ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសតំបន់មជ្ឈិមបូព៌ា ត្រៀមលក្ខណៈ ទប់ទល់ពេល សង្គ្រាមនៅក្នុងតំបន់ជិតផ្ទុះឡើង​

ចែករំលែក៖

ស្ថានភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា កាន់តែតានតឹង​ ពីមួយថ្ងៃទៅមួយ​ថ្ងៃ​​​ អាចនឹងផ្ទុះសង្គ្រាម គ្រប់ពេលវេលា ។ នៅពេលនេះ ទាំងអាមេរិក អ៊ីស្រាអែល ក៏ដូចជា សាឌីអារ៉ាប៊ី​បាន​ត្រៀម​លក្ខ​ណៈ​វាយប្រហារទៅលើ ប្រទេសអ៊ីរ៉ង់ ក្រោយចោទប្រកាន់ប្រទេស​នេះវាយប្រហារទី​តាំង​ចម្រាញ់ប្រេង​។ ប្រសិនបើអង្គការសហប្រជាជាតិ រកឃើញថា អ៊ីរ៉ង់ជាអ្នកវាយ​ប្រហារនោះសង្គ្រាម​ប្រាកដជាផ្ទុះឡើងមិនខាន។

ប្រទេសនៅក្នុងតំបន់បានត្រៀមលក្ខណៈរួចរាល់ សម្រាប់ពេលមានសង្គ្រាមកើតឡើង​​​ប្រ​ទេស​គុយវែត​ក៏ស្នើដល់កងទ័ពត្រៀមលក្ខណ ប្រុងជើងការខ្ពស់​សម្រាប់ពេលមានសង្គ្រាម​។ កាលពីថ្ងៃទី​១៧ ខែកញ្ញា​រដ្ឋមន្ត្រីការបរទេសគុយវ៉ែត បានអំពាវនាវឱ្យកងទ័ពជាតិ​ទាំងអស់ស្ថិត​នៅក្នុង លក្ខណៈប្រុងជើងការខ្ពស់ ព្រមទាំងត្រៀមខ្លួនជានិច្ច ដើម្បីប្រឈមមុខនឹង​រាល់ស​កម្មភាពទាំងឡាយណា ដែលបង្កអស្ថេរភាពដល់គុយវ៉ែត។ នេះបើតាមការចេញផ្សាយ​ដោយ​ទីភ្នាក់​ងារព័ត៌មាន KUNA នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩។

ទីភ្នាក់ងារព័ត៌មាន KUNA ផ្អែកលើការស្រង់សម្ដីពីរដ្ឋមន្ត្រីការបរទេស ក៏បានបញ្ជាក់ដែរថា​ប្រទេស គុយវ៉ែត គាំទ្រ និងឈរនៅពីក្រោយប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីរោចក្រ​ប្រេង​ក្រុមហ៊ុនអារ៉ាប៊ីសាអូឌីត Aramco រងការវាយប្រហារដោយ​យន្ដហោះដ្រូន។

គួរជម្រាបថា សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត បានចោទប្រកាន់ថាអ៊ីរ៉ង់គឺជា​អ្នកនៅ​ពី​ក្រោយ ការវាយប្រហារលើរោងចក្រប្រេងរបស់ក្រុមហ៊ុន Aramco កាលពីថ្ងៃសៅរ៍​សប្ដាហ៍​មុន។ ប៉ុន្តែអ៊ីរ៉ង បានទាត់ចោលការចោទប្រកាន់នេះ ខណៈក្រុមមន្រ្តី និងអ្នកនយោ​បាយ​អាមេរិកមួយចំនួនចង់ឱ្យរដ្ឋបាល លោក ដូណាល់ ត្រាំ បើកការវាយប្រហារលើអ៊ីរ៉ង់។

សកម្មភាពនៅតំបន់​មជ្ឈិម ប៉ូព៌ា បានធ្វើឲ្យតម្លៃប្រេង ឡើងថ្លៃ​ខ្ពស់ ​ប៉ុន្តែប្រទេស​សាឌី​អា​រ៉ាបី​​បានប្រកាសថា តម្លៃប្រែងនៅលើពិភពលោកល្អប្រសើឡើងវិញ ហើយដំណើរ​ការផលិតប្រេងក៏វិលមកដូចដើមក្នុងពេលដ៏ខ្លី។

រយៈពេលប៉ុន្មាន​ថ្ងៃប៉ុណ្ណោះក្រោយទីតាំងចម្រាញ់ប្រេងដ៏ធំបំផុតនៅលើពិភពលោក  របស់​ប្រទេស អារ៉ាប៊ី សាអូឌីត​រងការវាយប្រហារពីយន្តហោះគ្មានមនុស្សបើក ។ ការវាយ​ប្រហារ​នោះបានធ្វើឲ្យតម្លៃប្រេង នៅលើពិភពលោក កើនឡើងដល់ទៅ​ជិត​២០ភាគរយ បង្កក្តី​បារម្ភយ៉ាងខ្លាំង​ដល់វបត្តិថាមពលប្រេងនៅលើពិភពលោក​។

ប៉ុន្តែ​ពេលថ្មីៗនេះ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត Salman បានមាន​ព្រះរាជបន្ទូល កាលពីថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ថា  រាជាណាចក្រនេះ មានសមត្ថ​ភាពគ្រប់គ្រាន់សម្រាប់ការពារខ្លួន ប្រឆាំង​នឹង​ការ​វាយប្រហារដ៏កម្សា​ករបស់សត្រូវ។ ទ្រង់​បានអំពាវនាវដល់សហគមន៍អន្តរជាតិ ត្រូវតែស្វែងរកអ្នកនៅពីក្រោយ នៃការវាយប្រហារ ទៅលើរោងចក្រចម្រាញ់ប្រេងរបស់ក្រុមហ៊ុន Aramco  ចំនួន២កន្លែង នៅក្នុង​ប្រទេស​អារ៉ាប៊ីអ៊ូឌីត កាលពីថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩។

ព្រះអង្គម្ចាស់ Abdulaziz bin Salman រដ្ឋមន្រ្តីក្រសួងថាមពល នៃប្រទេសអារ៉ាប៊ីសាអូឌីត បានមានបន្ទូល នៅក្នុងទីក្រុង Jeddah ថា ទិន្នផលប្រេងរបស់ប្រទេសព្រះអង្គម្ចាស់ នឹង “វិលមករក​សភាពធម្មតាវិញ” នៅចុងខែនេះ។

ព្រះអង្គម្ចាស់ Abdulaziz bin Salman បានបន្ដថា ផលិតកម្មប្រេង ស្ទើរតែពាក់កណ្តាល ត្រូវបានកាត់បន្ថយ ​ក្រោយការវាយប្រហារទៅលើរោងចក្រកែច្នៃប្រេងរបស់ប្រទេសទ្រង់។ ប៉ុន្ដែនៅពេលនេះ ស្ថានការណ៍ទាំងនេះ ត្រូវ​បានស្ដារឡើងវិញហើយ។ សមត្ថភាព នៃការ​ផលិត អាចនឹងកើនឡើង រហូតដល់១១លានបារ៉ែល ក្នុងមួយថ្ងៃ នៅមុនដំ​ណាច់​ខែកញ្ញា​នេះ។ ផលិតកម្មប្រេង ផលិតបានប្រហែល៩,៦លានបារ៉ែល ក្នុងមួយថ្ងៃ នៅមុន​ពេល​មានការវាយប្រហារ ដោយ​យន្ដហោះគ្មានមនុស្សបើកបរ (ដ្រូន)។

ជាមួយគ្នានេះដែរ គណៈរដ្ឋមន្រ្តី នៃរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត បានពិនិត្យមើលពីការខូច​ខាតដែលបណ្តាលមកពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកបរ(ដ្រូន) របស់ហ៊ូធី ( Houthi)  ទៅលើរោងចក្រកែច្នៃប្រេង Abramaiq និងអណ្តូងប្រេង Khurais រប​ស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បណ្តាលឱ្យផលិតកម្មប្រេងរបស់ប្រទេសនេះ ធ្លាក់ចុះរហូតដល់៥០ភាគរយ។

ទោះជាយ៉ាងណា ក្រោយការវាយប្រហារនោះ ក្រុមឧទ្ទាមហ៊ូធី នៅក្នុងប្រទេសយេមែន (Yemen) ដែលគាំទ្រដោយអ៊ីរ៉ង់ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះ។ ដោយឡែករដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក៏​បាន​ថ្កោល​ទោសយ៉ាងខ្លាំងដល់រដ្ឋាភិ​បាលអ៊ីរ៉ង់ថា ជាអ្នកនៅពីក្រោយខ្នង នៃការវាយប្រហារខាងលើនេះ។

ទីភ្នាក់ងារព័ត៌មានរបស់រដ្ឋ បានរាយការណ៍ថា ព្រះមហាក្សត្រ Salman បានអំពាវនាវ​ដល់​រដ្ឋាភិបាលនានា នៅលើពិភពលោក ត្រូវស៊ើបអង្កេត ស្វែងរក និងផ្ដន្ទាទោស​ដល់​អ្នកវាយ​ប្រហារខាងលើនេះ។   ព្រះមហាក្សត្រ Salaman មានព្រះបន្ទូលទៀតថា «ព្រះរាជា​ណាច​ក្ររបស់ទ្រង់ មានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ការពារប្រទេស និងប្រជារាស្រ្ដរបស់ទ្រង់ ប្រឆាំងនឹងការវាយប្រហារដ៏កម្សាក និងឆ្លើយតបចំពោះទង្វើបែបនេះ ដោយមិនគិតថា សត្រូវទាំងនោះ មកពីប្រភពដើមណាមួយនោះឡើយ” ។

បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Kuna បានរាយការណ៍ផងដែរថា បន្ទាប់ពីការវាយប្រហារ​ទៅលើរាងចក្រចម្រាញ់ប្រេងចំនួន២កន្លែង របស់ក្រុមហ៊ុន Aramco នៅក្នុងប្រទេសអារ៉ាប៊ី​សាអ៊ូឌីតនោះ រដ្ឋមន្ត្រីការបរទេសគុយវ៉ែត លោក Sheikh Sabah Al Khalid កាលពីថ្ងៃ​ ទី​១៧​ ខែកញ្ញា ​ ក៏បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសខ្លួន ឲ្យបង្កើនការ​ប្រុងប្រយ័ត្នខ្ពស់ និងត្រៀមប្រឈមមុខនឹងឧប្បត្តិហេតុណាមួយ កើតឡើងជាយថាហេតុ។

ក្រោយពេលមានការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងខាងលើនេះ បណ្ដាប្រទេស​នានា​ នៅលើពិភពលោក បានថ្កោលទោសយ៉ាងខ្លាំងទៅលើអ៊ីរ៉ង់ ទើបមន្រ្ដីនៃប្រទេសនេះ ចេញមុខមកអះអាងថា ក្រុមឧទ្ទាមហ៊ូធី (Houthi ) នៅក្នុងប្រទេសយេមែន (Yemen) បានអនុវត្តការវាយប្រហារនេះ ដើម្បីការពារខ្លួន៕


ចែករំលែក៖