នាយករដ្ឋមន្ត្រីប៉ាគីស្ថានក៏ដូចជាឥណ្ឌាបាន ទៅកាន់អាមេរិក ចូលរួមកិច្ចប្រជុំ មហាសន្និបាតអង្គការសហប្រជាជាតិ ហើយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានស្នើឲ្យប្រធានាធិបតី ដូណាល់ ត្រាំ ជួយដោះស្រាយបញ្ចប់វិបត្តិ ។ ប៉ុន្តែភាគី ឥណ្ឌាមិនចង់ឲ្យអន្តរជាតិចូលរួមក្នុងការដោះស្រាយនោះឡើយ។
កាស្មៀរជាតំបន់ស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ឥណ្ឌា ដូច្នេះទីក្រុងញូវដេលី មានសិទ្ធិគ្រប់គ្រាន់នៅក្នុងការ ដោះស្រាយវិបត្តិក្នុងតំបន់កាស្មៀរ។ នៅពេលនេះដែរ អគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅអង្គការសហប្រជាជាតិ លោក Syed Akbaruddin កាលពីថ្ងៃទី១៦ ខែសីហា បានថ្កោលទោស ដល់ការជ្រៀតជ្រែក ពីសហគមន៍អន្តរជាតិទៅលើតំបន់កាស្មៀរ របស់ឥណ្ឌា។
ការប្រកាសរបស់លោក Syed Akbaruddin ក្រោយពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះប្រជុំស្តីពីវិបត្តិនៅតំបន់កាស្មៀរតាមសំណើរបស់ប៉ាគីស្ថាន ។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងញូវយ៉ក អគ្គរដ្ឋទូតអាមេរិក បញ្ជាក់ថា«យើង មិនត្រូវការសហគមន៍អន្តរជាតិចូលរួមនោះឡើយ យើងអាចគ្រប់គ្រងជីវភាពរស់នៅរបស់យើងបាន។
កន្លងមក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ស្នើដល់ ប៉ាគីស្ថាន និងឥណ្ឌារក្សាការអត់ធ្មត់ បញ្ចៀសសង្គ្រាមកើតឡើង អាចក្លាយទៅជាសង្គ្រាមទ្រង់ទ្រាយធំ ។ ឥណ្ឌានឹងប៉ាគីស្ថាន ចាំបាច់ត្រូវតែអង្គុយពិភាក្សាគ្នា ស្វែងរកដំណោះស្រាយ។
ចំណែកនៅក្នុងតំបន់កាស្មៀរវិញកម្លាំងទាហានប្រទេសទាំងពីរក៏បានប៉ះទង្គិចគ្នា បណ្តាលឲ្យមានទាហានស្លាប់ជាច្រើននាក់ កាលពីដើមខែកញ្ញា បានបង្កក្តីបារម្ភកាន់តែខ្លាំងថែមទៀត។
តំបន់កាស្មៀរ ដែលស្ថិតនៅតាមបណ្តោយភ្នំហិមព្វាន (Himalaya) គឺជាចំណុចវិវាទយ៉ាងខ្លាំង រវាងរដ្ឋាភិបាលឥណ្ឌា និងប៉ាគីស្ថាន។ ប្រទេសទាំង២នាក់នេះ សុទ្ធតែមានអាវុធមហាប្រល័យលោក (បរមាណូ) ដូចគ្នា ។ ដូច្នេះសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពិតជាពិបាកធ្វើសកម្មភាពខ្លាំងណាស់ ដោយសារសមាជិកអចិន្ត្រៃចំនួន៥ ហើយមាន៤ប្រទេស គាំទ្រដល់សកម្មភាពរបស់ឥណ្ឌា។ ដោយឡែករដ្ឋាភិបាលចិនតែម្នាក់ឯងប៉ុណ្ណោះ នៅតែបន្ដគាំទ្រប៉ាគីស្ថាន។
កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ រដ្ឋាភិបាលឥណ្ឌាបានប្រកាស ដកហូតសិទ្ធគ្រប់គ្រងស្វ័យភាព នៅក្នុងតំបន់កាស្មៀ ហើយប្រកាសដាក់តំបន់នោះ ស្ថិតក្នុងគ្រាអាសន្ន។ ក្រៅពីនេះគ្រប់បណ្ដាញទំនាក់ទំនងសេវាកម្មអ៊ិនធឺណេតនានា ត្រូវបានកាត់ផ្តាច់។
ស្របពេលរដ្ឋាភិបាលឥណ្ឌា និងប៉ាគីស្ថាន កំពុងតែតានតឹងដាក់គ្នាយ់ាខ្លាំងនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវដល់រដ្ឋាភិបាល នៃប្រទេសទាំង២ រក្សានូវការអត់ធ្មត់ បញ្ចៀសរាល់ការប៉ះទង្គិចគ្នា ដោយអាវុធ។
ពាក់ព័ន្ធនឹងការដកសិទ្ធិគ្រប់គ្រងស្វ័យភាព រដ្ឋាភិបាលឥណ្ឌា ចាត់ទុកថ្ងៃទី១៥ ជាថ្ងៃដែលដកសិទ្ធិតំបន់កាស្មៀ ជាថ្ងៃ បុណ្យឯករាជជាតិរបស់ឥណ្ឌា។ ពីរដ្ឋធានីញូដេលី លោកនាយករដ្ឋមន្ត្រី ណារិន្ទ្រ ម៉ូឌី បានថ្លែងសន្ទរកថា ដោយបានផ្តោតសំខាន់ ទៅលើផែនការនយោបាយរបស់លោក នៅឯតំបន់កាស្មៀរ។ នៅក្នុងសន្ទរកថានោះ លោកនាយករដ្ឋមន្ត្រីហិណ្ឌូជាតិនិយមរូបនេះ បានលើកឡើងថា ការសម្រេចលប់ចោលនូវស្វ័យភាព របស់តំបន់កាស្មៀរឥណ្ឌា គឺជាការសម្រេចដ៏ក្លាហាន ដែលពុំមានមេដឹកនាំឥណ្ឌាណាធ្វើទេពីមុនមក។ លោកថា ដល់ពេលហើយដែលអំណាចរដ្ឋឥណ្ឌា ត្រូវចាត់វិធានការ អភិវឌ្ឍន៍តំបន់នេះ ដោយផ្ទាល់ដៃ។
ពីវិមានក្រហម រដ្ឋធានីញូដេលី លោកនាយករដ្ឋមន្ត្រី ណារិន្ទ្រ ម៉ូឌី បានលើកឡើងអំពីជោគជ័យនៃផែនការនយោបាយរបស់លោក សម្រាប់តំបន់កាស្មៀរ ដើម្បីជាការអបអរ ដល់ទិវាឯករាជជាតិឥណ្ឌា។ លោក ណារិន្ទ្រ ម៉ូឌី បានថ្លែងថា ការដកចេញនូវស្វ័យភាពតំបន់កាស្មៀរ ដែលមានចែងក្នុងមាត្រា ៣៧០ នៃរដ្ឋធម្មនុញ្ញនោះ គឺជាការសម្រេចចិត្តដ៏ក្លាហាន និងដំបូងគេបង្អស់។ លោកថា វាដល់ពេលហើយ ដែលត្រូវមានគំនិតថ្មី ផែនការថ្មី ដើម្បីរំដោះតំបន់នេះ ចេញពីភាពហែកហួរនយោបាយ និងយោធាមិនចេះចប់។
លោកណារិន្ទ្រ ម៉ូឌីបន្តថា ជាច្រើនទសវត្សមកហើយ ដែលការស៊ុំគ្រលំគ្នា រវាងមេដឹកនាំនៃតំបន់កាស្មៀរនេះ បានបង្កឲ្យមានអំពើពុករលួយ បក្សពួកនិយម និងអំពើអយុត្តិធម៌សង្គម ដល់ប្រជាជន។ ចាប់ពីពេលនេះទៅ សេចក្តីសង្ឃឹម ការសុបិនចង់បានការអភិវឌ្ឍន៍រីកចំរើន របស់ប្រជាជនតំបន់នេះ នឹងលេចរូបរាងឡើង។
សូមបញ្ជាក់ថា សភាទាំង២របស់ឥណ្ឌា បានបោះឆ្នោតយល់ព្រមចំពោះការលប់ចោលមាត្រា៣៧នៃរដ្ឋធម្មនុញ្ញឥណ្ឌានេះ។ ទន្ទឹមគ្នានេះដែរ រដ្ឋាភិបាលឥណ្ឌា បានដាក់ស្នើច្បាប់មួយទៀត ទៅកាន់សភា ដើម្បីបំបែករដ្ឋ Jammu-Cachemire ជាពីរ។ ផ្នែកខាងកើត ដែលជាតំបន់ Ladakh ហើយសំបូរអ្នកកាន់សាសនាព្រះពុទ្ធរស់នៅ នឹងត្រូវផ្តាច់ចេញ ជារដ្ឋមួយដោយឡែក។ ចំណែក ដែនដី Jammu-Cachemire ដែលនៅសល់ ហើយដែលមួយផ្នែកខាងលិចមានអ្នកកាន់សាសនាអ៊ីស្លាម និងមួយផ្នែកខាងកើតមានអ្នកកាន់សាសនាហិណ្ឌូនោះ និងបាត់បត់លក្ខខន្តិកៈជារដ្ឋសហព័ន្ធ។ តំបន់នេះ នឹងក្លាយជាដែនដីនៃសហភាព ដែលមានន័យថា នឹងត្រូវស្ថិតក្រោមចំណុះដោយផ្ទាល់ ពីរដ្ឋាភិបាលក្រុងញូដេលី។
លោកនាយករដ្ឋមន្ត្រីឥណ្ឌា ក៏បានប្រកាសថា ចាប់ពីពេលនេះទៅ ឥណ្ឌានឹងមាន អគ្គមេបញ្ជាការកងទ័ពលើផ្ទៃប្រទេស ដើម្បីធ្វើជាមនុស្សស្នូលកណ្តាល គ្រប់គ្រងទាំងកងទ័ពជើងទឹក ជើងគោក និងផ្លូវអាកាស។
ដោយឡែក លោក Imran Khan នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានថ្លែងកាលពីថ្ងៃពុធថា ប៉ាគីស្ថាន បានស៊ើបដឹងយ៉ាងច្បាស់ ថាកងទ័ពឥណ្ឌាមានបំណងធ្វើអ្វីម្យ៉ាង នៅក្នុងតំបន់កាស្មៀរប៉ាគីស្ថាន។ លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន អះអាងថា កងទ័ពប៉ាគីស្ថាន ត្រៀមខ្លួនជានិច្ចដើម្បីទប់ទល់រាល់ ការឈ្លានពានរបស់ឥណ្ឌា មកលើតំបន់កាស្មៀររបស់បាគីស្ថាន៕