ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងថា ទណ្ឌិត សម រង្សី បន្តប្រមាថដល់អង្គព្រះមហាក្សត្រ អាជ្ញាធរមានកាតព្វកិច្ចចាត់វិធានការដើម្បីការពារអង្គព្រះមហាក្សត្រនិងរបបរាជានិយម

ចែករំលែក៖

ភ្នំពេញ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងថា ករណី ទណ្ឌិត សម រង្សី បន្តប្រមាថដល់អង្គព្រះមហាក្សត្រ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ផ្នែកគ្រប់ជាន់ថ្នាក់ មានកាតព្វកិច្ចចាត់វិធានការដើម្បីការពារអង្គព្រះមហាក្សត្រ និង របបរាជានិយមនៅកម្ពុជា ។

លោក សម រង្ស៊ី កាលពីយប់ថ្ងៃទី២០ ខែកញ្ញា បានផ្តល់កិច្ចសម្ភាស៍ជាមួយវិទ្យុអាស៊ីសេរី ដោយបន្តនិយាយប្រមាថព្រះមហាក្សត្រ ថា “គឺព្រះមហាក្សត្រសព្វថ្ងៃហ្នឹង គឺគ្មានអំណាចអ្វីទាល់តែសោះ គឺធ្វើតាមតែ ហ៊ុន សែន បញ្ជាឲ្យធ្វើទេ លើកលែងទោស មិនលើកលែងទោស គឺអាស្រ័យលើ ហ៊ុន សែន ទេ ដូច្នេះយើងដោះស្រាយបញ្ហា ហ៊ុន សែន ទៅ បញ្ហាមហាក្សត្រ វាដោះស្រាយដោយខ្លួនវាហើយ ព្រោះមហាក្សត្រហ្នឹងធ្វើតាមតែ ហ៊ុន សែន ទេ ដូច្នេះខ្ញុំគ្មានរំពឹងព្រះមហាក្សត្រអីទេ”។

លោក ជិន ម៉ាលីន សរសេរតាមបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២១ ខែកញ្ញា នេះ ថា ក្នុងករណីនេះ តាមគោលការណ៍ច្បាប់ ព្រះរាជអាជ្ញា ក៏អាចកសាងបណ្តឹងអាជ្ញាបន្ថែមទៀតបានផងដែរ ដោយមិនចាំបាច់មានអធិបញ្ជាជាថ្មីម្តងទៀត ពីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ឡើយ ព្រោះថា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញអធិបញ្ជាម្តងរួចហើយក្នុងសំណុំរឿងប្រមាថអង្គព្រះមហាក្សត្រនេះ ក្នុងគោលដៅការពារអង្គព្រះមហាក្សត្រនិងរបបរាជានិយមនៅកម្ពុជា៕ ចេស្តា

 


ចែករំលែក៖