ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ បានធ្វើសកម្មភាពលួចកាច់សោកម៉ូតូមួយគ្រឿងបានសម្រេច ប៉ុន្តែបញ្ឆេះម៉ូតូមិនឆេះក៏បណ្ដើរបានបន្តិចត្រូវនារីរងគ្រោះ ចេញមកមិនឃើញម៉ូតូក៏រត់ដេញតាមនិងស្រែកឆោឡោផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចកំពុងជិះល្បាតឃើញជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនតែម្តង ។
ករណីចាប់ខ្លួនចោរលួចម៉ូតូខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចក្នុងបរិវេណផ្ទះលេខ២៦៩ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនសង្ស័យឈ្មោះ អុំ ម៉ៅ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ មឿន ស្រីនិច ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះលេខ៦៤១១ ផ្លូវ១៩២៨ ភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ សម្ភារបន្សល់ទុក ៖ ម៉ូតួ០១គ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ស ផលិតឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ1BQ-4065 (ប្រគល់ឲ្យជនរងគ្រោះវិញ) ។
យោងតាមមន្រ្តីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា មុនពេលើកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះរបស់ខ្លួន មកលេងផ្ទះប្អូន នៅចំណុចកើតហេតុខាងលើ ដោយបានទុកម៉ូតូនៅក្នុងបរិវេណផ្ទះហើយ ចាក់សោម៉ូតូត្រឹមត្រូវ រួចជនរងគ្រោះបានដើរចូលទៅក្នុងផ្ទះរបស់ប្អូន បានមួយសន្ទុះ ។ បន្ទាប់មកជនរងគ្រោះចេញមកមើលម៉ូតូរបស់ខ្លួន ស្រាប់តែមិនឃើញក៏ផ្អើលឆោឡោ រួចនាំគ្នាដើររកឃើញជនសង្ស័យខាងលើ កំពុងបណ្តើរម៉ូតូរបស់ខ្លួន ហើយជនរងគ្រោះបានហៅជនសង្ស័យសួរនាំ ស្របពេលនោះកម្លាំងល្បាតប៉ុស្តិ៍ភ្នំពេញថ្មី បានធ្វើការល្បាតដល់ចំណុចខាងលើ ឃើញហេតុការណ៍ក៏បាននាំខ្លួនជនសង្ស័យយកមកធ្វើការសាសួរ នៅអធិការដ្ឋាននគរបាលសែនសុខ ។ចំណែកបក្ខពួនជនសង្ស័យ ឈ្មោះ ប៉ុង គេចខ្លួន ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ចន្ទ លីហ្សា