ព័ត៌មានទាន់ហេតុការណ៍៖

ប្រទូស្តកេរ្តិ៍ភេទក្មេងស្រីអាយុ១០ឆ្នាំ ត្រូវនគរបាលខណ្ឌសែនសុខឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ ជាជាងឈើ បានធ្វើសកម្មភាពប្រទូស្តកេរ្តិ៍ភេទក្មេងស្រីអាយុ១០ឆ្នាំ និងគំរាមមិនឲ្យប្រាប់ឪពុកម្តាយ ប៉ុន្តែត្រូវឪពុកម្តាយក្មេងស្រីដឹងក៏ប្ដឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

ករណីឃាត់ខ្លួនជនល្មោភកាមខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងបន្ទប់ជួលផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ យឹម ឈុននី ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅបន្ទប់ជួល ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទ៖ ប្រទូស្តកេរ្តិ៍ខ្មាស់ ។

សម្ភារបន្សល់ទុក៖ សំពត់ខ្លីពណ៌ខ្មៅ ០១ , អាវសដៃវែង០១ ។

យោងតាមប្រភពពីមន្រ្តីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃមិនចាំ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១និង១០នាទីរសៀល ឪពុកម្តាយបានទុកកុមារីរងគ្រោះ ឲ្យនៅក្នុងបន្ទប់ជួលតែម្នាក់ឯង ។ ពេលនោះជនសង្ស័យឃើញឱកាសល្អ ដោយសារតែបន្ទប់ជួលនៅជិត ក៏ដើរចូលទៅក្នុងបន្ទប់របស់ជនរងគ្រោះ ហើយអង្គុយមើលទូរទស្សន៍ជិតគ្នា រួចប្រទូស្តកេរ្តិ៍ភេទក្មេងស្រីរងគ្រោះ ។ បន្ទាប់មកក្មេងស្រីរងគ្រោះបានយំ ជនសង្ស័យបានគំរាមជនរងគ្រោះ មិនឲ្យប្រាប់អ្នកណា រួចដើរចេញទៅធ្វើការបាត់ ។ លុះមកដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ពេលយប់ជនរងគ្រោះបាននិយាយរឿងរ៉ាវប្រាប់ម្តាយ។ លុះព្រឹកឡើងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមគ្រួសាររបស់ជនរងគ្រោះ ទៅដាក់ពាក្យបណ្ដឹងប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង និងឈានដល់ឃាត់ខ្លួនជនសង្ស័យ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ ចន្ទ លីហ្សា


ចែករំលែក៖