ស្ថានភាពនយោបាយនៅក្នុងប្រទេសអេហ្ស៊ីបកំពុងឆ្ពោះទៅរកភាពតានតឹងក្រោយពេលបាតុកម្មប្រឆាំងរដ្ឋាភិបាលដ៏កម្របានកើតឡើងនៅតាមទីក្រុងជាច្រើនរបស់អេហ្ស៊ីប អំពាវនាវប្រធានាធិបតី អាបដេល ហ្វេតតា អេល ស៊ីសស៊ី ( Abdel-Fattah el-Sissi) ចុះចេញពីតំណែង។ បាតុកម្មនៅតាមដងផ្លូវតូចៗ ក៏ត្រូវបានបំបែកយ៉ាងឆាប់រហ័ដដោយកងកម្លាំងប៉ូលិស ដោយប្រើឡានបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ។
បើតាមមជ្ឈមណ្ឌលសិទ្ធិ សេដ្ឋកិច្ច និងសង្គម អេហ្ស៊ីបបញ្ជាក់ថា មនុស្សរាប់សិបនាក់ត្រូវចាប់ខ្លួន ក្នុងនោះមានអ្នកកាសែត២នាក់ផងដែរ ។ ប៉ុន្តែមិនមាននរណាម្នាក់បាត់បង់ជីវិតត្រូវរាយការណ៍នោះទេ ។
លោក អេល ស៊ីសស៊ី អតីតជាអគ្គមេបញ្ជាការយោធា ដែលត្រូវបានគេមើលថា ជាអ្នកបានបង្ក្រាបលើអ្នកនយោបាយអេហ្ស៊ីបមិនធ្លាប់មានពីមុនមក ។ ការបំបិទមាត់របស់អ្នកប្រឆាំង ក៏ដូចដាក់គុកមនុស្សរាប់ពាន់នាក់ជាដើម ។
ជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោកស៊ីសស៊ី បានដឹកនាំកម្លាំងយោធាទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតសាសនាអិស្លាមនិយមរបស់លោក Hosni Mubarak ក្នុងឆ្នាំ២០១៣ អំឡុងពេលមហាបាតុកម្មប្រឆាំងប្រធានាធិបតីដែលកាន់តំណែងបានមួយរយៈពេលខ្លី ។
បាតុកម្មនៅពេលនេះ ក្រុមបាតុករបានធ្វើឡើងនៅទីក្រុងកៃរ៉ូ ជិតទីលាន Tahrir ទីកន្លែងមជ្ឈមណ្ឌលកើតមានបដិវត្តន៍អារ៉ាប់និទាឃរដូវ ទម្លាក់លោក Hosni Mubarak ក្នុងឆ្នាំ២០១១។
នៅទីក្រុងដទៃផ្សេងទៀតដូចជា អាឡិចសង់ទ្រៀជាដើម ក៏បាតុករផ្ទុះបាតុកម្មផងដែរ ។
កាលពីពេលថ្មីៗកន្លងមកនេះ មេដឹកនាំអេហ្ស៊ីប អេលស៊ីសស៊ី បានថ្លែងបដិសេធដោយខឹងសម្បារចំពោះការចោទប្រកាន់មកលើរូបលោកប្រព្រឹត្តអំពើពុករលួយ ហើយនិងការនិយាយភូតកុហក ។
នៅពេលនេះ អាជ្ញាធរអេហ្ស៊ីបនៅមិនទាន់អត្ថាធិប្បាយទាក់ទងបញ្ហាបាតុកម្មរបស់ក្រុមបាតុករនៅឡើយទេ ។ លោក អេល ស៊ីសស៊ី កំពុងស្ថិតនៅទីក្រុងញូវយ៉ក ចូលរួមអង្គមហាសន្និបាតអង្គការសហប្រជាជាតិ។
លោក អេល ស៊ីសស៊ី ត្រូវបានជ្រើសរើសជាប្រធានាធិបតីអេហ្ស៊ីបក្នុងឆ្នាំ២០១៤ និងជាប់ឆ្នោតជាថ្មីកាលពីឆ្នាំ២០១៨ ក្រោយបង្ក្រាបយ៉ាងចាស់ដៃ និងចាប់ដាក់គុកច្រវាក់ ព្រមទាំងគាបសង្កត់គំរាមកំហែងទៅលើអ្នកប្រឆាំងលើរូបគាត់ ។
រដ្ឋធម្មនុញ្ញានៅក្នុងប្រទេសនេះមានការកែប្រែអនុញ្ញាតឲ្យលោក ស៊ីសស៊ី កាន់អំណាចរហូតដល់ឆ្នាំ២០៣០ ។ ទោះមានការប្រឆាំងរារាំងយ៉ាងណាក៏ដោយ ក៏មិនអាចធ្វើឲ្យលោកស៊ីសស៊ីខកចិត្តចំពោះការគ្រប់គ្រងតាមបែបផ្តាច់ការរបស់ខ្លួននោះ។ នេះបើតាមការលើកឡើងរបស់ក្រុមអ្នកប្រឆាំងរដ្ឋាភិបាលអេហ្ស៊ីប ៕