ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយដកតំណែង ទីប្រឹក្សា សន្តិសុខជាតិ អាមេរិក តៀមជួបពិភាក្សា ជាថ្មីជាមួយគីម ជុងអ៊ុន

ចែករំលែក៖

ប្រធានាធិបតី ដូណាល់ ត្រាំ ចង់ជួបលោក គីមជុង អ៊ុន​ ក្នុងឆ្នាំនេះ​ ដើម្បីឈាន​ដល់កិច្ចព្រម​ព្រៀង រំសាយអាវុធ បរមណូ​។ កន្លងមក ប្រធានាធិបតីដូណាល់ ត្រាំ បានលើកឡើងថា ទីប្រឹក្សាសន្តិសុខជាតិ John Bolton ​បានប៉ះពាល់ដល់ មេដឹកនាំ គីម ជុងអ៊ុន ។

ការដកលោក  John Bolton ​របស់ប្រធានាធិបតី អាមេរិក ក្នុងគោលដៅ ធ្វើឲ្យប្រសើរឡើងវិញ នៅក្នុងទំនាក់ទំនង ជាមួយ​កូរ៉េខាងជើង ក៏ដូចជាអ៊ីរ៉ង់ ។  លោក​ Bolton ​ប៉ះពាល់ដល់​មេដឹក​នាំ​ កូរ៉េខាងជើង គឺ ដោយលោកចង់ឲ្យលោកគីមជុង អ៊ុន ដើរតាមកន្លង របស់ប្រទេស លីបី ដឹកនាំដោយ លោកហ្គាដាហ្វី ។ សកម្មភាពរបស់លោក Bolton ​បានធ្វើឲ្យ​មេដឹកនាំកូ​រ៉េខាង​ជើង ខឹងសម្បាយ៉ាងខ្លាំង ។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ប្រធានាធិបតីអាមេរិក ដូណាលត្រាំ ចង់ ជំរុញ កិច្ចពិភាក្សា​ បញ្ចាប់វិវាទ ទាំងជាមួយ កូរ៉េខាងជើងពាក់ព័ន្ធកម្មវិធីបរមាណូ ក៏ដូចជា​សង្គ្រាមពាណិជ្ជកម្មជាមួយចិន ដើម្បីពង្រឹងការគាំទ្រសម្រាប់បោះឆ្នោត ប្រធានាធិបតីអណត្តិទីពីរ របស់លោកនៅឆ្នាំ​២០២០។

នៅពេលនេះ​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំង បានប្រកាសថា លោក បានត្រៀម​លក្ខណជួបពិភាក្សា​ជាមួយ មេដឹកនាំ កូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងពេលវេលាសមស្រប នៅក្នុងឆ្នាំ​២០១៩នេះ​។
ពេលថ្មីៗនេះ រដ្ឋលេខាធិកាក្រសួងការបរទេសកូរ៉េខាងជើង លោកស្រី​ Choe Son Hui បាន​បញ្ជាក់​ថា ទីក្រុងព្យុងយ៉ាង​ត្រៀមលក្ខណតភ្ជាប់កិច្ចពិភាក្សា  ជាមួយអាមេរិក ស្តីពីការរំ​សាយ​អាវុធបរមាណូ នៅចុងខែកញ្ញា​នេះ ។

ការប្រកាសខាងលើ​របស់ អាមេរិក និងកូរ៉េខាងជើង ស្តីពី គោលបំណងពិភាក្សាស្តីពីការ​រំសាយអាវុធបរមាណូ អាចនឹងធ្វើឡើងក្នុងពេលឆាប់ ក្នុងនោះមានជំនួបជាន់ខ្ពស់ រវាង ប្រ​ធានាធិបតី ត្រាំ និងគីម ជុង អ៊ុនផងដែរ ក្រោយពេល លោកត្រាំ ដកដំណែងទីប្រឹក្សា ដែល មាន ទស្សនៈ នយោបាយប្រឆាំងកូរ៉េខាងជើង គឺលោក  John Bolton ​។ លោក​ Bolton ​គឺជា​ការរាំងស្ទះ នៃកិច្ចពិភាក្សាពីកម្មវិធីបរមាណូ។

ក្នុងរយៈ ពេលពីថ្ងៃទី​១២ ខែមិថុនា ឆ្នាំ  ឮ២០១៨ មកទលពេលនេះ ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំ គីម ជុងអ៊ុន បានជួបពិភាក្សាគ្នា ៣លើករួមមកហើយ​​​ ។ ជំនួប​លើកទី៤នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ ក្រោយពេល ដែល លោកត្រាំ​ដកដំណែង ទី​ប្រឹក្សាសន្តិសុខជាតិ  John Bolton ។ លោកBolton ធ្លាប់បានស្នើគម្រោងប្រើប្រាស់​កម្លាំង​យោ​ធា ទៅលើកូរ៉េខាងជើង ដើម្បីបញ្ចប់កម្មវិធីបរមាណូនៅក្នុងប្រទេស ​នេះ​។ លោកBolton ​ក៏ជា​អ្នក​ទទួលខុសត្រូវ នៅជំនួបបរាជ័យ​កាលពីថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុង​ហា​ណូយ ប្រទេសវៀតណាម ដោយមិនមានកិច្ចព្រមព្រៀង ។

កាលពីថ្ងៃទី​១២ ខែកញ្ញា ចិនបានទទូចសុំឲ្យសហរដ្ឋអាមេរិក ចាប់ផ្តើមការពិភាក្សា​ជាមួយកូរ៉េ​ខាង​ជើងឡើងវិញ  ដើម្បីជាការឆ្លើយតបទៅនឹងសុច្ឆន្ទៈរបស់កូរ៉េខាងជើង ក្នុងការចង់​បន្តកិច្ច​ពិ​ភាក្សា អំពីការរំសាយអាវុធនុយក្លេអ៊ែរ។ ចិនបានស្នើជាថ្មីម្តងទៀត​ឲ្យបន្ធូរបន្ថយ​ទណ្ឌកម្ម​របស់អង្គការសហប្រជាជាតិ សម្រាប់រដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង។

កូរ៉េខាងជើង បាននិយាយ កាលពីថ្ងៃចន្ទ ទី៩ ខែកញ្ញា ដើមសប្ដាហ៍នេះ ថា ខ្លួនមានឆន្ទៈក្នុង​កា​រចាប់ផ្តើមកិច្ចចរចា ស្ដីអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាមួយសហរដ្ឋអាមេរិក នៅចុង​ខែកញ្ញា នេះ។

ថ្លែងនៅក្នុងទីក្រុងប៉េកាំង ប្រមុខការទូតរបស់ចិន លោក វ៉ាងយី សមាជិកក្រុមប្រឹក្សារដ្ឋ បាន​និយាយថា ប្រទេសចិនបានស្វាគមន៍“ សញ្ញាវិជ្ជមាន” ថ្មីៗរបស់ប្រទេសកូរ៉េខាងជើង ស្តីពីការ​បន្តកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក។

លោក វ៉ាង បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី សាហ្វីឌិនអាប់ឌុល ថា “ យើងរីករាយដែលបានឃើញកូរ៉េខាងជើង និងសហរដ្ឋអាមេរិក បន្តកិច្ចពិភាក្សាឡើងវិញ តាមកាលវិភាគ នៅចុងខែនេះ”។ យើងសង្ឃឹមថា សហរដ្ឋអាមេរិក​ក៏អាចចាត់វិធានការជាក់ស្តែង ក្នុងបញ្ហានេះ​ និងធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយនូវភាពតានតឹងនេះផងដែរ។

លោក វ៉ាង បានបន្ដថា យើងជឿជាក់ថា ក្រុមប្រឹក្សាសន្តិសុខសហរដ្ឋអាមេរិក គួរតែពិចារណា បើកការពិភាក្សា អំពីដំណោះស្រាយដំណោះស្រាយទណ្ឌកម្មរបស់កូរ៉េខាងជើង ដើម្បីជួយ​ឲ្យប្រទេសកូរ៉េខាងជើង អាចកាត់បន្ថយនូវការលំបាក។

ប្រទេសចិន ជាអ្នកគាំទ្រសេដ្ឋកិច្ច និងការទូតដ៏សំខាន់បំផុតរបស់កូរ៉េខាងជើងហើយ​លោក វ៉ាង ក៏បានធ្វើទស្សនកិច្ច នៅទីក្រុងព្យុងយ៉ាង កាលពីសប្តាហ៍មុនផងដែរ។

សូមបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានជួបគ្នានៅតំបន់គ្មានយោធា (DMZ) ពុះចែកប្រទេសកូរ៉េទាំងពីរ កាលពី​អំឡុង​ខែមិថុនា កន្លងទៅនេះ។ ទាំងអាមេរិក និងកូរ៉េខាងជើង ក៏បានយល់ព្រម ចាប់​ផ្តើមការ​ចរចា​គ្នាឡើងវិញ ជុំវិញការជាប់គាំង ចាប់តាំងពីជំនួបកំពូលលើកទី២ មិនទទួល​បានជោគជ័យ​ រវាងមេដឹកនាំទាំងពីរ នៅប្រទេសវៀតណាម កាលពីខែកុម្ភៈ ដើមឆ្នាំ២០១៩នេះ៕


ចែករំលែក៖