ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវជិះម៉ូតូ៣នាក់បុកលោកយាយកំពុងជិះកង់បណ្តាលអោយស្លាប់​ នៅស្រុកខ្សាច់កណ្តាល​ បែរជាជនបង្ករបួសស្រាលសោះ​ ដេកពេទ្យទៅបាត់រហូតលែងត្រឡប់មកវិញ​ !

ចែករំលែក៖

ខេត្តកណ្តាល៖ តេីយុត្តិធម៌នៅឯណា​ ? ខណៈក្មេងស្ទាវ៣នាក់​ ជិះម៉ូតូមួយគ្រឿងបុកលោកយាយម្នាក់អាយុ៦៦ឆ្នាំ​ កំពុងជិះកង់ទៅផ្សារ​ បណ្តាលអោយស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ​ ។

ប៉ុន្តែអ្វីជាការហួសចិត្តនោះ​ គឺ​ អ្នកបេីកបរម៉ូតូគ្រាន់តែរងរបួសស្រាល​ សោះ​ បានចាកចេញពីកន្លែងកេីតហេតុ​ ទៅមន្ទីរពេទ្យ​ តែបានទៅរហូតលែងត្រឡប់មកវិញ​ ពោលគឺ​ ទុកអោយឪពុកម្តាយចេញមុខចរចារសំណងជាមួយភាគីក្រុមគ្រួសារនៃសពទៅវិញ​ ។

លេីសពីនេះទៅទៀត​ បែរជាខាងនគរបាលស្រុកខ្សាច់កណ្តាល​ យកឪពុកម្តាយបង្កេីតរបស់ជនបង្ក​ មកធ្វេីជាសាក្សីក្នុងសំណុំរឿងនេះទៅវិញ​ ដែលហាក់បង្ហាញពីភាពមិនប្រក្រតី​ ឈានដល់ការសម្រេចមួយ​ ដែលមិនអាចជឿទុកចិត្តបាន​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ កេីតឡេីងកាលពីវេលាម៉ោង១៥៖៤០នាទី​ ថ្ងៃទី៨​ ខែកក្កដា​ ឆ្នាំ២០១៩​ ស្ថិតនៅកំណាត់ផ្លូវលេខ៣៨១​ ភូមិព្រែកតាទន់​ ឃុំព្រះប្រសប់​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​ ។

ជនបង្កមានគ្នា៣នាក់​ ទី១​ ឈ្មោះ​ ម៉ូវ​ ម៉េងអូន​ ភេទប្រុស​ អាយុ១៦ឆ្នាំ​ ទី២​ ឈ្មោះ​ សេង​ សុវណ្ណារិទ្ធ​ ភេទប្រុស​ អាយុ១៦ឆ្នាំ​ និង​ ទី៣​ មិនទាន់ស្គាល់អត្តសញ្ញាណ​ ។

ចំណែកជនរងគ្រោះឈ្មោះ​ ហួរ​ ហ៊ួយ​ ភេទស្រី​ អាយុ៦៦ឆ្នាំ​ ។

របាយការណ៍ពីការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ ដែល​ ទេីបទទួលបាននៅរសៀលថ្ងៃទី២៥​ ខែកញ្ញា​ នេះ​ បង្ហាញថា​ មុនពេលកេីតហេតុ​ មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់​ សេ១២៥​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខភ្នំពេញ​ 1BD-8181 បេីកបរដោយឈ្មោះ​ ម៉ូវ​ ម៉េងអូន​ និង​ អ្នករួមដំណេីរ២នាក់​ ។

ពេលមកដល់ចំណុចកេីតហេតុ​ បានបុកជាមួយកង់មួយគ្រឿងបណ្តាលអោយលោកយាយរងគ្រោះ​ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ​ ។

ក្រោយកេីតហេតុ​ ឈ្មោះ​ ម៉ូវ​ ម៉េងអូន​ រងរបួសស្រាល​ បានទៅមន្ទីរពេទ្យដោយខ្លួនឯង​ រួចទៅរហូតលែងត្រឡប់មកវិញតែម្តង​ ។

ប៉ុន្តែ​ ចន្លោះពេលនេះ​ បែរជាខាងនគរបាលស្រុកខ្សាច់កណ្តាល​ យកឪពុកម្តាយបង្កេីតរបស់ជនបង្ក​ មកធ្វេីជាសាក្សីក្នុងសំណុំរឿងនេះទៅវិញ​ ដែលហាក់បង្ហាញពីភាពមិនប្រក្រតី​ ឈានដល់ការសម្រេចមួយ​ ដែលមិនអាចជឿទុកចិត្តបាន​ ។

ពាក់ព័ន្ធបញ្ហានេះ​ គ្រួសារជនបង្កបានព្យាយាមសម្របសម្រួលជាមួយគ្រួសារជនរងគ្រោះ​ រហូតដោយបានផ្តល់សំណងចំនួន៣៥០០ដុល្លារ​ នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ តែក្រុមគ្រួសារមិនព្រមទទួល​ រួចសំណុំរឿងត្រូវបានបញ្ជូនបន្តរហូតដល់ដំណាក់កាលតុលាការ​តែម្តង ។

ប្រភពព័ត៌មានច្បាស់ការណ៍​ បញ្ជាក់ថា​ សំណុំរឿងព្រហ្មទណ្ឌនេះ​ កំពុងស្ថិតក្រោមចំណាត់ការរបស់លោក​ ឯក​ ស៊ុនរស្មី​ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល​ ហេីយបានកោះហៅជនបង្ក២នាក់​ ចូលបំភ្លឺកាលពីថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ​២០១៩​ កន្លងទៅ​ ។

ប៉ុន្តែបានអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញ​ ដោយពុំទាន់សម្រេចយ៉ាងណានៅឡេីយទេ​ ។

លោក​ ឯក​ ស៊ុនរស្មី​ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល​ ថ្លែងប្រាប់​ ថា​ ក្រោយជនបង្កចូលបំភ្លឺរួច​ គឺ​ បានអោយត្រឡប់ទៅវិញ​ ដោយពុំទាន់សម្រេចយ៉ាងណានៅឡេីយទេ​ រង់ចាំការពិនិត្យបន្តទៀត​ ។

ក្រុមគ្រួសារនៃសព​ សង្ឃឹមថា​ តុលាការនឹងផ្តល់ភាពយុត្តិធម៌​ ខណៈជនបង្កបានកំពុងរស់នៅក្រៅសំណាញ់ច្បាប់​ ។

ទោះបីយ៉ាងណា​ សមត្ថកិច្ចសន្និដ្ឋាន​ ថា​ ករណីនេះ​ ជនរងគ្រោះជិះមានការធ្វេសប្រហែស​ មិនពិនិត្យគ្រប់ជ្រុងជ្រោយ​ មុននឹងជិះកាត់ឆ្លងកាត់ផ្លូវ​ ។ ចំណែកអ្នកបេីកបរម៉ូតូគឺខ្វះការប្រុងប្រយ័ត្ន​ ។

មាត្រា៨៥ច្បាប់​ ស្តីពីចរាចរណ៍ផ្លូវគោកចែងថា​ “ជនណាបេីកបរដោយធ្វេសប្រហែល​ ខ្ជីខ្ជា​ មិនប្រុងប្រយ័ត្ន​ និង​ មិនគោរពកាតព្វកិច្ច​ តម្រូវបណ្តាលអោយស្លាប់អ្នកដទៃ​ ត្រូវផ្តន្ទាទោសដាក់ព​ន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ​ និង​ ពិន័យជាប្រាក់ពី៤លានរៀលទៅ១៥លានរៀល​ ។

អ្នកច្បាប់​ អះអាងថា​ សកម្មភាពរបស់ជនបង្ក​ គឺ​ កេីតឡេីតពីការមិនប្រុងប្រយ័ត្ន​ ស្របតាមមាត្រា៨៥​ គប្បីតុលាការអនុវត្តច្បាប់ដោយតម្លាភាព​ ៕ ចេស្តា


ចែករំលែក៖