ភ្នំពេញ៖ ថ្ងៃទី២៥ ខែកញ្ញា វេលាម៉ោង៣៖២០នាទីទៀបភ្លឺ នេះ មានករណីគ្រោះអគ្គិភ័យមួយកន្លែងកើតឡើងនៅដីឡូតិ៍គ្មានលេខ ស្ថិតតាមបណ្តោយផ្លូវបេតុង ភូមិព្រែកសណ្តែក សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ច បញ្ជាក់ថា ម្ចាស់ទីតាំងឈ្មោះ Ah Pi ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិចិន ជាម្ចាស់ឃ្លាំងទិញលក់កម្ទេចក្រណាត់ ។
ដីឡូតិ៍នេះ មានទំហំ៦៥ម៉ែត្រគុណនឹង៨០ម៉ែត្រ ដោយឆេះកម្ទេចក្រណាត់ប្រហែល៣០ភាគរយនិងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡេីយ ។
អាជ្ញាធរ បានប្រេីរថយន្តការិយាល័យអគ្គិភ័យ ចំនួន១៣គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន៣០ឡាន ស្មេីនឹង១២០ម៉ែត្រគូប ។ រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួនមួយគ្រឿង ប្រេីប្រាស់ទឹកអស់ចំនួនមួយឡាន ស្មេីនឹង៨ម៉ែត្រគូប ។
អគ្គិភ័យនេះបានពន្លត់ទាំងស្រុង នៅវេលាម៉ោង៤៖៥៥នាទីទៀបភ្លឺ ។ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវនៅឡេីយ ៕