ពិភពលោកកំពុងតែឆ្ពោះទៅរកសង្គ្រាម ទីអវកាស ឲ្យប្រទេសជាច្រើន ក៏បាន បង្កើតទាហានអវកាស ។ អារិក រុស្ស៊ី ចិន ក៏មានទីបញ្ជារការអវកាស ដើម្បីការពារ រាល់ប្រព័ន្ធផ្កាយរណប់ ដែលកំពុងតែហោះនៅលំហអាកាស។ បច្ចុប្បន្ន រាល់ប្រព័ន្ធ មីស៊ីល អាវុធទំនើបៗ ពាក់ព័ន្ធ និងផ្កាយរណប់ទាំងអស់។
ទាំងនោះហើយបានជានាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ នៅថ្ងៃទី១៨ ខែកញ្ញា បានប្រកាសថា កម្លាំងការពារដែនអាកាសរបស់ខ្លួន អាចនឹងវិវឌ្ឍបន្ថែមតួនាទីទៅជាកម្លាំងអវកាស ដោយមានកាតព្វកិច្ចការពារ បណ្តាផ្កាយរណបទាំងអស់របស់ជប៉ុន។
សារព័ត៌មាន ក្យដូ នៅថ្ងៃទី១៨ កញ្ញា បានផ្សាយថា លោកនាយករដ្ឋមន្ត្រី អាបេ មានគម្រោងបង្កើតកម្លាំងការពារទីអវកាស នៅឆ្នាំ២០២០។ លោក អាបេ បានមានប្រសាសន៍បែបននេះ ទៅកាន់មន្ត្រីជាន់ខ្ពស់ ចំនួន១២០រូប មកពីកម្លាំងការពារជប៉ុន។ លោកនាយករដ្ឋមន្ត្រី អាបេ បានបញ្ជាក់ទៀតថា នេះមិនមែនជាក្តីសុបិននោះឡើយ តែវាជាការពិត ដើម្បីការពារផលប្រយោជន៍របស់ជប៉ុន នៅទីអវកាស។
លោក អាបេ បានបញ្ជាក់បន្ថែមថា កម្លាំងការពារដែនអវកាស មានតួនាទីតាមដានរលក Radio និងបំណែកផ្កាយរណប នៅលើទីអវកាសរបស់បរទេស ដែលអាចគំរាមកំហែងដល់ផ្កាយរណបរបស់ជប៉ុន។ កងកម្លាំងការពារដែនអវកាសនេះ មានប្រមាណ៧០នាក់។ ជាមួយគ្នានេះដែរ ក្រសួងការពារជាតិជប៉ុន ទទួលបានប្រាក់បន្ថែម ៤៨៤ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២០ ដើម្បីបង្កើតកម្លាំងការពារដែនអវកាសនេះ។
បច្ចុប្បន្ន ប្រទេសមហាអំណាច នៅលើពិភពលោក បានបង្កើតកម្លាំងទាហានអវកាស ដើម្បីការពារផលប្រយោជន៍របស់ខ្លួន។ កាលពីចុង ខែសីហា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អាមេរិកនឹង បង្កើតកម្លាំងអវកាស និងទីបញ្ជាការអវកាស ដែលមានកម្លាំង សរុបជិ៣០០នាក់។ ក្រៅពីអាមេរិក ក៏នៅមានប្រទេសរុស្ស៊ី និងចិន ផងដែរ បានបង្កើនសកម្មភាពការពារផលប្រយោជន៍របស់ខ្លួន នៅក្នុងដែនអវកាសនេះ៕