ព័ត៌មានទាន់ហេតុការណ៍៖

ទ្រាំមិនបានទៅពួនសម្ងំជក់កញ្ជានៅបន្ទប់ទឹក យន្តហោះចុះចតជាបន្ទាន់

ចែករំលែក៖

បុរសម្នាក់បានធ្វើឲ្យជើងហោះហើរ​របស់ក្រុមហ៊ុនយន្តហោះដឹកអ្នកដំណើរ​មួយគ្រឿង របស់ក្រុមហ៊ុន អាមេរិកអ៊ែរឡាញ (American Airlines) បានចុះចតជាបន្ទាន់ ខណៈដែលអ្នកដំណើរ​ម្នាក់​បាននិយាយថា រូបគេមានផ្ទុកសារធាតុ​ថ្នាំញៀន​កាកូអ៊ីន ហើយ​ទៅនៅក្នុងបន្ទប់ទឹក​ចាក់សោ សម្ងំជក់កញ្ឆា ។
ប្រភពព័ត៌មានបានផ្សាយ​នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ថា យន្តហោះ​​អាមេរិក​អ៊ែរឡាញ​នេះ​ដឹកអ្នកដំណើរចាកចេញ​ពី​អាកាសយានដ្ឋាន អារីហ្សូណា ​ទៅកាន់ទីក្រុង មីនីសូតា បានចុះចតជាបន្ទាន់ នៅទីក្រុង ដេនវើរ ក្រោយពីជនសង្ស័យម្នាក់​បានប្រាប់គេឯងថា រូបគេ​មានផ្ទុកសារធាតុ​ថ្នាំញៀនកាកូអ៊ីន​ក្នុងខ្លួន ហើយបានចូលទៅដាក់គន្លឹះ​ពីខាងក្នុងបន្ទប់ទឹក​លើយន្តហោះ​ រួចសម្ងំជក់កញ្ឆា​យ៉ាងរំភើយ ។

សារព័ត៌មាន TMZ បានផ្សាយថា អ្នកដំណើរ​​លើយន្តហោះ ពេលឮសូរដូច្នោះ ក៏មានជ្រួលច្របល់ស្លន់ស្លោពេញយន្តហោះតែម្តង ។ ក្រុម​អ្នកបម្រើតាមយន្តហោះ​បានព្យាយាមចាប់​បុរសរូបនេះ ធ្វើឲ្យរូបគេ​រត់ចូលក្នុងបន្ទប់ទឹកចាក់សោនៅខាងក្នុងអស់រយៈពេល​ប្រហែល​១០នាទី ។

៥នាទីមុនពេលយន្តហោះ​ចុះចតបន្ទាន់ដោយសុវត្ថិភាព, ជននោះ​បានចេញពីបន្ទាប់ទឹក ហើយដើរទៅអង្គុយនៅកៅអីរបស់ខ្លួន ធ្វើហាក់មិនដឹងរឿងអ្វី ខណៈអ្នកដំណើរដទៃផ្សេងទៀត​មានការភ័យស្លន់ស្លោ​ និងខឹងសម្បាជាខ្លាំង ។ ប៉ូលិស​បាន​ទៅដល់ភ្លាមៗ ខណៈដែលយន្តហោះចុះចតបន្ទាន់នោះ បុរសរូបនេះ​ទាញ់កញ្ឆាដែលមូលរួចជាស្រេច និងដែកកេះ ដុតជក់​បន្តទៀត ។ អាកាសយានិក​បានស្នើ​អ្នកដំណើរចាកចេញពីយន្តហោះសិន ដើម្បីងាយស្រួលចាប់បុរសជក់កញ្ឆានោះ ដែលប្រុងដាល់អ្នកដំណើរ​ម្នាក់ ។

ប៉ូលិស​មិនបានដាក់ខ្នោះដៃជនរូបនោះទេ ដោយសារគេស្រែកទ្រហ៊ោយថា «ដោះវាចេញ វាឈឺ ខ្ញុំនឹងសម្លាប់អ្នក»​ជាដើម ។

អ្នកតំណាងឲ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិកបានបញ្ជាក់ប្រាប់ប្រភព Fox News កាលពីថ្ងៃសៅរ៍(២១ ខែកញ្ញា)ថា ជើងហោះហើរលេខ ២៤០៨ បានបង្វែរទិសដៅដោយសារតែ“ អ្នកដំណើរជួបការរំខានខាងលើនេះ” ហើយថា នៅពេលដែលយន្តហោះ​ចាកចេញដំណើរ គឺមានការត្រួតពិនិត្យ​ពីកងកម្លាំងអ្នកអនុវត្តច្បាប់ផងដែរ ។

អ្នកនាំពាក្យអាកាសចរណ៍​ខាងលើបានថ្លែងអំណរគុណដល់ក្រុមអ្នកបើកយន្ដហោះ ដែលបានយកចិត្តទុកដាក់ចំពោះអ្នកដំណើរដទៃផ្សេងទៀត ក្នុងពេលដែលមានឧប្បត្តិហេតុនេះកើតឡើង ។ ប៉ូលីសទីក្រុង Denver បានប្រាប់ប្រភពព័ត៌មាន TMZ ថា បុរសរូបនោះ មិនត្រូវបានចាប់ខ្លួនទេ ហើយក៏មិនហាមឃាត់ចំពោះ​ការទិញសំបុត្រ​តាមជើងហោះហើរដទៃទៀតដែរ​ដោយសារតែការរំខាននេះ ។ ប៉ូលិសគ្រាន់តែបានបញ្ជូនជនសង្ស័យ​ទៅកាន់មន្ទីរពេទ្យ​ព្យាបាលប៉ុណ្ណោះ ៕


ចែករំលែក៖