ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមឧទ្ទាម ហូធីនៅយេមែន ផ្អាករាល់សកម្មភាពប្រឆាំង អារ៉ាប៊ីសាអ៊ូឌីត

ចែករំលែក៖

លោក Mahdi al-Mashat ប្រធានក្រុមប្រឹក្សានយោបាយរបស់ក្រុម ហូធី បានប្រកាសថា ចលនានេះ​បញ្ឈប់ការវាយប្រហារ​របស់ខ្លួន​ប្រឆាំង​អារ៉ាប៊ីសាអ៊ូឌីតដោយប្រើយន្តហោះដ្រូន ឬអាវុធធុនផ្សេងដទៃទៀត ។ ជាការតបត ក្រុមហូធី សង្ឃឹមថា ទីក្រុងរីយ៉ាត នឹង​ចេញ​ថ្លែងការណ៍មួយស្រដៀងគ្នានេះ សន្យាបញ្ឈប់វាយប្រហារ​ទីតាំង​ក្នុងទឹកដីយេមែន​ផងដែរ ។

លោក Al-Mashat បានបន្ថែមទៀតថា ក្រុមហូធី រក្សាសិទ្ធិ​ក្នុងការឆ្លើយតប បើសិន​អារ៉ាប៊ីសាអ៊ូឌីត​ព្រងើយកណ្តើយចំពោះ​ការផ្តល់ជូនទាំងនេះ ។

ប្រហែលជា១សប្តាហ៍​កន្លងមកហើយ ក្រោយពីក្រុមហូធី​បានប្រកាស​ទទួលស្គាល់​ការវាយប្រហារទីតាំងចម្រាញ់ប្រេង​របស់ អារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩នោះ ។ ការវាយប្រហារនេះ​បានធ្វើឲ្យអារ៉ាប៊ីសាអ៊ូឌីត​អាក់ខាន​ចម្រាញ់ប្រេង បង្កឲ្យមានវិបត្តិក្នុងការផ្គត់ផ្គង់ប្រេងនៅលើពិភពលោកអស់​រយៈពេលប៉ុន្មានថ្ងៃផងដែរ ។ ប៉ុន្តែបើទោះជាបែបនោះ ក៏ដោយ ទីក្រុងរីយ៉ាត​នៅតែ​អះអាង​តាមទស្សនៈផ្ទាល់ខ្លួនថា អ៊ីរ៉ង់​នោះទេ ជាអ្នកនៅពីក្រោយខ្នង​ វាយប្រហារ​តាមដែនអាកាស​ទៅលើទីតាំងចម្រាញ់ប្រេងនោះ ។

កាលពីថ្ងៃទី១៩ ខែកញ្ញា យោធាអារ៉ាប៊ីសាអ៊ូឌីត បានបង្ហាញ​បំបែក​មីស៊ីល និងដ្រូន ដែលបានប្រើប្រាស់​វាយប្រហារទីតាំងចម្រាញ់ប្រេង ហើយអះអាងថា ភស្តុតាងទាំងអស់នេះគឺមានប្រភពដើម​របស់វាពីអ៊ីរ៉ង់ ។ អាមេរិក បានគាំទ្រ​ការចោទប្រកាន់នេះ ហើយលោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក​បានចាត់ទុកថា ជាផ្នែកមួយនៃសកម្មភាពធ្វើសង្គ្រាម​របស់អ៊ីរ៉ង់ ។ ទីក្រុងតេអេរ៉ង់​បានបដិសេធន៍​រាល់ការចោទប្រកាន់អម្បាលម៉ាន​នោះ ហើយទាមទារ​ឲ្យមានការស៊ើបអង្កេតចំពោះភស្តុតាង​ដែលអារ៉ាប៊ីសាអ៊ូឌីតបានទទួលនោះ ។

សូមបញ្ជាក់ថា អារ៉ាប៊ីសាអ៊ូឌីតបានដឹកនាំកម្លាំងសម្ពន្ធមិត្ត​វាយប្រហារ​ទម្លាក់គ្រាប់បែក​ទីតាំងក្រុមឧទ្ទាមហូធី នៅក្នុងទឹកដីយេមែន​តាំងពីឆ្នាំ២០១៥មកម្ល៉េះ ពេលដែលសង្គ្រាមស៊ីវិល​បានផ្ទុះឡើង​នៅរដ្ឋមជ្ឈិមបូព៌ា​មួយនោះ ។

ប្រតិបត្តិការរបស់អារ៉ាប៊ីសាអ៊ូឌីត​គឺជួយដល់រដ្ឋាភិបាលយេមែន​របស់ប្រធានាធិបតី​ Abd Rabbuh Mansour Hadi ដែលបច្ចុប្បន្នជារដ្ឋាភិបាលនិរទ្ទេសខ្លួន​នៅទីក្រុងរីយ៉ាត ។ ដោយមិនទទួលបានជោគជ័យទៅលើក្រុមហូធីនោះ អារ៉ាប៊ីសាអ៊ូឌីត ក៏បាន​រាំងស្កាត់​ការរត់ពន្ធអាវុធ​ចូលទៅឲ្យក្រុមនេះពីបរទេស ។ ការទម្លាក់គ្រាប់បែក​នៅតែបន្ត ក៏ដូច​ជាការ​វាយស្ទាក់​ការរត់ពន្ធអាវុធផងដែរ ដែលជាញឹកញាប់​បណ្តាលឲ្យលេចចេញជាលទ្ធផល​ស្លាប់មនុស្ស​ច្រើននាក់ មិនតែក្នុងចំណោមក្រុមឧទ្ទាមនោះទេ ប៉ុន្តែ​ពលរដ្ឋជនស្លូតត្រង់ស៊ីវិល​ផងដែរ ៕


ចែករំលែក៖