ដោយសារតែ នយោបាយអាត្មានិយមរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានធ្វើឲ្យ ប្រទេសជាមិត្តបាត់បង់ទំនុកចិត្តយ៉ាងខ្លាំង ។នៅពេលនេះអឺរ៉ុបកំពុងតែងាកទៅបង្កើនទំនាក់ទំនងជាមួយរុស្ស៊ីវិញ ហើយ។ ចំណែករុស្ស៊ីវិញ ក៏បាន បង្កើនការលក់ឧស្ម័នទៅឲ្យអឺរ៉ុប ជាឱកាសល្អរបស់អ៊ុយក្រែនទំនាក់ទំនងរវាងរុស្ស៊ី និងអ៊ុយក្រែន អាចនឹងល្អប្រសើរ ហើយបានផ្តល់ឱកាស នៅក្នុងការពន្យារពេលកិច្ចព្រមព្រៀង ជាឈ្មួញកណ្តាល នៅក្នុងការដឹកជញ្ជូនឧស្ម័នហ្គាសទៅកាន់ ប្រទេសតំបន់អឺរ៉ុប។
ក្រុមហ៊ុនឧស្ម័នដ៏ធំបផុតរបស់រុស្ស៊ី Gazprom មានគម្រោង ផ្គត់ផ្គង់ឧស្ម័នហ្គាស ជាង១១ពាន់លានម៉ែត្រគុប ដល់បណ្តាឃ្លាំងស្តុកឧស្ម័ន ឲ្យបណ្ដាប្រទេសនៅតំបន់អឺរ៉ុប។ ចំនួនឧស្ម័នទាំងនោះ គឺច្រើនជាងទ្វេដង បើប្រៀបធៀបនឹងឆ្នាំ២០១៨។ ការប្រកួតប្រជែងនៅលើទីផ្សារនៅក្នុងតំបន់អឺរ៉ុបនោះ គឺដោយសាតែមានការចូលរួមពីឧស្ម័នហ្គាសរបស់អាមេរិក នៅក្នុងទីផ្សាររបស់អឺរ៉ុបផងដែរ។ កត្ដាទាំងនេះហើយ ទើបធ្វើឲ្យឧស្ម័នរបស់រុស្ស៊ី នាំចូលអឺរ៉ុប កាន់តែមានតម្លៃថោក។
ទោះជាយ៉ាងណា ប្រធានក្រុមហ៊ុន Gazprom លោក Alexey Miller មិនបានលើកពីគម្រោង របស់ខ្លួន ជាទ្រង់ទ្រាយធំនោះឡើយ ខណៈអ៊ុយក្រែន និង អ៊ឺរ៉ុប កំពុងតែស្វែងរកប្រភពផ្គត់ផ្គង់ផ្សេងៗទៀត មានដូចជា អាម៉េរិក ជាដើម។ ប៉ុន្តែការបញ្ជូនឧស្ម័ន ១១ពាន់លានម៉ែត្រគុប នេះ គឺជាជំនួញដ៏ច្រើនបំផុត មិនធ្លាប់មានពីមុនមក។
ការបញ្ជូនឧស្ម័នហ្គាសទៅកាន់អឺរ៉ុប កាន់តែពន្លឿន ដោយសារតែកិច្ចព្រមព្រៀងបំពង់បង្ហូរឧស្ម័នឆ្លងកាត់ប្រទេសអ៊ុយក្រែនទៅកាន់អឺរ៉ុប រយៈពេល១០ឆ្នាំនឹងត្រូវបញ្ចប់ នៅចុងឆ្នាំនេះ ។ ជាមួយគ្នានោះដែរ ក្រុមហ៊ុន Gazprom បានប្រកាសថា កិច្ចព្រមព្រៀង លក់ឧស្ម័នទៅឲ្យអ៊ុយក្រែន ដោយផ្ទាល់គឺមានសារសំខាន់ជាងកិច្ចព្រមព្រៀង បញ្ជូនឧស្ម័នឆ្លងកាត់ប្រទេសនេះទៅទៀត។ អ៊ុយក្រែនឈប់ទិញឧស្ម័នហ្គាសពីប្រទេសរុស្ស៊ីនៅឆ្នាំ២០១៥ ហើយត្រូវបន្តទិញពីប្រទេសនៅក្នុងតំបន់អឺរ៉ុប មានតម្លៃថ្លៃជាង ។ នៅពេលនេះប្រសិនបើ រុស្ស៊ី និងអ៊ុយក្រែនឈានដល់កិច្ចព្រមព្រៀងនោះ តម្លៃឧស្ម័នហ្គាសនៅក្នុងប្រទេសអ៊ុយក្រែន នឹងធ្លាក់ទាបជាងមុនដល់ទៅ២៥ភាគរយ។
បារាំងចង់ដើរតួជាអន្តរការី និងជំនះឱ្យបាននូវរាល់ភាពចម្រូងចម្រាសទាំងឡាយជាមួយរុស្ស៊ី។ លោកប្រធានាធិបតីបារាំង អេម៉ាណុយអែល ម៉ាក្រុង បានបង្ហាញនិន្នាការនេះ តាមរយៈការទទួលលោកពូទីន នៅគេហដ្ឋានវិសមកាលកាលពីចុងខែសីហា ជាភស្តុតាង។ ហើយនៅថ្ងៃចន្ទនេះ បារាំងចង់សម្រេចឱ្យបានកម្មវត្ថុមួយទៀត គឺការបង្ខិតប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធនឹងគ្នា។ ជំនួបទ្វេភាគី ថ្នាក់រដ្ឋមន្ត្រីក្រសួងការបរទេស និងការពារជាតិបារាំង-រុស្ស៊ី ត្រូវចាប់បើកធ្វើឡើងវិញ ជាលើកទីមួយ នៅទីក្រុងម៉ូស្គូ បន្ទាប់ពីអាកខានអស់ជាច្រើនឆ្នាំដោយហេតុវិបត្តិអ៊ុយក្រែន។
ប្រធានាធិបតីបារាំង លោក អេម៉ាណុយអែល ម៉ាក្រុង បានសម្តែងកាយវិការជាក់ស្តែង និងបានប្រកាសច្បាស់ៗ ក្នុងសុន្ទរកថា នៅចំពោះមុខឯកអគ្គរដ្ឋទូត តែម្តងថា បារាំងចង់សម្រេចរឹតចំណងទំនាក់ទំនងជាមួយរុស្ស៊ីឱ្យមានភាពកក់ក្តៅនឹងគ្នា។ លោកម៉ាក្រុង បានមានប្រសាសន៍ដោយចំៗថា “បារាំងនិងរុស្ស៊ី ជាអឺរ៉ុប ! ដូច្នេះត្រូវ ទំនុកចិត្តជាមួយរុស្ស៊ី និងស្ថាបនាយុទ្ធសាស្ត្រជាមួយគ្នា។ ក្នុងរយៈពេលតែ៥ឆ្នាំរុស្ស៊ី បានក្រសោបជំហរជាអតិបរិមា នៅក្នុងសំណុំរឿងលីប៊ី ស៊ីរី និងនៅអាហ្វ្រិក»។ជំហរប្តូរផ្លាស់របស់បារាំងចំពោះរុស្ស៊ី ត្រូវបានបង្ហាញកាន់តែច្រើនឡើងៗ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះប៉ុណ្ណោះ។
តាំងពីឆ្នាំ២០១៤មក ទំនាក់ទំនងបារាំងរុស្ស៊ី មានលក្ខណៈចុងមាត់ចុងកខ្លាំងណាស់ ! ថ្វីបើរដ្ឋមន្ត្រីក្រសួងការបរទេសបារាំង បានជួបពិភាក្សាជាច្រើនដងជាមួយសមភាគីរុស្សីមែន តែរដ្ឋមន្ត្រីក្រសួងការពារជាតិបារាំងវិញ តាំងពីឡើងកាន់តំណែងមក លោកស្រី Florence Parly មិនដែលមានជំនួបជាមួយ សមភាគីរុស្ស៊ីម្តងណាសោះ។ គឺទើបតែ នៅថ្ងៃនេះលោកស្រីព្រមទាំងរដ្ឋមន្ត្រីការបរទេសបារាំង ត្រូវមានជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិនិងការបរទេសរុស្ស៊ីនៅក្រុងម៉ូស្គូ ក្នុងក្របខ័ណ្ឌនៃជំនួបអន្តររដ្ឋាភិបាល។
ជំនួបថ្នាក់រដ្ឋមន្ត្រីការបរទេសនិងការពារជាតិ ឬហៅកាត់ថាជំនួបអន្តររដ្ឋាភិបាល ២+២ ដើម្បីពិគ្រោះយោបល់គ្នាស្តី ពីកិច្ចសហប្រតិបត្តិការ និងសន្តិសុខ ត្រូវបានប្រទេសទាំងពីររៀបចំធ្វើតាំងឆ្នាំ១៩៩០មក ដើម្បីពង្រឹងទំនាក់ទំនងការទូតផង និងយោធាផង។ តែជំនួបបែបនេះត្រូវបានផ្អាកតាំងពី៥ឆ្នាំ ក្រោយពេលដែលរុស្ស៊ីបានប្រើកម្លាំងក្រសោបយកទឹកដីគ្រីមេ របស់អ៊ុយក្រែន។ ពេលនោះបារាំងព្រមទាំងសម្ព័ន្ធមិត្តលោកខាងលិច បាននាំគ្នាឈប់និយាយរករុស្ស៊ី និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ីទៀត រហូតមកទល់នឹងថ្ងៃនេះ។
បារាំងព្រមបើកជំនួបទ្វេភាគីឡើងវិញ ក្នុងក្របខ័ណ្ឌនៃការស្តារទំនាក់ទំនង និងទំនុកចិត្តជាមួយរុស្ស៊ីឡើងវិញ ! ព្រោះរុស្ស៊ី មានតួនាទីសំខាន់ណាស់នៅក្នុងសំណុំរឿងអន្តរជាតិធំៗ ដែលមានផលប៉ះពាល់ផ្ទាល់ដល់បារាំង និងដល់អឺរ៉ុប។ ជំហររយៈពេល៥ឆ្នាំកន្លងមកមិនបានធ្វើឱ្យស្ថានការណ៍ប្រសើរឡើងសោះ ដូច្នេះដើម្បីសន្តិសុខបារាំង និងស្ថិរភាពអឺរ៉ុប ទើបបារាំងងាកមកគិតគូរស្តារទំនាក់ទំនងជាមួយរុស្ស៊ី និងជ្រើសរើសបើកជំនួប ពីរបូកពីរ ដែលជាផ្លូវដ៏ខ្លី និងផ្ទាល់ជាងគេ ក្នុងការពិភាក្សាកិច្ចការធំៗ។ ជាក្របខ័ណ្ឌនៃកិច្ចពិភាក្សាធម្មតា មិនមែនជាការខិតចូលគ្នាដោយឥតលក្ខខណ្ឌនោះឡើយ។
ម្យ៉ាងវិញទៀត បារាំងងាករករុស្ស៊ី ក៏ព្រោះខាងរុស្ស៊ីរបស់លោកពូទីន ទោរទន់ជំហររបស់ខ្លួន ចំពោះអ៊ុយក្រែនដែរ។ កាលពីថ្ងៃអាទិត្យទី៨កញ្ញា រុស្ស៊ីបានព្រមព្រៀងធ្វើការដោះដូរអ្នកទោស៧០នាក់ ជាមួយក្រុងគៀវ (៣៥នាក់ម្នាក់)។ ជាព្រឹត្តិការណ៍ស្ទើរជាប្រវត្តិសាស្ត្រ និងមានតម្លៃជានិម្មិត្តរូបខ្លាំងណាស់ ព្រោះនៅក្នុងចំណោមអ្នកទោសដោះលែង ក៏មានរូបលោក Oleg Sentsov សមិទ្ធិករភាពយន្ត អ៊ុយក្រែននៅគ្រីមេ ដែលត្រូវបានរុស្ស៊ីកាត់ទោសឱ្យជាប់ពន្ធនាគារ២០ឆ្នាំពីបទភេរវនិយម ក្រោយពីបានដឹកនាំធ្វើកូដកម្មបង្អត់អាហារអស់១៤៥ថ្ងៃ។ រុស្ស៊ីក៏ទំនងជាយល់ព្រមផ្តល់សន្ទុះដល់កិច្ចព្រមព្រៀងសន្តិភាពក្រុងMinsk ចុះហត្ថលេខាកាលពីខែកុម្ភៈឆ្នាំ២០១៥ ដើម្បីបិទបញ្ចប់សង្គ្រាមនៅភាគខាងកើតអ៊ុយក្រែន ដែលមានតែលើក្រដាស គ្មានការគោរព។
បន្ទាប់ពីជាប់គាំងតាំងខែតុលា ២០១៥ មក ជំនួបកំពូលដើម្បីសន្តិភាពអ៊ុយក្រែន ទ្រង់ទ្រាយធំ ប្រមូលផ្តុំទៅដោយប្រមុខរដ្ឋ-រដ្ឋាភិបាល អ៊ុយក្រែន រុស្ស៊ី អាល្លឺម៉ង់ និងបារាំង អាចចាប់ផ្តើមឡើងវិញ ជាលើកទីមួយ នៅខែកញ្ញានេះ។ប៉ុន្តែក្នុងដំណាក់កាលនេះ បារាំងបដិសេធមិននិយាយពីការលើកទណ្ឌកម្មអឺរ៉ុបពីរុស្ស៊ីឡើយ។ បើតាមរដ្ឋមន្ត្រីការបរទេសបារាំង គេអាចសើរើទណ្ឌកម្មនេះបាន ដរាបណាទាល់តែមានការអនុវត្តកិច្ចព្រមព្រៀងក្រុងMinsk ដើម្បីស្ថិរភាពអ៊ុយក្រែនសិន៕