ព័ត៌មានទាន់ហេតុការណ៍៖

ដឹកឆាកភ្លេងអកកាដង់ការកូនអ្នកភូមិ នគរបាលចរាចរទារលុយ១០ម៉ឺនរៀលជជែកគ្នាតឹងសរសៃក

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖  ម្ចាស់រថយន្តម្នាក់ ដែលគាត់គ្រាន់តែស៊ីឈ្នួលដឹកភ្លេង(អកកាដង់)ទៅឲ្យគេនៅឃុំព្រៃខ្មែរ ដើម្បីលេងក្នុងពិធីអាពាហ៍ពិពាហ៍កូនអ្នកភូមិបានប្រាក់ឈ្នួលតិចតួចសោះ ត្រូវបាននគរបាលចរាចរមួយក្រុម នៅផ្លូវជាតិលេខ៥ ជិតសាលាស្រុក ស្រុករលាប្អៀរ ធ្វើការឃាត់​ទុកប្រហែល២ម៉ោង កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០១៩ ដោយសំអាងថា ល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ជាហេតុធ្វើឲ្យការដំឡើងរោងនិងឆាកភ្លេងឲ្យគេសឹងមិនទាន់ពេល។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងមន្ត្រីនគរបាលចរាចររូបនោះ បាននិយាយថា រថយន្តនេះដឹកបទល្មើស ប៉ុន្តែម្ចាស់រថយន្តបានតវ៉ាសួរថា គាត់ដឹកស្អីជាបទល្មើស?  ទើបមន្ត្រីនគរបាលរូបនោះនិយាយសាថ្មីថា ដឹកខុសបច្ចេកទេសសំពីងសំពោងនិង ដោយសារដាក់មនុស្សពីរនាក់អង្គុយនៅលើគ្រឿងភ្លេងនោះ។ ដូច្នេះទាមទារតម្រូវឲ្យម្ចាស់រថយន្តបង់លុយ១០ ម៉ឺនរៀលជាការពិន័យ តែត្រូវម្ចាស់រថយន្តហួសចិត្តពេកបានប្រកែកតវ៉ាមិនបង់លុយឲ្យទេ។ពេលនោះ  សមត្ថកិច្ចប្រាប់ថា បើមិនបង់លុយឲ្យទេ គឺត្រូវអូសរថយន្តទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត។ ករណីនេះធ្វើឲ្យម្ចាស់រថយន្តប្រកែកតវ៉ាយ៉ាងខ្លាំងថា ចង់អូសទៅណាអូសៗទៅ ខ្ញុំមិនបង់លុយឱ្យទេ ពីព្រោះខ្ញុំមិនបានប្រព្រឹត្តអ្វីដែលខុស ក្នុងការដឹកទំនិញទាំងនេះបើយកអស់១០ម៉ឺនរៀលទៅហើយបានអីចំណេញ?បានអីចាក់សាំងរថយន្ត? ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពីបានឃាត់រថយន្តខាងលើអស់រយៈពេលជាង២ម៉ោងរួចមក ទើបនគរបាលចរាចររូបនោះ បានសរសេរក្រដាស់កិច្ចសន្យាមួយសន្លឹក ឲ្យទៅម្ចាស់រថយន្ដ ដោយបញ្ជាក់ថា ខ្លួនបានដឹកទំនិញសំពីងសំពោង ហើយក៏អនុញ្ញាតឱ្យបន្តដំណើរទៅទៀត ដោយឈប់ទាមទារលុយ១០ម៉ឺនរៀលនោះទៀតឡើយ។

យ៉ាងណាម្ចាស់រថយន្ត ឈ្មោះ ហ៊ុង មានទីលំនៅក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានឆ្ងល់និងហួសចិត្តណាស់ថា គាត់បើកបររកស៊ីលើដងផ្លូវពីខេត្តមួយទៅខេត្តមួយ ស៊ីឈ្នួលដឹកទំនិញឲ្យគេសល់លុយតិចតួចពីចាក់សាំងរថយន្តគ្រាន់ចិញ្ចឹមឆ្នាំងបាយ ហើយបើនគរបាលពិន័យអស់១០រៀលអ៊ីចឹង បានលុយអីទិញសៀងឲ្យកូនស៊ី?រីឯពាក់ព័ន្ធឯកសារផ្លូវច្បាប់រថយន្តវិញ គឺគាត់មានលក្ខណៈគ្រប់គ្រាន់ត្រឹមត្រូវទាំងអស់។ តើនេះជារបៀបគៀបស៊ីរបស់សមត្ថកិច្ចនគបាលចរាចរណ៍មួយក្រុមនេះឬ ?  ៕ ប្រាថ្នា


ចែករំលែក៖