ក្រុមហេសបូឡោះនៅក្នុងប្រទេសលីបង់ ដែលជាសត្រូវរបស់អីស្រាអែល បានបន្តបាញ់ទម្លា់យន្តហោះ គ្មានមនុស្សបើករបស់អីស្រាអែលបន្ថែមមួយគ្រឿងទៀតហើយដែលបានហោះចូលដែនដីលីបង់ ។ សារព័ត៌មាន AP បានផ្សាយ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះថា សេចក្តីថ្លែងការណ៍របស់ក្រុមហេសបូឡោះ បានបញ្ជាក់ថា ដ្រូននោះត្រូវបានបាញ់ទម្លាក់ ដោយអាវុធដែលសមល្មមនឹងបាញ់ទម្លាក់ ស្ថិតនៅភូមិ Ramieh ។ ប៉ុន្ដែក្រុមនេះ មិនបានលាតត្រដាងលម្អិតព័ត៌មានជាងនេះទៀតឡើយ។
ដោយឡែកមន្រ្ដីយោធាអ៊ីស្រាអែលវិញ បានអះអាងថា ដ្រូនមួយគ្រឿងរបស់ខ្លួន កំពុងបំពេញបេសកកម្ម នៅភាគខាងជើង នៃប្រទេសអ៊ីស្រាអែល បានធ្លាក់។ ទោះជាយ៉ាងណា អ៊ីស្រាអែល មិនបានបញ្ជាក់អំពីមូលហេតុនៃការធ្លាក់ដ្រូនរបស់ខ្លួននោះ ថាបណ្តាលមកពីការបាញ់ទម្លាក់របស់ក្រុមហេសបូឡោះ ឬបែបណានោះឡើយ។
អ៊ីស្រាអែល បញ្ជាក់ថា នេះជារឿងធម្មតាទេ យន្តហោះដ្រូនបែបនេះបានធ្លាក់ ឬត្រូវធ្លាក់ក្នុងកណ្តាប់ដៃរបស់សត្រូវក៏ដោយ ក៏វាមិនអាចបែកធ្លាយព័ត៌មានរបស់យោធាអ៊ីស្រាអែលនោះដែរ។ អ៊ីស្រាអែលអះអាងទៀតថា ដ្រូនរបស់ខ្លួន បានធ្លាក់ កាលពីថ្ងៃអាទិត្យ ទី៨ ខែកញ្ញា មិនមែនធ្លាក់ នៅថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០១៩ នេះឡើយ។ ប៉ុន្ដែមូលហេតុ នៃការធ្លាក់ដ្រូននេះ មានភាពផ្ទុយគ្នា ដោយអះអាងមិនច្បាស់លាស់។
កាលពីខែមុន មេដឹកនាំក្រុមហេសបូឡោះ បានប្រកាសផងដែរថា ក្រុមរបស់ខ្លួនអាចប្រឈមតទល់គ្នា និងបាញ់ទម្លាក់យន្តហោះដ្រូនរបស់អ៊ីស្រាអែល ណាមួយ ដែលចូលមកក្នុងដែនអាកាសរបស់ប្រទេសលីបង់ ។ ការណ៍នេះ នឹងធ្វើឲ្យកាន់តែប្រឈមមុខតានតឹងខ្លាំងឡើងបន្ថែមទៀត ក្នុងជម្លោះដែលកំពុងតែក្តៅស្រាប់ផងនោះ រវាងអ៊ីស្រាអែល ហើយនិងក្រុមហេសបូឡោះ ។
ពួកហេសបូឡោះប្រកាសបែបនេះ នៅបន្ទាប់ពីអាជ្ញាធរអ៊ីស្រាអែល បានប្រកាសថា ដ្រូនរបស់ខ្លួនមួយគ្រឿងបានធ្លាក់នៅតំបន់ភាគខាងត្បូង Beirut ដែលជាទីតាំងកាន់កាប់តឹងរ៉ឹងរបស់ពួកហេសបូឡោះនោះ ។ ដ្រូននោះបានចុះចតនៅលើដំបូលអគារបម្រើជាការិយាល័យព័ត៌មានរបស់ក្រុមហេសបូឡោះ ដ្រូនមួយគ្រឿងផ្សេងទៀតបានផ្ទុះ និងធ្លាក់នៅពីក្រោយបរិវេណ នៃអគារនោះ បានខួចខាតសម្ភារទីនោះយ៉ាងដំណំ។
កាលពីសប្តាហ៍មុននេះ អ៊ីស្រាអែល និងក្រុមហេសបូឡោះ បានបាញ់គ្នាទៅវិញទៅមក ជាលើកដំបូងបំផុត នៅក្នុងអំឡុងពេលថ្មីៗចុងក្រោយនេះ ។ ពួកហេសបូឡោះសុទ្ធតែបាញ់មីស៊ីលប្រឆាំងរថក្រោះទៅលើកាំភ្លើងត្បាល់របស់អ៊ីស្រាអែលដែលដាក់ពង្រាយនៅជិតព្រំដែន ។ ការបាញ់ប្រហារនោះ មិនគ្រោះថ្នាក់ដល់អាយុជីវិតទេ ។ អ៊ីស្រាអែលបានចេញវិធានការសងសឹក ដោយបាញ់កាំភ្លើងធំទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ។
ពួកហេសបូឡោះ បាននិយាយកាលពីសប្តាហ៍មុនថា ការដែលពួកគេវាយប្រហារអ៊ីស្រាអែលដោយប្រើមីស៊ីលប្រឆាំងរថក្រោះនោះ គឺជាការសងសឹកចំពោះអ៊ីស្រាអែលវាយប្រហារតាមអាកាសនៅជិតទីក្រុងដាម៉ាកាស កាលពីខែមុន សម្លាប់សមាជិករបស់ពួកគេ២នាក់ ។ អ៊ីស្រាអែលប្រកាសថា ការវាយប្រហារនៅពេលនោះ បានកម្ចាត់ក្រុមរបស់អ៊ីរ៉ង់ដែលគ្រោងវាយប្រហារតាមដ្រូន ។ ប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារតាមអាកាសនោះ ក្រុមហេសបូឡោះបាននិយាយថា យន្តហោះដ្រូវពីរគ្រឿងរបស់អ៊ីស្រាអែលបានធ្លាក់នៅក្នុងតំបន់ប៉េរ៉ូ ។ អ៊ីស្រាអែល និងហេសបូឡោះ ធ្លាប់បានផ្ទុះសង្គ្រាមមួយខែ កាលពីឆ្នាំ២០០៦ ។ ទាហានអ៊ីស្រាអែលតែងតែរងការគំរាមកំហែងពីក្រុមហេសបូឡោះ៕