ភ្នំពេញ៖ ដំណើរទៅកាន់ទឹកដីនៃប្រទេសអូស្ត្រាលីដើម្បីច្រៀងរាំ របស់តារាចម្រៀងប្រុសស្រីល្បីឈ្មោះកញ្ញា ខេលី កញ្ញា រស់ កែវធីតា និងលោក មុត ឧត្តម នោះ ហាក់ទទួលបានការគាំទ្រច្រើនពីប្រជាជនខ្មែររស់នៅទីនោះ។ ក្រៅពីការច្រៀង និងដំណើរកម្សាន្តនាងក៏បានបង្ហាញមុខនៅតំបន់កម្សាន្តសំខាន់ៗមួយចំនួនរបស់ប្រទេសអូស្ត្រាលីជាមួយទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
តារាចម្រៀងបងប្អូនបង្កើត កញ្ញា ខេលី និងកញ្ញា រស់ កែវធីតា រួមទាំងលោក មុត ឧត្តម បានឡើងយន្តហោះទៅដល់ប្រទេសអូស្ត្រាលីចាប់តាំងពីថ្ងៃទី២១ខែសីហាមកម្ល៉េះ។ ពួកគេទទួលបានការគាំទ្រច្រើនលើសលប់ខណៈតុនិងសំបុត្រសម្រាប់ការចូលទស្សនានិងរាំលេងកម្សាន្តលក់លេញគ្មានសល់។
ថ្លែងពីប្រទេសអូស្ត្រាលីតាមរយៈ សារអេឡិចត្រូវនិច កញ្ញា ខេលី លើកឡើងថា ទើបតែថ្មីៗនេះនាង ប្អូនស្រីកញ្ញា និងលោក មុត ឧត្តម ទទួលបានការអញ្ជើញពីសមាគមខ្មែរ ប្រចាំទីក្រុងម៉ែលប៊ន ។
នាងបញ្ជាក់ថា ការចេញច្រៀងពីរនាក់បងប្អូននៅលើទឹកដីនៃប្រទេសអូស្ត្រាលីគឺជាបំណងប្រាថ្នាធំមួយទៀតរបស់នាងនិងប្អូនស្រីក្រោយពីនាងនិងប្អូនស្រីបានសម្តែងរួមគ្នានៅប្រទេសបារាំងប្រកបដោយជោគជ័យកាលពីចុងឆ្នាំ២០១៨។
នាងបន្តថាមានទីក្រុងនិងតំបន់ជាច្រើនដែលនាងនិងប្អូនស្រីបានចេញទៅច្រៀងរាំ ពិសេសនៅតំបន់ដែលមានបងប្អូនខ្មែររស់នៅ ពិសេសដើម្បីចូលរួមអបអរពិធីភ្ជុំបិណ្ឌដែលជាពិធីសាសនា និងជាប្រពៃណីទំនៀមទម្លាប់ខ្មែរ។
នាងពិតជាសប្បាយរីករាយខ្លាំងក្រោយពីការគាំទ្រច្រើនពីប្រជាជនខ្មែរ និងជនជាតិអូស្ត្រាលីផ្ទាល់ដែលបានចូលរួមកម្សាន្តនៅរាល់ការសម្តែងទាំងនោះ។ នាងនៅមានការសម្តែងច្រៀងរាំជាច្រើនបន្ថែមទៀតមុនពេលចាកចេញដំណើរវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។
ជាមួយគ្នានេះនាងក៏ថ្លែងអំណរគុណចំពោះម្ចាស់កម្មវិធី អ្នកស្រី សៀម អេង និងអ្នកស្រី រដ្ឋា ដែលបានផ្តល់ឱកាសជួយសម្របសម្រួល និងអញ្ជើញនាងមកកាន់ទឹកដីនៃប្រទេសអូស្ត្រាលីជាមួយប្អូនស្រី។ ក្រៅពីការច្រៀង នាងនិងប្អូនស្រីក៏បានចេញដើរកម្សាន្តនៅតំបន់ទេសចរណ៍សំខាន់ៗរបស់ប្រទេសអូស្ត្រាលីផងដែរ៕ វឌ្ឍនា