ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន៖ សូមស្តាប់កូនប្រុសខ្ញុំនិយាយទាក់ទងជាមួយការមួលបង្កាច់របស់ជនក្បត់ជាតិ ទណ្ឌិត សម រង្សុី

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានកូនប្រុសច្បង បានបណ្ឌិតយោធានៅអាមេរិក ឯកូនប្រុសពីរនាក់ទៀត បើទោះជាមិនបានបណ្ឌិត ក៏ពួកគាត់បានបរិញ្ញាបត្រជាន់ខ្ពស់ទាំងនៅអាមេរិកនិងអូស្ត្រាលី បង្កើន និងពង្រឹងធនធានមនុស្សរបស់យើងឲ្យកាន់តែច្រើននៅកម្ពុជា ។ កូនប្រុសទាំងបីមានជំនាញ និងសមត្ថភាពម្យ៉ាងម្នាក់!
ក្នុងនោះសូម្បីចៅស្រីច្បងសម្តេចក៏នឹងរៀនយកបណ្ឌិតផ្នែកព័ត៌មាន ដើម្បីជួយកិច្ចការម្តាយរបស់គាត់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះលើ Facebook ផ្លូវការសម្តេចថា៖ សូមស្តាប់កូនប្រុសខ្ញុំនិយាយទាក់ទងជាមួយការមួលបង្កាច់របស់ជនក្បត់ជាតិ។
សម្តេចបន្តថា៖ ដល់វេនកូនចេញវាយបង្រ្កាបចោរក្បត់ជាតិនេះហើយ ព្រោះគេជាអ្នកចេញវាយកូនមុន។
សម្តេចបានលើកឡើងថា៖ តើលោក សម រង្ស៊ី ហ៊ានភ្នាល់គ្នាជាមួយខ្ញុំ ដើម្បីការពារសម្តីរបស់លោកទេ? ការភ្នាល់គ្នាជាសាធារណៈ ជារឿងមួយដែលខ្ញុំមិនសូវដែលចង់ធ្វើទេ ប៉ុន្តែពេលខ្លះគ្មានជម្រើសផ្សេងក្នុងការការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយគ្មានហេតុផលពីសំណាក់បុគ្គលមួយចំនួន។
សម្តេចដកស្រង់សំដី លោកបណ្ឌិត ហ៊ុន ម៉ាណែតមកបញ្ជាក់ទៀតថា៖ កន្លងនៅពេលជួបជជែកគ្នាជាមួយកូនរបស់លោក សម រង្ស៊ី ខ្ញុំធ្លាប់បានប្រាប់គាត់ថាឪពុករបស់ខ្ញុំ ក្នុងនាមជាអ្នកនយោបាយចាស់ទុំ លោកមិនដែលធ្វើការវាយប្រហារទៅលើគ្រួសាររបស់គូបដិបក្ខទេ ជាពិសេសគឺទៅលើកូនចៅដែលមិនពាក់ព័ន្ធនឹងនយោបាយ។ ហើយខ្ញុំក៏បានប្រាប់ទៅកូនរបស់គាត់អោយជួយប្រាប់ទៅឪពុករបស់គាត់ផងថា ក្នុងនាមជាអ្នកនយោបាយចាស់ទុំមិនគួរធ្វើការវាយប្រហារទៅលើក្រុមគ្រួសាររបស់គូបដិបក្ខរបស់ខ្លួនទេ។ គួរមានព្រំដែនសីលធម៌ គុណធម៌មួយ ក្នុងការធ្វើនយោបាយ។ ប៉ុន្តែជាច្រើនលើកច្រើនសារហើយដែលលោក សម រង្ស៊ី បើកការវាយប្រហារ មួលបង្កាច់មកលើក្រុមគ្រួស្រារបស់ខ្ញុំ ដោយរួមទាំងរូបខ្ញុំ និងប្អូនៗរបស់ខ្ញុំ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បន្តថា៖ ជាក់ស្តែងថ្ងៃនេះខ្ញុំក៏មានការភ្ញាក់ផ្អើលមួយនៅពេលដែលបានឃើញវីដេអូដែលលោក សម រង្ស៊ី និយាយជាសាធារណៈទៅកាន់អ្នកគាំទ្រគាត់នៅសហរដ្ឋអាមេរិក (កាលពីថ្ងៃទី ២៨ កញ្ញា ២០១៩) ដែលក្រៅពីលើកតម្កើងប្រព័ន្ធអប់រំស្រុកបារាំងនិងខ្លួនគាត់ដែលបានសិក្សានៅទីនោះ គាត់ក៏បានវាយប្រហារមើលងាយប្រព័ន្ធអប់រំនៅប្រទេសកម្ពុជា និងសម្តេចតេជោផងដែរ។
លោកបណ្ឌិតលើកឡើងថា៖ អ្វីដែលជាការចាប់អារម្មណ៍សម្រាប់ខ្ញុំ គឺគាត់ក៏បានចោទជាសាធារណៈថា សញ្ញាបត្រដែលខ្ញុំបានទទួលពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ជាសញ្ញាបត្រក្លែងក្លាយ ជាសញ្ញាបត្រការទូតសម្រាប់ផ្តល់អោយ និស្សិតយោធាបរទេសដើម្បីជាការលើកទឹកចិត្តតែប៉ុណ្ណោះហើយនិស្សិតបរទេសមិនបាច់ខំរៀនក៏បានចូលនិងបានជាប់ដោយងាយដែរ។
ចំពោះលោកសម រង្សី ដែលគាត់បានតាំងខ្លួនជាអ្នកចេះដឹងខ្ពស់និងមានសញ្ញាបត្រពីស្រុកបារាំងនោះ ខ្ញុំគិតថាការដែលគាត់ហ៊ានលើកយកមកនិយាយជាសាធារណៈថាសញ្ញាបត្រ West Point របស់ខ្ញុំជាសញ្ញាបត្រក្លែងក្លាយឬជាសញ្ញាបត្រការទូតនោះ គឺគាត់ប្រាកដជាបានធ្វើការស្រាវជ្រាវច្បាស់លាស់ហើយមានភស្តុតាងរឹងមាំដើម្បីការពារអំណះអំណាងរបស់គាត់ហើយ ហើយនឹងមិនខ្លាចនឹងការពារសម្តីរបស់គាត់នោះទេ។

ហេតុដូច្នេះ ក្នុងនាមជាក្មេងជំនាន់ក្រោយម្នាក់ដែលបានរងការវាយប្រហារជាសាធារណៈពីសំណាក់លោក សម រង្ស៊ី បែបនេះ ប៉ុន្តែត្រូវការការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្លួនខ្ញុំផ្ទាល់ (ក៏ដូចជារបស់និស្សិតបរទេសផ្សេងទៀតដែលបានបញ្ចប់ការសិក្សានៅសាលា West Point ដែលរួមមានអតីតប្រធានាធិបតីប្រទេសហ្វីលីពីន Fidel Ramos, អតីតប្រធានាធិបតីប្រទេសនីការ៉ាហ្គ័ Anastasia Debayle, អតីតប្រធានាធិបតីប្រទេសកូស្តារីកា Jose Maria Figures …។ល។ និងដើម្បីការពារតម្លៃរបស់សាលា West Point ដែលជាស្ថាប័នអប់រំជាន់ខ្ពស់មួយរបស់សហរដ្ឋអាមេរិក ដែលមានស្តង់ដារអប់រំតឹងរឹង ម៉ត់ចត់និងស្មើភាព គ្មានការយោគយល់ចំពោះនិស្សិតយោធាបរទេសឬអាមេរិកាំងនោះទេ) ខ្ញុំសូមអញ្ជើញលោក សម រង្សី ភ្នាល់គ្នាបន្តិច ដើម្បីីឲ្យខ្ញុំនិងលោក សម រង្ស៊ី មានឱកាសការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររៀងៗខ្លួន តាមរយៈការការពារនូវពាក្យសម្តីឬអំណះអំណាងដែលលោក សម រង្ស៊ី បានលើកមកនិយាយជាសាធារណៈនៅសហរដ្ឋអាមេរិក ÷

១. បើសិនជាសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point មានការផ្ដល់សញ្ញាបត្រពីរប្រភេទដូចលោកសមរង្ស៊ីបានលើកនោះ ជាពិសេសគឺសញ្ញាបត្រប្រភេទ២ ដែលជាសញ្ញាបត្រក្លែងក្លាយឬការទូតដែលសាលា West Point ផ្តល់អោយនិស្សិតយោធាបរទេសនោះ ហើយបើការបណ្ដុះបណ្ដាលនៅសាលា West Point ពតិជាមានការបែងចែកស្តង់ដារខុសគ្នារវាងនិស្សិតយោធាបរទេសនិងអាមេរិកមែននោះ÷ ខ្ញុំនឹងលាលែងតួនាទីទាំងអស់របស់ខ្ញុំក្នុងកងកម្លាំងប្រដាប់អាវុធហើយធ្វើជាប្រជាជនស៊ីវិលជារៀងរហូត។

២. ប៉ុន្តែបើលោកសមរង្ស៊ីមិនអាចបង្ហាញថាសាលា West Point មានសញ្ញាប័ត្រពីរប្រភេទដែលមានតម្លៃខុសគ្នា ដោយមួយប្រភេទមានតម្លៃពិតប្រាកដសម្រាប់ផ្ដល់ដល់និស្សិត យោធាអាមេរិកនិងមួយប្រភេទទៀតដែលជាសញ្ញាបត្រក្លែងក្លាយឬសញ្ញាបត្រការទូតសម្រាប់ផ្តល់ដល់និស្សិតនាយទាហានបរទេស ហើយការអប់រំបណ្ដុះបណ្ដាលនិស្សិតយោធាបរទេសនិងនិស្សិតយោធាអាមេរិកមានស្តង់ដារខុសគ្នានៅ West Point នោះ÷ ខ្ញុំសូមអោយលោកសមរង្ស៊ី លាឈប់ពីនយោបាយជារៀងរហូត។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា៖ ក្នុងនាមជាក្មេងជំនាន់ក្រោយម្នាក់ ខ្ញុំគិតថាលោកសមរង្ស៊ីដែលបានតាំងខ្លួនជាអ្នកនយោបាយជើងចាស់ និងជាអ្នកចេះដឹងខ្ពស់មានសញ្ញាបត្រពីប្រទេសបារាំង ប្រាកដមិនខ្លាចនឹងការភ្នាល់គ្នាទេដើម្បីការពារនូវអ្វីដែលគាត់ហ៊ាននិយាយជាសាធារណៈ ព្រោះលោក សម រង្ស៊ី ពិតជាចង់រក្សាតម្លៃរបស់គាត់ដើម្បីជាគំរូដល់អ្នកអ្នកគាំទ្រគាត់ ជាពិសេសយុវជនជំនាន់ក្រោយ។

ប៉ុន្តែបើសិនជាលោក សម រង្ស៊ីមិនហ៊ានភ្នាល់ឬមិនអាចបង្ហាញនូវភស្តុតាងដើម្បីការពារនូវអ្វីដែលគាត់បាននិយាយនោះទេ គាត់នឹងបង្ហាញថាគាត់ជាអ្នកនយោបាយម្នាក់ដែលចាស់តែអាយុចំណេះដឹងខ្ពស់តែនៅលើក្រដាស់សញ្ញាបត្រ និងគ្មានការទទួលខុសត្រូវ និងគ្មានភាពជាគំរូដល់យុវជនជំនាន់ក្រោយឡើយ។

ខ្ញុំហ៊ាននិយាយ ខ្ញុំហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវជាមួយនឹងសម្តីរបស់ខ្ញុំដែលបាននិយាយខាងលើ
តើលោក សម រង្ស៊ី ហ៊ានទេ? តើគាត់ហ៊ានការពារនូវអ្វីបានគាត់បាននិយាយជាសាធារណៈនោះទេ?

ផ្ញើរជូនលោក សមរង្ស៊ី ពីសំណាក់ក្មេងជំនាន់ក្រោយម្នាក់…ហើយក្មេងម្នាក់នេះ កំពុងរង់ចាំការឆ្លើយតបជាវិជ្ជមានពីសំណាក់អ្នកចាស់ទុំម្នាក់នោះ….៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖