ចាប់តាំងពី ប្រធានាធិបតី ឌុយទែរតេបានឡើងកាន់អំណាចដឹកនាំប្រទេសហ្វីលីពីន លោកបានអនុវត្តគោលនយោបាយតឹងតែងបំផុត ក្នុងនោះ មានការកម្ចាត់គ្រឿងញៀន ការកម្ចាត់អំពើពុករលួយ ។ ក្រៅពីនេះលោករងការចោទប្រកាន់ថាបានរំលោភបំពានសិទ្ធិមនុស្ស។
ពាក់ព័ន្ធនឹង សកម្មភាពនៅក្នុងប្រទេសហ្វីលីពីន អង្គការក្រៅរដ្ឋាភិបាលឈ្មោះ Global Witness បានប្រាប់ឲ្យដឹងនាថ្ងៃ ទី២៤ កញ្ញាថា ចំនួនឃាតកម្មសម្លាប់សកម្មជនអ្នកការពារបរិស្ថាន និងអ្នកការពារសិទ្ធិដីធ្លីមានការកើនឡើង តាំងពីការជាប់ឆ្នោតប្រធានាធិបតីរបស់លោកឌុយទែរតេ។ ទន្ទឹមគ្នានេះ អង្គការក្រៅរដ្ឋាភិបាលដដែលបានចោទលោកឌុយទែរតេពីបទបានញុះញង់ អុជអាលឲ្យមានអំពើហិង្សាតាមរយៈវោរហារសាស្រ្តរបស់លោក។ តាម Global Witness មានមនុស្សឃាតសរុបចំនួន ១១៣ករណី គិតតាំងពីការឡើងកាន់តំណែងរបស់លោកឌុយទែរតេនាពាក់កណ្តាលឆ្នាំ ២០១៦។
ករណីឃាតកម្មសម្លាប់ក្រុមសកម្មជនការពារបរិស្ថាន និងការពារដីធ្លីនៅហ្វីលីពីនមិនមែនជារឿងថ្មីទេ តែអង្គការក្រៅរដ្ឋាភិបាល Global Witness បានកត់សម្គាល់ឃើញថា ស្ថានការណ៍បានធ្លាក់ដុនដាបកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាមួយនឹងមនុស្សឃាតចំនួន ៣០ករណីក្នុងឆ្នាំ ២០១៨ ហ្វីលីពីនបានក្លាយជាប្រទេសគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ក្រុមសកម្មជនការពារបរិស្ថាន និងដីធ្លី។ លោកបេន លីថឺ អ្នកទទួលខុស ត្រូវម្នាក់របស់ Global Witness បានថ្លែងប្រាប់ AFP ថា តាំងពីលោកឌុយទែរតេឡើងកាន់អំណាច អត្រាឃាតកម្មសម្លាប់សកម្មជនការពារបរិស្ថាន និងដីធ្លីមានការកើនឡើងខ្លាំង។
ជាសរុប មានមនុស្សឃាតចំនួន ១១៣ករណីតាំងពីលោកឌុយទែរតេចូលកាន់តំណែងនាពាក់កណ្តាលឆ្នាំ ២០១៦។ « វោរហារសាស្រ្តគំរាមរបស់ប្រធានាធិបតីប្រឆាំងនឹងក្រុមសកម្មជន បូកទាំងបរិយាកាសនៃអំពើហិង្សា និងនិទណ្ឌភាពតាមរយៈសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោកឌុយទែរតេបានធ្វើឲ្យចំនួនឃាតកម្មកើនឡើងយ៉ាងខ្លាំង » នេះជាបញ្ជាក់បន្ថែមរបស់លោកបេន លីថឺ។ គួររម្លឹកថា ការជាប់ឆ្នោតជាប្រធានាធិបតីរបស់លោកឌុយទែរតេក្នុងឆ្នាំ ២០១៦ ក៏ដោយសារតែលោកបានសន្យាកំចាត់ឲ្យអស់នូវគ្រឿងញៀនដោយមិនខ្លាចសម្លាប់អ្នករត់ពន្ធគ្រឿងញៀន ឬអ្នកប្រើប្រាស់គ្រឿងញៀនជាច្រើនពាន់នាក់ទេ។
តាមតួលេខផ្តល់ដោយរដ្ឋាភិបាល មានអ្នករត់ពន្ធគ្រឿង ឬអ្នកប្រើប្រាស់គ្រឿងញៀនជាង ៥ ៥០០នាក់ត្រូវបានសម្លាប់ តែអង្គការក្រៅរដ្ឋាភិបាលបានយល់ឃើញថា អាចមានដល់ទៅជាង ២០ ០០០នាក់។ តាម Global Witness អំពើហិង្សា និងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោកឌុយទែរតេបានបង្កើតឲ្យមានវប្បធម៌និទណ្ឌភាព និងការភ័យខ្លាច ហើយគឺវប្បធម៌និទណ្ឌភាព និងការភ័យខ្លាចនេះឯងដែលបានជំរុញឲ្យមានការប្រើអំពើហិង្សាស្របច្បាប់ដោយអំណាចនយោបាយ និងសេដ្ឋកិច្ច។ គួរបញ្ជាក់ថាខុសពីប្រធានាធិបតីហ្វីលីពីនមុនៗ លោកឌុយទែរតេត្រូវបានគេស្គាល់ជាមនុស្សពូកែនិយាយ ចូលចិត្តប្រើពាក្យអសុរោះ និងមិនញញើតគំរាមត្រង់លើគូប្រជែងរបស់ខ្លួនទេ៕