ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកល្អឡើងវិញជាមួយកូរ៉េខាងជើង តែបង្កើនភាពតានតឹងជាមួយអ៊ីរ៉ង់​

ចែករំលែក៖

កូរ៉េខាងជើង និងអ៊ីរ៉ង់ គឺជាសត្រូវរបស់អាមេរិក ដូចគ្នា ប៉ុន្តែពេលនេះ​ទំនាក់ទំនាក់រវាង ប្រទេសទាំងពីរ និងអាមេរិក ខុសគ្នាទាំងស្រុង ដោយកូរ៉េខាងជើង កំពុងតែមានទំនាក់​ទំនងល្អប្រសើរ ​ដោយគ្រោងជួបពិភាក្សា ជាលើកទី​៤​។

ចំណែកអ៊ីរ៉ង់វិញ​កំពុងប្រឈម នឹងការផ្ទុះសង្គ្រាមជាមួយអាមេរិក ក្រោយពេលមន្រ្តីជាន់​ខ្ពស់អាមេរិកម្នាក់បាននិយាយថា ការវាយប្រហារលើមូលដ្ឋានប្រេងរបស់អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ទំនងជាស្នាដៃរបស់អ៊ីរ៉ង់ ហើយអាវុធដែល​ត្រូវបាន​ប្រើប្រាស់​គឺមិនមែនដ្រូនឡើយ តែអាចជាមីស៊ីលចង្អុលទិសទៅវិញ។

មន្រ្តីអាមេរិកខាង​លើបានលើកឡើងថា យោងតាមភស្តុតាងនៅកន្លែងកើតហេតុ ទិសដៅ​នៃ​ប្រភពវាយប្រហារ គឺចេញមកពីម្តុំៗតំបន់ខាងលើអារ៉ាប៊ីសាអូឌីត រួមមានអ៊ីរ៉ាក់ និងអ៊ីរ៉ង់ មិនមែនចេញមកពីភាគខាងត្បូង ដែលជាប្រទេសយេម៉ែននោះឡើយ។ បើតាមមន្រ្តីអា​មេរិក​រូបនោះ អាជ្ញាធរអារ៉ាប៊ីសាអូឌីតបានក៏អះអាងដែរថា ពួកគេទំនងជាបាន​ឃើញ​សញ្ញានៃការប្រើប្រាស់មីស៊ីលចង្អុលទិស នៅក្នុងការវាយប្រហារនោះ។

មន្រ្តីអាមេរិកក៏បានចោទប្រកាន់ចំៗតែម្តងថា គ្មាននរណាផ្សេងឡើយក្រៅពីអ៊ីរ៉ង់ ដែលនៅ​ពីក្រោយរឿងនេះ ខណៈអ៊ីរ៉ង់បានចេញមុខទាត់ចោលការចោទប្រកាន់។ កាលពីប៉ុន្មាន​ខែកន្លងទៅ សម្រាប់ករណីវាយប្រហារលើកប៉ាល់ដឹកប្រេង នៅដែនសមុទ្រនៃ​តំបន់​មជ្ឈិមបូព៌ា ទីក្រុងវ៉ាស៊ីនតោនក៏បានចោទប្រកាន់ថា ជាទង្វើរបស់ទីក្រុងតេហេរ៉ង់​ដូចនេះដែរ​គឺភ្លាមៗបន្ទាប់ពីបញ្ហាកើតឡើងតែម្តង។

ចំណែកកូរ៉េខាងជើង វិញ​ទំនាក់ទំនង​ជាមួយអាមេរិកកំពុងតែល្អប្រសើរ​ក្រោយមេដឹក​នាំប្រទេសទាំងពីរមានគម្រោងជួបពិភាក្សា ក្នុងពេលឆាប់ៗ។ អ្វីដែលគួរឲ្យចាប់អារម្ភនោះ​គឺ ទំនាក់ទំនងបុក្គល​ លោកត្រាំ និងគីមជុងអ៊ុន ល្អប្រសើរនិងគ្នា​។​កន្លងមកមេ​ដឹក​នាំ​កូរ៉េ​ខាងជើង សរសេរលិខិតអញ្ជើញ លោក ដូណាល់ ត្រាំ ទៅទស្សនកិច្ចទីក្រុង ព្យុងយ៉ាង

នៅក្នុងលិខិតដែលមេដឹកនាំកូរ៉េខាងជើង ផ្ញើទៅជូនលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីខែសីហា កន្លងមក តែរហូតមកដល់ពេលនេះ ត្រូវ​បាន​លាត​ត្រដាង​ជាសាធារណៈ​ហើយ។

សារព័ត៌មាន​ Joongang Ilbo នៅថ្ងៃទី១៦ ខែកញ្ញា បានផ្សាយថា មេ​ដឹក​នាំកូរ៉េខាងជើង​គីមជុង​អ៊ុន បានសរសេរលិខិតមួយផ្ញើទៅជូនលោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កាលពីខែសីហាកន្លងមក ដោយមានខ្លឹមសារ  អញ្ជើញប្រធានាធិបតីអាមេរិក ទៅបំពេញទស្សនកិច្ច នៅក្នុងទីក្រុងព្យុងយ៉ាង។

រហូតមកដល់ពេលនេះ ទាំងភាគីកូរ៉េខាងជើង ក៏ដូចជា អាមេរិក មិនមានប្រតិកម្មអ្វី​ជុំវិញ​ព័ត៌មានខាងលើនៅឡើយ។ រីឯមេដឹកនាំប្រទេសទាំងពីរ បានជួបពិភាក្សាគ្នា រយៈពេលខ្លី នៅតំបន់ព្រំដែនគ្មានយោធា ពុះចែកកូរ៉េទាំងពីរ កាលពីថ្ងៃទី៣0 ខែមិថុនា ឆ្នាំ២០១៩។

កាលពីខែសីហា កន្លងមកនេះ មេដឹកនាំកូរ៉េខាងជើង បានសន្យាថា​ នឹងឈប់​សាកល្បង​កាំជ្រួចមីស៊ីល នៅពេលអាមេរិក និងកូរ៉េខាងត្បូង ឈប់ធ្វើសមយុទ្ធរួមគ្នា។ រដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង តែងតែចោទប្រកាន់ការធ្វើ​សមយុទ្ធ រវាងអាមេរិក និងកូរ៉េខាងត្បូងថា អាមេរិកមានបំណងឈ្លានពានទឹកដីកូរ៉េខាងជើង។

កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩កន្លងមកនេះ កូរ៉េខាងជើងបានបាញ់សាកល្បង​កាំជ្រួច​មីស៊ីលជាថ្មី​ ក្រោមការត្រួតពិនិត្យរបស់មេដឹកនាំកូរ៉េខាងជើង លោក គឹម ជុងអ៊ុន។​ ការ​សាក​​ល្បងខាងលើនេះ បានកើតឡើង ក្រោយ​ពេលរដ្ឋលេខាធិការក្រ​សួងការបរទេស​កូ​រ៉េខាងជើង លោកស្រី Choe Son Hui បានប្រកាសថា កូរ៉េខាងជើង នឹងតភ្ជាប់កិច្ច​ពិភាក្សា​គ្នាជាមួយអាមេរិក ស្តីអំពីការរំសាយអាវុធបរមាណូ នៅចុងខែកញ្ញានេះ។ ទន្ទឹម​នឹងនេះដែរ កូរ៉េខាងជើង ក៏បានស្នើដល់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បង្ហាញពីសុច្ឆន្ទៈ​របស់​ខ្លួន នៅក្នុងកិច្ចពិភាក្សា ដើម្បីទទួលបានជោគជ័យ បញ្ចប់នូវការប្រ​ឈមមុខដាក់​គ្នា៕


ចែករំលែក៖