លែងវាយកូនគោល បាក់សង្កត់លើលំនៅឋានរបស់គេ ។ មនុស្សប្រហែល៩៣០ ០០០ នាក់ ពុំមានអគ្គិសនីប្រើប្រាស់នោះទេ ។ ជើងហោះហើរ១៣៨ជើង ទាំងទៅ និងត្រឡប់មកវិញ នៅអាកាសយានដ្ឋានទីក្រុងតូក្យ ត្រូវលុបចោល ប៉ះពាល់អ្នកដំណើរជាច្រើនពាន់នាក់ ។
ភ្នាក់ងារឧតុនិយមជប៉ុនបានបញ្ជាក់ថា ខ្យល់ព្យុះFaxaiនេះ គឺជាខ្យល់ព្យុះទី១៥ តាមរដូវកាល និងជាព្យុះទី៩ ដែលបានបក់បោកនៅតំបន់ Chiba ប្រទេសជប៉ុន ៕