ព័ត៌មានទាន់ហេតុការណ៍៖

បម្រែបម្រួលអាកាសធាតុ កំពុងក្លាយទៅជាប្រធានបទក្តៅនៅអាមេរិក

ចែករំលែក៖

អាមេរិក ក្រោមការដឹកនាំរបស់ ប្រធានាធិបតីដូណាល់ ត្រាំ បានបង្កឲ្យមានវិវាទយ៉ាងខ្លាំង ទាំងនៅក្នុងទឹកដីអាមេរិក និងបណ្តាប្រទេសជុំវិញពិភពលោក ដោយអាមេរិក បាន​សម្រេច​ដកខ្លួនចេញពីសន្ធិសញ្ញាទីក្រុងប៉ារីស ស្តីពីបម្រែបម្រួលអាកាសធាតុ​។ តាំងពី​ពេលនោះ​មក​រដ្ឋមួយចំនួន​នៅអាមេរិក ក៏បានអនុវត្តនយោបាយ  អាកាសធាតុដាច់ដោយឡែក​របស់ខ្លួន។

នៅពេលនេះ​ ចរាចរណ៍នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ជាប់គាំងដោយសារតែបាតុកម្មប្រឆាំង បម្រែបម្រួលអាកាសធាតុ។ កាលពីថ្ងៃទី​២៣ ខែ កញ្ញា ពលរដ្ឋអាមេរិក រាប់​ពាន់នាក់​បាន​នាំគ្នា​​ធ្វើបាតុកម្មនៅ​រដ្ឋធានី​ វ៉ាស៊ីនតោន ឌីស៊ី​​ ដើម្បីអំពាវនាវដល់រដ្ឋាភិបាលឲ្យមាន​សកម្មភាព ទប់ស្កាត់ បម្រែបម្រួល​អាកាសធាតុ​។

ក្រុមបាតុករបានប្រមូលផ្តុំគ្នា នៅមហាវិថីសំខាន់ៗនៅ វិមាន  Capitol ​​ឆ្ពោះទៅកាន់​កណ្តាល​​រដ្ឋធានី ដូចជា មហាវិថី​Independent ​មហាវិថី​ Forida ​ ធ្វើឲ្យផ្លូវថ្នល់ជាច្រើន​រងផល​ប៉ះ​ពាល់​យ៉ាងខ្លាំង។ បាតុកម្មកើតឡើងចំពេល​​មានមនុស្សធ្វើដំណើរ​ច្រើន​បន្ទាប់ពីការងារ​។

ក្រុមអ្នកប្រឆាំងបម្រែបម្រួលអាកាសធាតុ បានឲ្យដឹងថា បាតុកម្មបានទាក់ទាញ​មនុស្ស​ជាច្រើនចូលរួម ទាំង មន្ត្រីរដ្ឋការ ពលករ​ និស្សិត​​ …ដែលមានបំណងប្រឆាំង​បម្រែបម្រួល​អាកាសធាតុ​។កម្លាំងសន្តិសុខ​អាមេរិក ​បានដាក់ពង្រាយ​កម្លាំងប៉ូលិសជាច្រើន ដើម្បីសម្រួលចរាចរណ៍​ ​ក៏ដូចជាស្នើរដល់ពលរដ្ឋ​ប្រើប្រាស់មធ្យោបាយធ្វើដំណើរ​សាធារណៈ ដើម្បី​កាត់បន្ថយ​ការកកស្ទះ។

កន្លងមក កាលពីថ្ងៃទី​២០​ ខែកញ្ញា ពលរដ្ឋ នៅជុំវិញពិភពលោក រាប់លាននាក់ បាន បានចូលរួមដង្ហែក្បួនបាតុកម្ម ប្រឆាំងបម្រែបម្រួលអាកាសធាតុ ​ដោយបានអំពាវនាវដល់ បណ្តាមេដឹកនាំមានវិធានការ ទប់ស្កាត់ ការប្រែប្រួលអាកាសធាតុ កម្តៅផែនដីកើនឡើង។តាមគម្រោង នៅសប្តាហ៍ក្រោយនឹងមានបាតុកម្មកើតឡើងដល់ទៅ​៥៨០០ កន្លែង នៅក្នុង១៦៣ ប្រទេសជុំវិញពិភពលោក​ ក្នុងនោះ នៅអាមេរិក មានគម្រោងបាតុកម្ម​៨០០ កន្លែង នៅអាល្លឺម៉ង មាន​៤០០ កន្លែង​…៕

 


ចែករំលែក៖