ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ចាប់ខ្លួន ១នាក់ក្នុងចំណោមបក្ខពួក  ៦នាក់ ករណីលួច

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ប៉ុស្តិ៍រដ្ឋបាលកំពង់លួង សហការចុះអនុវត្តបណ្ដឹងរបួសប្រជាពលរដ្ឋចំនួន ៥នាក់ ពីបទៈ លួច ក្នុងនោះកម្លាំងឃាត់ចាប់ខ្លួន ១នាក់ក្នុងចំណោមបក្ខពួកចំនួន  ៦នាក់ ខណៈកំពុងរត់គេចខ្លួនបាត់ ។

ប្រតិបត្តិការខាងលើធ្វើឡើងនារសៀលថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិទី៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាលចុះប្រតិបត្តិការបង្ហើបថា ជនសង្ស័យ ១នាក់ក្នុងចំណោមបក្ខពួកចំនួន ៥នាក់ផ្សេងទៀត ដែលកំពុងរត់គេចខ្លួនបាត់ពីមូលដ្ឋានឈ្មោះ ឡេ យាំុងសុើង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្ន ស្នាក់នៅភូមិទី៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំណែកបក្ខពួកទាំងចំនួន ៥នាក់រត់គេចខ្លួនបាត់ សុទ្ធជាជនជាតិវៀតណាមទាំងអស់ ។

របាយការណ៍នគរបាលដដែលបន្តទៀតថា ការឃាត់ចាប់ខ្លួនជនសង្ស័យ ១នាក់ក្នុងចំណោមបក្ខពួកចំនួន ៦នាក់ខាងលើនេះ គឺជាការអនុវត្តបណ្ដឹងរបស់ប្រជាពលរដ្ឋចំនួន ៥នាក់ ទី១ ឈ្មោះ ចាប ឆៃលី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ ទី២ ឈ្មោះ ឆែម ប៊ុនអេង ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង ២នាក់ រស់នៅភូមិទី៣ ឃុំកំពង់លួង ស្រុកក្រគរ ទី៣ ឈ្មោះ លី ម៉េង ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្ន ស្នាក់នៅភូមិទី៥ ឃុំកំពង់លួង ស្រុកក្រគរ ទី៤ ឈ្មោះ ហេង សេងពៅ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ និងទី៥ ឈ្មោះ ស៊ុយ ទី ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន អ្នកទាំង ២នាក់រស់នៅភូមិទី១ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ម្ចាស់បណ្ដឹងទាំងចំនួន ៥នាក់បានប្ដឹងជនសង្ស័យ និងបក្ខពួកដែលកំពុងរត់គេចខ្លួន ខណៈពួកគាត់បាត់ម៉ាសុីនចំនួន ៦គ្រឿង សំបកស្មាច់ចំនួន ៥គ្រឿង សំបកសាឡង់ចំនួន ១គ្រឿង អាគុយចំណុះ ៧០អំពែរចំនួន ២គ្រឿងទៀត ។

ប្រភពពីរបាយការណ៍ដដែលបន្តទៀតថា ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តជនសង្ស័យបានឃាត់ខ្លួន កសាងសំណុំឯកសារបញ្ជូន និងបន្តតាមចាប់បក្ខពួកចំនួន ៥នាក់ ដែលកំពុងរត់គេចខ្លួនបាត់ពីមូលដ្ឋាន ៕ បុឹម ពិន


ចែករំលែក៖