ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តជ្រុលទៅបុកបង្គោលភ្លើងព្យាយាមបើករត់ត្រូវសមត្ថកិច្ចឃាត់បាន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តជ្រុលទៅបុកបង្គោលភ្លើងមួយដើមពេញទំហឹង ភ្លាមៗនោះរថយន្តបង្ក បានព្យាយាមបើករត់គេចខ្លួន តែត្រូវសមត្ថកិច្ចមូលដ្ឋាន ឃើញទាន់ស្ទាក់ចាប់បាន នៅតាមបណ្ដោយផ្លូវលេខ២២១ កែងនិងមហាវិថីសហព័ន្ធរុស្ស៊ី ។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ១២និង ២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅខាងមុខសាលាបឋមសិក្សានាគវ័ន្ត ស្ថិតតាមបណ្ដោយផ្លូវ១៣២ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ប្រភពពត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាកMITSUBISHI ប្រភេទ២បាំង ពណ៌កាប់ស្តាំង ពាក់ស្លាកលេខរដ្ឋ172-0469។ ជាំ ធ្វើដំណើរតាមបណ្ដោយផ្លូវ១៣២ក្នុងទិសដៅពីជើងទៅត្បូង ។

ខណៈមកដល់ចំណុចកើតហេតុរថយន្ត បានជ្រុលចង្កូតទៅបុកបង្គោលភ្លើងថ្ម មួយដើម បណ្ដាលឲ្យរថយន្ដរងការខូចខាត ក្រពឹតនិងដាច់ក្រឡេកង់ខាងមុខ ភ្លាមៗនោះអ្នកបើកបររថយន្តបង្ក ក៏បានព្យាយាមបើករថយន្តរត់គេចខ្លួន ចេញពីកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលរស់ក្បែរកន្លែងកើតហេតុ ហើយបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។ ខណ:ដែលបើករត់ទៅដល់ចំណុចកើតហេតុ ក៏ត្រូវសមត្ថកិច្ចមូលដ្ឋាន ដែលកំពុងជិះល្បាតបានប្រទះឃើញ រួចក៏ឃាត់ខ្លួនអ្នកបើកបររថយន្ត នាំយកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ ដើម្បីសាកសួរ។

បន្ទាប់ពីកើតហេតុរថយន្ត រួមទាំងអ្នកបើកបរ ត្រូវបានសមត្ថកិច្ចជំនាញ ចុះមកស្ទូចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ


ចែករំលែក៖