ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីមន្ទីរកសិកម្មជាច្រើនក្នុងខេត្តកំពង់ស្ពឺ ភ្ញាក់ផ្អើលរឿងគេរៀបចំលក់ដីកសិកម្មជាច្រើនកន្លែង, មន្ត្រីគ្រោងនឹងតវ៉ារឿងនៅសាលាខេត្ត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ មានមន្ត្រីស្ថិតក្នុងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នងនេសាទខេត្តកំពង់ស្ពឺ ដោយទទួលបានដំណឹងដ៏សែនភ្ញាក់ផ្អើលមកថា មានមនុស្សកំពុងរត់ការលក់ដីរបស់រដ្ឋ នៃមន្ទីរកសិកម្មខេត្តជាច្រើនកន្លែង ថែមទាំងបានទួួលលុយកក់រាប់សិបម៉ឺនដុល្លាថែមទៀតផង ។

ការភ្ញាក់ផ្អើលនេះ គ្រាដែលបុគ្គលមួយចំនួនបានដើរទទួលលុយកក់ពីក្រុមអ្នកទិញក្នុងខេត្តកំពង់ស្ពឺ និងមានអ្នកពីចម្ងាយ រាប់សិបម៉ឺនដុល្លា ដោយសន្យាកាត់ដីរដ្ឋមកឲ្យអ្នកទិញស្របច្បាប់នាពេលដ៏ខ្លីខាងមុខ ហើយដីដែលគេគ្រោងលក់នោះមាន ដីទីតាំងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ដីចំការប្រេងខ្យល់ ស្ថិតក្នុងភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដីសង្កាត់រដ្ឋបាលព្រៃឈើសំរោងទង ស្ថិតក្នុងភូមិផ្គង់ ស្រុកសំរោងទង រួមទាំងដីរបស់មន្ទីរកសិកម្មផងដែរ ដែលគិតជាទឹកលុយរាប់លានដុល្លាឯណោះ ។

ការបែកធ្លាយរឿងលក់ដីរបស់រដ្ឋជាច្រើនកន្លែងនេះ ហើយគ្មានអ្នកណាម្នាក់ដឹងសោះនោះ បានធ្វើឲ្យមន្ត្រីកសិកម្ម និងមេព្រៃ មានការហួសចិត្តយ៉ាងខ្លាំងរហូតប្រកាសនាំគ្មាតវ៉ាដល់ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ។ ដោយពួកគាត់បានលើកឡើងថា ពួកគាត់បានការពារទីតាំងដីទាំងនេះយូរឆ្នាំមកហើយ មិនបណ្តោយឲ្យជនណាមកយកទៅលក់ដោយមិនផ្តល់ផលប្រយោជន៍ឲ្យពួកគាត់នោះទេ ។

មន្ត្រីទាំងនោះ បានលើកឡើងថែមទៀតថា វាដូចជាហួសហេតុពេកនៅស្ងាត់ៗមានមនុស្សរត់ការ កាត់ដីរដ្ឋលក់ ដោយដើរបង្ខំឲ្យមន្ត្រីចូលរួមផ្តិតមេដៃ និងសហការរួមគំនិតលក់ដោយស្ងាត់បំផុតបែបនេះ មិនតែប៉ុន្តែប៉ុណ្ណោះថែមទាំងបានទទួលលុយកក់រាប់សិបម៉ឺនដុល្លាពីអ្នកទិញមិនឲ្យមន្ត្រីណាម្នាក់ដឹងឡើយ ។

មានការលើកឡើងថា ដីរបស់រដ្ឋ នៃមន្ទីរកសិកម្មខេត្តដ៏ធំល្វឹងល្វើយ ពេលនេះត្រូវបានគេអង្កន់ពុះជាដីឡូដិ៍លក់ ហើយទទួលលុយកក់រាប់សិបម៉ឺនដុល្លាដោយគ្មាននរណាដឹងឡើយ ក្នុងនោះឲ្យតែដីរបស់កសិកម្មត្រូវក្រុមឈ្មួញដាក់តម្លៃរួចជាស្រេចក្នុងការចចារលក់ ពិតជាមិនធម្មតា ។ ប្រភពផ្តល់មកថា ដីដែលគេកំពុងត្រៀមរត់ការលក់ទាំងអស់មានចំនួន៤កន្លែង ដីទីតាំងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ,ដីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើផ្គង់,ដីចំការប្រេងខ្យល់ព្រៃផ្តៅ,ដីមន្ទីរកសិកម្មមួយផ្នែក(បានទទួលលុយកក់មួយចំនួនហើយ) សរុបតម្លៃរាប់លានដុល្លា ដែលមានក្រុមហ៊ុន ទូច សារិន ឌីវេឡុបម៉ិន ឯ.ក ជាអ្នកដេញថ្លៃ ។

មន្ត្រីខាងលើមួយចំនួនបានលើកឡើងបានសង្កត់ធ្ងន់ថា ដីទាំងនោះបើសិនជាលក់មានតម្លៃរាប់សិបលានដុល្លារឯណោះ ដែលទាមទាត្រូវបង្កើតឲ្យមានគណៈកម្មាធិការត្រឹមត្រូវ ប្រជុំវាយតម្លៃ ព្រមទាំងមានការយល់ព្រមពីមន្ត្រីបម្រើក្នុងអង្គភាពគ្រប់គ្រងដីទាំងនោះជាមុន មិនគួរមករៀបចំលក់ដោយគ្មានការពិភាក្សាគ្នាបែបនេះឡើយ ។

ចំពោះរឿងរ៉ាវលក់ដីរដ្ឋដ៏រសើបនេះ លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ បានឲ្យភ្នាក់ងារយើងដឹងថា លោកទទួលស្គាល់ពិតជាមានការជូនដំណឹងរបស់ទិស្តីការគណៈរដ្ឋមន្ត្រី ស្តីពីការ អភិវឌ្ឍន៍នៅនឹងកន្លែងដោយកាត់យកដីមន្ទីរកសិកម្ម ទំហំ ១០ហិតា១៤៩ម៉ែត្រការ៉េ ស្ថិតក្នុងភូមិចំការដូង ផ្លូវជាតិលេខ៤៤ ក្រុងច្បារមន ។ ប្រធានមន្ទីរបានបន្តថា ដោយឡែកការលក់ទិញរវាងក្រុមហ៊ុន និងក្រុមខាងណាលោកមិនបានដឹងនោះទេ ហើយការលក់ទិញនោះទុកឲ្យច្បាប់ជាអ្នកកំនត់ទៅចុះ ។

ចំពោះរឿងនេះដែរ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បនបញ្ជាកថាគេពិតជាលក់មែន មិនមែនលួចលក់នោះទេគ្រនើតែខាងខេត្តមិនបានដឹង ។

នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ មានការកក់ប្រាក់រឿងដីរបស់មន្ទីរកសិកម្ម ដែលអង្កាន់ពុះជាឡូត៍មិនតិចជាង៣០ម៉ឺនដុល្លារនោះទេ ហើយបន្តទៅលក់ដីរដ្ឋនៅចំណុចផ្សេងៗខាងលើបន្តទៀតក្នុងតម្លៃថ្លៃកប់ពពក តាមរយះការគៀងគររបស់ក្រុមហ៊ុន ទូច សារិន ឌីវេឡុបម៉ិន ឯ.ក ដែលមានតំណាងជាច្រើនកំពុងចាត់ចែងលក់ឲ្យអ្នកដទៃ ។

មានសំណួរជាច្រើនបានលើកឡើងថា ការអភិវឌ្ឍន៍គំរោងមិនទាន់ចាប់ផ្តើមផង តែមានការអំពាវនាវលក់ដីរដ្ឋជាមុនទៅវិញ? មូលនេះអាចក្រុមហ៊ុន និងមន្ត្រីខ្លះធ្វើនំអត់ម្សៅ ហើយរៀបចំគំរោងធ្វើ (ស.ជ.ណ) ដើម្បីយកដីរដ្ឋលក់យកចំណេញកប់ក្តោងចែកគ្នាដាក់ហោប៉ៅ ដែលទង្វើនេះមិនគួរថ្នាក់លើមើលរំលងបានទេ ការបែកធ្លាយរឿងលក់ដីរដ្ឋដែលមិនត្រូវតាមការដាក់ដេញថ្លៃត្រឹមត្រូវនេះ បានធ្វើឲ្យមហាជនសង្ស័យមានអំពើកិបកេងលុចចំណេញកប់ពពកជាសេនារីយ៉ូក្នុងមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ៕ សេនាស័ក្តិ


ចែករំលែក៖