ខេត្តកណ្ដាល៖ យុវជនសង្ស័យម្នាក់ ផឹកស្រវឹង ឃើញជនរងគ្រោះមកអង្គុយក្បែរនឹកឃើញជនរងគ្រោះធ្លាប់មើលងាយតិះដៀលឲ្យខ្លួនកាលពីមុន ក៏យកកែវស្រាដែលកំពុងផឹក វាយទៅលើជនរងគ្រោះ បណ្ដាលឲ្យទទួលរបួសយ៉ាងដំណំ កាលពីវេលាម៉ោង១៧និង២០នាទី ថ្ងៃតី២៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទូច សុផារី (ហៅមនោ) ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ។ ចំណែកជនរងគ្រោះឈ្មោះ ស្រស់ ស្រ៊ន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។
ប្រភពដដែលបន្ដថា នៅថ្ងៃខែឆ្នាំកើតហេតុ ជនសង្ស័យបានផឹកស្រាបៀជាមួយបងប្អូននៅផ្ទះរបស់ឈ្មោះ ញ៉េប ទុន លុះផឹកអស់ស្រាបៀរចំនួន៥កំប៉ុង រហូតស្រវឹង ស្រាប់តែជនរងគ្រោះ បានមកជិតជនសង្ស័យ ខណៈនោះជនសង្ស័យ ក៏នឹកឃើញដល់រងគ្រោះ ធ្លាប់និយាយដើមតិះដៀលដល់គ្រួសារខ្លួន បានកើតចិត្តគុំគួន ទប់កំហឹងពុំបាន ក៏ក្រោកឡើង យកកែវរបស់ស្រាដែលខ្លួនកំពុងផឹកស្រា ស្ទុះវាយទៅលើជនរងគ្រោះ ត្រូវចំថ្ងាស បណ្ដាលឲ្យ បែកហូរឈាមយ៉ាងខ្លាំង ខណៈនោះ អ្នកផឹកជាមួយគ្នា បានជួយឃាត់ រួចយកជនរងគ្រោះទៅព្យាបាលរបួស នៅមន្ទីរពេទ្យ ។
ដោយឡែកជនសង្ស័យត្រូវសមត្ថកិច្ចចាប់ខ្លួន យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ