មកទល់ពេលនេះ អ្នកស្លាប់កើនឡើង ដល់ទៅ២៧នាក់ហើយ នៅក្នុង អំពើហិង្សាកើតឡើងជាថ្មី រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះស្ថិតនៅប៉ាពូអាស៊ី ខេត្តភាគខាងកើតប្រទេសឥណ្ឌូណេស៊ី។ ក្នុងចំណោមអ្នកស្លាប់និងរងរបួស ក្នុងនោះមានម្នាក់ជាយោធាបន្ទាប់ពីរងរបួសដោយកាំបិតធ្ងន់ធ្ងរពេក។ តុល្យការនៃជនរងគ្រោះអាចនឹងកើនឡើងថែមទៀត។ តើអ្វីជាដើមហេតុនាំមានកុបកម្មហិង្សា យ៉ាងដូច្នេះ ?
អំពើហិង្សាបានផ្ទុះឡើងនៅក្នុងវិទ្យាល័យមួយនៅ Wamena ក្រុងដ៏សំខាន់ជាងគេរបស់ខេត្តប៉ាពូអាស៊ីឥណ្ឌូណេស៊ី។ ភ្លើងកំហឹងបានឆាបឆេះឡើង ទំនងដោយហេតុថាមានអ្នកគ្រូម្នាក់បានប្រដូចកូនសិស្សជនជាតិប៉ាពូអាស៊ី ទៅនឹងសត្វ “ស្វា”។ គេមិនដឹងថាតើអ្នកគ្រូនោះបានពោលពាក្យជេរមែនឬយ៉ាងណាទេ ប៉ុន្តែបាតុកម្មបានផ្ទុះឡើង ហើយរាលដាលទៅជាអំពើហិង្សាចលាចល ដុតអគារ មានអគ្គីភ័យដែលបណ្តាលឱ្យមានមនុស្សស្លាប់អស់ជាច្រើននាក់។ ឯប៉ូលិសវិញក៏បានចេញបង្ក្រាបដោយបាញ់គ្រាប់បែកផ្សែង។
ហេតុអ្វីគ្រាន់តែគ្រូជេរសិស្ស បែរជារាលដាលទៅជាការប៉ះបោរប្រឆាំង ? ពីព្រោះរងើកភ្លើងកំហឹងមានស្រាប់ ! ជនជាតិប៉ាពូអាស៊ី មានអារម្មណ៍ជាជនរងគ្រោះនៃការរើសអើងពូជសាសន៍ និងជាពលរដ្ឋស្រទាប់ក្រោមរបស់ឥណ្ឌូណេស៊ី តាំងពីឥណ្ឌូណេស៊ីចូលមកកាន់កាប់តំបន់នៅឆ្នាំ១៩៦០មក។ ម្យ៉ាងទៀត ធនធានធម្មជាតិ របស់ប៉ាពូអាស៊ី ត្រូវបានរដ្ឋាភិបាលឥណ្ឌូណេស៊ី ទាញយកអស់ដោយគ្មានផ្តល់ផលអ្វីបន្តិចបន្តួចដល់ពលរដ្ឋក្នុងតំបន់ជាម្ចាស់ដើមទេ។ មានដើមកំណើតជាជនជាតិមេឡាណេស្ហ៊ី មានពណ៌សម្បុរស្បែកខ្មៅ ជាងពលរដ្ឋភាគច្រើនឥណ្ឌូណេស៊ី ដែលមានដើមកំណើតម៉ាឡេ ពលរដ្ឋប៉ាពូអាស៊ី រងគ្រោះជាប្រចាំពីការប្រកាន់ពូជសាសន៍ ហើយជាចុងក្រោយ គឺមកពីពួកគេចង់បានឯករាជ្យ តែរដ្ឋាភិបាលឥណ្ឌូណេស៊ីបដិសេធ។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ហ្សូកូ វីដូដូ បានសន្យា ក្នុងពេលឃោសនាបោះឆ្នោត ថានឹងជួយពលរដ្ឋប៉ាពូអាស៊ីឱ្យមានជីវិតប្រសើរឡើងក្នុងសង្គម ដូចបណ្តាពលរដ្ឋពេញផ្ទៃប្រទេសផ្សេងទៀត។ ប៉ុន្តែរហូតមកទល់ពេល ពលរដ្ឋប៉ាពូអាស៊ីបានត្រឹមតែរង់ចាំ៕