ភ្នំពេញ៖ អតីតយុទ្ធជនម្នាក់ លោក ទេស សារ៉ារិទ្ធ នៅថ្ងៃទី២៧ ខែកញ្ញា នេះ បានរៀបរាប់រឿងឈឺចាប់ និង រឿងពិតក្នុងជីវិត ក្រោយឃេីញសារព័ត៌មានចេញផ្សាយថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងទៅកាន់អតីតយុទ្ធជន ដែលបានចូលនិវត្តន៍ និងបាត់បង់សមត្ថភាពថា មិនត្រូវជឿការឃោសនាអកុសលរបស់ក្រុមក្បត់ជាតិ ដែលចោទប្រកាន់ថា រាជរដ្ឋាភិបាលបោះបង់ចោលអតីតយុទ្ធជននោះឡើយ។
លោក ទេស សារ៉ារិទ្ធ ថ្លែងប្រាប់ ដោយមានខ្លឹមសារទាំងស្រុងថា ៖
ខ្ញុំមានក្តីរំភេីបក្រៃលែងក្រោយពីបានទទួលដំណឹងនេះព្រោះខ្ញុំជាអតីតយុទ្ធជនម្នាក់ដែលបានចូលនិវត្តន៍រយ:ពេលជិត៨ឆ្នាំហេីយ”។
ប៉ុន្តែប្រហែលជាថ្នាក់ដឹកនាំកំពូលៗបានជ្រាបពីជីវភាពអតីតយុទ្ធជនតាមរយៈរបាយការណ៍របស់ថ្នាក់ក្រោមប៉ុណ្ណោះ។
ដូច្នេះខ្ញុំសូមជម្រាបតាមការពិតពីបញ្ហាមួយចំនួនដែលថ្នាក់ដឹកនាំមិនទាន់ដឹង។
ខ្ញុំបាទអនុសេនីយ៍ឯក ទេស សារ៉ារិទ្ធ អាយុ៦៤ឆ្នាំ មានអត្តលេខ ០៧៦០៩ ឋាន:នាយផ្នែកព័ត៌មានទូទៅនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចូលនិវត្តន៍ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១១ ។
ក្រោយពេលដែលបានចូលនិវត្តន៍ ខ្ញុំបានដាក់ពាក្យសុំដីតាមគោលនយោបាយសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាល តែរហូតមកដល់ពេលនេះមិនដែលបានទទួលដំណឹងអ្វីបន្តិចសោះពីក្រសួងពាក់ព័ន្ធហេីយសូម្បីតែសមាគមអតីតយុទ្ធជនកម្ពុជាក៏មិនដែលបានចុះមកសួរនាំអ្វីបន្តិចដែរ។
ទន្ទឹមនេះខ្ញុំសូមបញ្ជាក់បន្ថែមទៀតថា ក្នុងអំឡុងដែលខ្ញុំចូលនិវត្តន៍មានរយ:ពេលជិត៨ឆ្នាំនេះ មិនដែលឃេីញមានថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាណាមួយចុះមកសួរសុខទុក្ខពីជីវភាពឬសុខភាពម្ដងណាឡេីយ។
តាមការពិតទាំងអស់នេះបានបង្ហាញអោយឃេីញថា រាល់ការលេីកឡេីងរបស់ថ្នាក់នាំកំពូលៗផ្ទុយពីការពិតជាក់ស្តែងដែលខ្ញុំជាអតីតយុទ្ធជនម្នាក់ បានជួបប្រទះឃេីញរាល់ថ្ងៃ ពោលបានន័យថា ថ្នាក់ដឹកនាំបានត្រឹមតែនិយាយលួងលោមតែប៉ុណ្ណោះ តែមិនដែលបានអនុវត្តជាក់ស្តែងម្ដងណាឡេីយដែលធ្វេីអោយជីវិតអតីតយុទ្ធជនមានតម្លៃស្មេីនឹងសម្រាមដែលគេបោះចោលប៉ុណ្ណោះ។
មានរឿងជាច្រេីនទៀតដែលខ្ញុំត្រូវនិយាយតែខ្ញុំមិនចង់និយាយ ព្រោះនិយាយទៅអត់ប្រយោជន៍បានគ្រាន់តែគេលាបពណ៌ ចាត់ទុកជា ពួកក្បត់ឬពួកប្រឆាំងប៉ុណ្ណោះ។ សមត្ថភាពនិងស្នាដៃក្នុងពេលបម្រេីការងារជានគរបាលសន្តិសុខម្នាក់និងជាអ្នកសហការការងារជាមួយគណបក្សប្រជាជនកម្ពុជារាធានីភ្នំពេញនោះ ខ្ញុំមិនបាច់រៀបរាប់ទេ តែបេីឯកឧត្តមឬអស់លោកចង់ដឹង អាចសួរឯកឧត្តម សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឬលោកនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ឬឯកឧត្តម អុំ ញ៉ាញ់ អតីតអ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអតីតអនុប្រធានប្រចាំការគណបក្សប្រជាជនកម្ពុជារាជធានីភ្នពេញ។
ចាប់តាំងពីខ្ញុំបានចូលនិវត្តន៍រហូតមកដល់ពេលនេះ ខ្ញុំបានប្រកបមុខរបរជាអ្នកកាសែតរស្មីកម្ពុជា ដែលមានរហស្សនាមថា ស រិទ្ធ និងចុងក្រោយនេះ បានចូលរួមបង្កេីតសមាគមអ្នកសារពត៍មានកម្ពុជា-ចិន ក្នុងឋានៈជាសមាជិកស្ថាបនិកទទួលតំណែងជាសមាជិកគណៈកម្មការនាយក។
ទីបញ្ចប់ខ្ញុំសូមអោយឯកឧត្តមអស់លោកទាំងអស់ មេត្តាខន្តីអភ័យទោស បេីមានពាក្យពេចន៍លេីសលស់ខុសឆ្គងណាមួយ ហេីយមេត្តាកុំលាបពណ៌អោយសោះ ព្រោះនេះជាសម្តីផុសចេញពីបេះដូងពិតៗ មិនមែនជាការប្រឌិតដេីម្បីអែបអបឡេីយ ៕ ចេស្តា