ខេត្តកណ្ដាល៖ សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ ដោយចងក.ធ្វើអត្ដឃាតនៅលើដើមស្វាយ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចដីចំការមួយកន្លែង ស្ថិតក្នុងភូមិខ្ពប ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉េត មេឃ ភេទប្រុស អាយុ២៤ឆ្នាំ មុខបរ បុគ្គលិកកាស៊ីណូ មានទីលំនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
ប្រភពដដែលបន្ដថា យោងតាមការបំភ្លឺរបស់ស្រ្ដីឈ្មោះ ឈួន សារ៉ន ត្រូវជាម្ដាយជនរងគ្រោះបានឲ្យដឹងថា មួយរយៈកន្លងមក ជនរងគ្រោះត្រូវកូនរបស់គាត់ មានស្មារតីវង្វេង រវើរវាយ ហើយនៅពេលយប់ ចេះតែរកចុះចេញពីផ្ទះ ចំណែករូបគាត់ជាម្ដាយ និងប្ដី តែងតែ នៅយាម និងមើលថែទាំងយប់ទាំងថ្ងៃ មិនត្រឹមតែយាមទេ រូបគាត់ជាម្ដាយ បានយកជនរងគ្រោះទៅឲ្យព្រះសង្ឃស្រោចទឹកញឹកញាប់ដែរ តែនៅមិនជាសះស្បើយសោះ ។ លុះមកដល់វេលាម៉ោង១៧និង១០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ កូនគាត់ដែលជាជនរងគ្រោះ បានប្រាប់គាត់ថាៈ បើម៉ែឯងនៅខឹងខ្ញុំ ខ្ញុំចុះចេញពីផ្ទះហើយ ភ្លាមនោះ ជនរងគ្រោះក៏ចុះចេញពីផ្ទះបាត់ទៅ លុះបានមួយសន្ទុះក្រោយមក ស្រ្ដីជាជាម្តាយ បានឲ្យកូនប្រុសរបស់គាត់ម្នាក់ទៀត ឈ្មោះម៉េត មីត អាយុ១៧ឆ្នាំ ដើររកដែរតែរកមិនឃើញទេ ។ រហូតមកដល់វេលាម៉ោង១៧និង៣០នាទី ស្រាប់តែមានប្រជាពលរដ្ឋបានឃើញជនរងគ្រោះស្លាប់ ដោយសារចងក.ធ្វើអត្ដឃាតនៅលើដើមស្វាយជាមួយនឹងខ្សែនីឡុង ភ្លាមនោះក៏ផ្អើលឆោឡោប្រាប់បងប្អូនសាច់ញាតិជនរងគ្រោះ និងរាយការណ៍ជូនសមត្ថកិច្ចនគរបាលដើម្បីធ្វើការពិនិត្យ ។
បន្ទាប់ពីកម្លាំងសមត្ថកិច្ចទទួលបានព័ត៌មានករណីខាងលើ ភ្លាមនោះ ក៏ចុះទៅដល់កន្លែងកើតហេតុ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ,លោកគ្រូពេទ្យ និងក្រុមគ្រួសារសព រួចធ្វើការពិនិត្យឃើញថា ជនរងគ្រោះមានស្លាកស្នាមទ្រុឌ នៅកផ្នែកខាងមុខលើគ្រាប់ពោន ពីក្រោមទងត្រចៀកខាងស្តាំ ដល់ក្រោមទងត្រចៀកខាងឆ្វេង ក្រៅពីស្លាកស្នាមនេះ ពុំមានស្លាកស្នាមអ្វីគួរអោយកត់សំគាល់ឡើយ ។
តាមការសន្និដ្ឋានរបស់លោកគ្រូពេទ្យ និងផ្នែកជំនាញ ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតចងកប្រាកដមែន ក្រោយពីពិនិត្យចប់ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ