ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ក្នុងឆ្នាំសិក្សា២០១៨-២០១៩ នៅខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ការទន្ទឹងរង់ចាំពីលទ្ធផលការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)របស់សិស្សានុសិស្សបានមកដល់ដៃ លោកគ្រូ អ្នកគ្រូហើយ ដោយ ឯកឩត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នាព្រឹក ថ្ងៃទី១០ ខែកញ្ញា ២០១៩ បានប្រគល់លទ្ធផលប្រឡងជូនលោក គ្រូ អ្នកគ្រូ នៅវិទ្យាល័យកំពង់ធំ ស្ថិតក្នុង ភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

លោកបានមានប្រសាសន៍លើកទឹកចិត្តទៅ ប្អូនៗដែលជាបេក្ខភាពប្រឡងថា លទ្ធផលប្រឡងថ្ងៃនេះ ទោះជាប់ ឬ ធ្លាក់ ជារឿងធម្មតា បើជាប់គឺបានមកពីការខិតខំប្រឹងប្រែងរបស់យើង តែបើធ្លាក់សូមកុំអស់សង្ឃឹមគឺបន្តរៀនទៀត ដើម្បីប្រឡងយកលទ្ធផលប្រសើរនៅឆ្នាំក្រោយ ឬ អាចរៀន បរិញ្ញាបត្ររង និង អាចរៀនវិជ្ជាជីវៈជំនាញផ្សេងៗនៅវិទ្យាស្ថានបច្ចេកទេសកំពង់ធំក៏បានដែរ ។ ម៉្យាងវិញទៀតចំពោះឆ្នាំនេះខេត្តកំពង់ធំមានភាគរយនៃការជាប់៧៧,៧៤%អ្នកប្រឡងបានពិន្ទុល្អនិទ្ទេសAមានចំនួន១៤នាក់ ក្នុងនោះស្រីមានចំនួន៧នាក់ និង ប្រុស៧នាក់ច្រើនជាងឆ្នាំមុន ៣នាក់ លទ្ធផលទាំងនេះគឺបានមកដោយសារការយកចិត្ត ទុកដាក់ បង្រៀន អប់រំ ពីលោកគ្រូ អ្នកគ្រូ ដែលមិនអាចមើលរំលងបានឡើយ ហើយក្មួយដែលប្រឡងជាប់បាននិទ្ទេសA លោកនឹងប្រគល់ជូនម៉ូតូ១គ្រឿងផងដែរ ។

ដោយឡែក សិស្សម្នាក់ ដែលប្រឡងជាប់បាន និទ្ទេសA ក្នុងចំណោម ១៤នាក់ ឈ្មោះ ប៊ុន ចាន់ធារ៉ូត រៀននៅវិទ្យាល័យ កំពង់ធំ រស់នៅ ក្នុងភូមិ អាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានសម្តែងចំណាប់អារម្មណ៍ថា រូបខ្ញុំសប្បាយ និងរំភើបចិត្តជា ពន់ពេក ដែលបានទទួលលទ្ធផលជាប់និទ្ទេសA ហើយប្អូន បញ្ជាក់បន្ថែមថា នឹង បន្តការសិក្សា នៅ សកលវិទ្យាល័យផ្នែកសាមញ្ញសាស្ត្របន្ថែមទៀត ហើយកត្តា ដែលជម្រុញឲ្យ ប្អូនទទួលលទ្ធផលល្អក្នុងថ្ងៃនេះ គឺបណ្តាលមកពី ទី១ គឺខិតខំយកចិត្តទុកដាក់ប្រឹងប្រែងរៀនសូត្រ ទី២ ត្រូវកំណត់ពេលវេលា ក៏ដូចជាបែងចែកកាលវិភាគសិក្សាឲ្យបានច្បាស់លាស់ ទី៣ មានសីលធម៌ គោរពចំពោះលោកគ្រូ អ្នកគ្រូ និង ទី៤ គឺត្រូវធ្វើអារម្មណ៍តាំងចិត្តបែបណា កុំឲ្យភ័យ និង ផ្តល់ជំនឿចិត្តទៅលើការសិក្សារបស់ខ្លួនឯងនៅពេលប្រឡង ៕ ប៊ុនរិទ្ធី

 

 


ចែករំលែក៖