ព័ត៌មានទាន់ហេតុការណ៍៖

ស្រមោលអន្ទោលតាមប្រាណ ! សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធគាស់ផ្ទះ និងទូដែកយកលុយជិត៣ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តសៀមរាប៖ ចាប់បានហើយចោរលួចគាស់ផ្ទះ និងទូដែកយកលុយអស់ជិត៣ម៉ឺនដុល្លារ កាលពីវេលាម៉ោង១៤ និង៣០នាទីពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ដោយជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគាស់ផ្ទះចូលលួចទ្រព្យ កន្លងទៅ នៅចំណុច ក្នុងក្រុមទី៣ ភូមិពោធិបន្ទាយជ័យ សង្កាត់សៀមរាប ក្រុង/ ខេត្ត សៀមរាប បណ្តាលឲ្យបាត់បង់លុយ និងទ្រព្យសម្បត្តិ គិតជាទឹកប្រាក់សរុបជិត៣ម៉ឺនដុល្លារ រហូត មកដល់រសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ សមត្ថកិច្ចបានឃាត់ខ្លួនចោរលួចគាស់ផ្ទះបានហើយ ។

លោកវរសេនីយ៍ទោ នួន ស័ក្តិចំរើនរិទ្ធ អធិការរងទទួលការងារព្រហ្មទណ្ឌក្រុងសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ករណីចោរលួចគាស់ផ្ទះ និងទូដែកយកលុយអស់ជិត៣ម៉ឺនដុល្លារ ក្រោយមកកម្លាំងនគរបាលក្រុងបានធ្វើការស្រាវជ្រាវយ៉ាងយូររហូតដល់ពេលនេះទើបតែឃាត់ខ្លួនជនសង្ស័យបានម្នាក់យកទៅសួរនាំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឪ វន ភេទប្រុស អាយុ ៦៧ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅបច្ចុប្បន្ន ភូមិពោធិបន្ទាយជ័យ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប ។ ជនសង្ស័យ រូបនេះ ឈ្មោះ តែល ផាន់នី ហៅ នី ភេទ ប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិថ្មគោល២ សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបន្ដថា ក្រោយពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ និងដោយមានការ ចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និង ក្រោមកិច្ចសហការណ៍ដឹកនាំផ្ទាល់ពីលោកឧត្តមសេនីត្រី ភឹង ចិន្តារ៉េត និងលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប ព្រមទាំងដោយ មានការសម្រប សម្រួលពីលោកកើត វណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប បានបើកការស្រាវជ្រាវ នៅបរិវេណកន្លែងកើតហេតុ នឹងបានកំណត់មុខសញ្ញាជនសង្ស័យ ។

លោកបន្តថា លុះដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៧ និង០០នាទី ខណៈដែលកម្លាំងនគរបាលក្រុងសៀមរាប កំពុងល្បាត ក្នុងមូលដ្ឋាន ក៏ប្រទះឃើញរថយន្តមួយគ្រឿង ម៉ាកហាយឡិនដ័រ ព៌ណទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 1AS 7428 ដូចនឹងភិនភាគរថយន្ត ដែលជនសង្ស័យ ជិះធ្វើសកម្មភាពខាងលើ ហើយក៏បានតាមឃ្លាំមើល រហូតដល់ពេលព្រលប់រថយន្តនេះ បានបើកចូល ទៅឈប់ នៅខាងមុខសណ្ឋាគារ តាន់កង ក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ បន្ទាប់មកកម្លាំងនគរបាលក្រុងសៀមរាប ដឹកនាំដោយ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប ដោយមានការឯកភាពពីលោកស្នងការ បានធ្វើការឃាត់ខ្លួន និងនាំជនសង្ស័យដែលជិះក្នុងរថយន្តនេះ មកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រព្រឹត្តអំពើដូចខាងលើប្រាកដមែន ចំណែកឯទ្រព្យសម្បត្តិ និងលុយ ដែលលួចបាន ជនសង្ស័យរូបនេះ បានយកទៅលក់ដើរចាយអស់ហើយ ។ លោកបន្ថែមថា វត្ថុតាងដកហូតបានរថយន្តមួយគ្រឿង ម៉ាកហាយឡិនដ័រ ព៌ណទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1AS 7428 ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបាននគរបាលព្រហ្មទណ្ឌសៀមរាប រៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ៕ ប៊ុនរិទ្ធី


ចែករំលែក៖