ភ្នំពេញ ៖ យុវជនម្នាក់ បានរងរបួសបែកក្បាលធ្ងន់ធ្ងរ ហើយត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលក្រុមចោរមួយក្រុមបានធ្វើសកម្មភាពព្រួតវាយរូបគេ ប៉ុនប៉ង់ប្លន់យកម៉ូតូ ប៉ុន្តែមិនបានសម្រេច ត្រូវប្រជាពលរដ្ឋជួយធ្វើអន្តរាគមន៍ទាន់ពេលវេលា ។
ករណីវាយប្លន់ម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវបេតុងខាងក្រោយវត្តភ្នៀត ស្ថិតក្នុងភូមិស្នោលិច សង្កាត់ស្នោ ខណ្ឌកំបូល ។
ជនរងគ្រោះឈ្មោះ ឡុច សុខលី ភេទប្រុស អាយុ២៥ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅភូមិទួលលាត់ សង្កាត់កំបូល ខណ្ឌកំបូល ជាអ្នកបើកបរម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១១០(ហៅសង់បិច) ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ ១BT-៤០៧៨ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១១០(ហៅសង់បិច) ទៅយកមិត្តភក្តិរបស់ខ្លួននៅជិតភ្នំបាសិត ដើម្បីយកមកលេងនៅផ្ទះ ។ លុះជិះម៉ូតូបានពាក់កណ្តាលផ្លូវ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ីគីនិច មកពីក្រោយទន្ទឹមគ្នា រួចជនសង្ស័យបានយកមួកសុវត្ថិភាពវាយមកលើរូបខ្លួន បណ្តាលឲ្យដួលម៉ូតូចូលភក់ ភ្លាមនោះជនសង្ស័យក៏ចុះដេញវាយបន្ថែមទៀត ទើបធ្វើឲ្យខ្លួនភ័យរត់ចោលម៉ូតូ ។
ប្រភពដដែលបន្តថា បន្ទាប់ពីរូបគេបានរត់ចោលម៉ូតូហើយ ក៏ត្រលប់មកយកម៉ូតូវិញ ក៏ត្រូវជនសង្ស័យទាំង២នាក់នោះ បានយកដំបងដេញវាយទៀត បណ្តាលឲ្យរងរបួសបែកក្បាលរងរបួសធ្ងន់ធ្ងរ ហើយក៏ស្រែកថាចោរៗ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ព្រមទាំងប្រជាការពារដែលយាមនៅជិតវត្តនាំគ្នាមកជួយធ្វើអន្តរាគមន៍ដេញតាមចាប់ដែរ តែក្រុមជនសង្ស័យរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ ប្រជាពលរដ្ឋឃើញជនរងគ្រោះប្រឡាក់សុទ្ធតែភក់ និងរងរបួសបែកក្បាលយ៉ាងធ្ងន់ធ្ងរ ក៏បានទាក់ទងទៅក្រុមគ្រួសារមកដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។ ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅនគរបាលប៉ុស្តិ៍ស្នោ រង់ចាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹង និងប្រគល់ម៉ូតូអោយជនរងគ្រោះវិញ ៕ សុខា សែនជ័យ