គ្រឿងញៀន ចេញពីតំបន់ត្រីកោណមាស កំពុងតែចរាចរនៅគ្រប់ទិសទី ពិសេសនៅក្នុងតំបន់អាស៊ី ។ ពេលថ្មីៗនេះ ឆ្មាំការពារដែនសមុទ្ររបស់ឥណ្ឌា បានចាប់ខ្លួនបុរសជនជាតិភូមាចំនួន៦នាក់ និងរឹបអូសបានថ្នាំ ketamine មានតម្លៃ៤២លានដុល្លារអាមេរិក បន្ទាប់ពីចាប់នាវាមួយគ្រឿង នៅក្នុងមហាសមុទ្រឥណ្ឌា ក្បែរកោះ Nicobar ។
ក្រសួងការពារជាតិឥណ្ឌា បានចេញសេចក្តីថ្លែងការណ៍មួយថា ការដឹកជញ្ជូនគ្រឿងញៀន មានទម្ងន់១១៦០គីឡូក្រាម បានកើតឡើង បន្ទាប់ពីយន្តហោះរបស់ឆ្មាំសមុទ្រមួយគ្រឿង បានចេញប្រតិបត្ដិការ ហើយឃើញនាវាមួយគ្រឿងគួរឲ្យសង័្សយ។ ប៉ុន្ដែនៅពេលសមត្ថកិច្ចស្ទាក់ចាប់នាវានោះ ក៏ឆែកឃើញគ្រឿងញៀន មានទម្ងន់ជាង១តោន។
ក្រសួងការពារជាតិឥណ្ឌា បានបន្ថែមថា «ការវិភាគបឋម…បានបង្ហាញថា សារធាតុដែលសង័្សយនោះ គឺជាខេតាមីន (ketamine) មានចំនួន១១៦០កញ្ចប់ ហើយក្នុង១កញ្ចប់មានទម្ងន់១គីឡូក្រាម»។ ជាមួយគ្នានេះដែរ បុរសជាជនជាតិភូមិ នៅលើនាវាទាំង៦នាក់ និងវត្ថុតាង ក៏ត្រូវសមត្ថកិច្ចឥណ្ឌាចាប់។
ជនសង័្សយ បានអះអាងថា ពួកគេបានចាកចេញពីប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៤ ខែកញ្ញា ហើយគ្រោងនឹងរៀបចំប្រតិបត្តិការ នៅក្បែរខ្សែព្រំដែនសមុទ្រ រវាងប្រទេសថៃ – ម៉ាឡេស៊ី។ ប៉ុន្ដែនាវារបស់ពួកគេ ក៏ត្រូវសមត្ថកិច្ចឥណ្ឌាចាប់តែម្ដង។ រីឯគ្រឿងញៀនទាំងនេះ ពួកគេបាននាំចេញពីតំបន់ត្រីកោណមាស។
សូមជម្រាបថា តំបន់ត្រីកោណមាសនេះ គឺជាចំណុចមួយ នៃព្រំដែន រវាងប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃ។ នៅក្នុងតំបន់នោះ គឺជាកន្លែងផលិតគ្រឿងញៀនដ៏ធំបំផុតលំដាប់លេខ២របស់ពិភពលោក បន្ទាប់ពីអាមេរិកឡាទីន។ គ្រឿងញៀនមួយចំនួនធំ ដូចជា ហេរ៉ូអ៊ីន និង មេតំហ្វេតាមីន ត្រូវបានគេរកឃើញ នៅក្នុងមន្ទីរពិសោធន៍ នៅក្នុងព្រៃដាច់ស្រយាល ហើយត្រូវរត់ពន្ធឆ្លងកាត់ទូទាំងទ្វីបអាស៊ី និងតំបន់ផ្សេងៗទៀតផងដែរ៕